សម្តេចប្រធានរដ្ឋសភាស្នើឱ្យមានអនុវត្តអនុសាសន៍៣ចំនុចដើម្បីដោះស្រាយការប្រឈមរបស់ ស្រ្តីនិងកុមារចំពោះការប្រែប្រួលអាកាសធាតុ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រ បានផ្តល់នូវអនុសាសន៍ចំនួនបីចំនុចដើម្បីកាត់បន្ថយការរងគ្រោះរបស់ស្រ្តីនិងកុមារពីការប្រែប្រួលអាកាសធាតុ នៅក្នុងកិច្ចប្រជុំកំពូលប្រធានរដ្ឋសភាស្ត្រី ពិភពលោកលើកទី១៥ នៅក្នុងប្រទេសស្វីស ដែលបានប្រារព្ធធ្វើឡើងក្រោមមូលបទ «បញ្ហាប្រឈមថ្មីៗដែលកំពុងជះឥទ្ធិពលដល់សន្តិភាព ដោយបរិយាបន្ន និងយូរអង្វែង ព្រមទាំងមាគ៌ាឆ្ពោះទៅមុខ» នៅរសៀលថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០២៥នេះ។

អនុសាសន៍ទំាងបីចំនុច របស់សម្តេចប្រធានរដ្ឋសភា ក្នុងសម័យប្រជុំដ៏សំខាន់នេះរួមមាន ទី១ គេត្រូវបញ្ចូលគោលនយោបាយឆ្លើយតបនឹងយេនឌ័រ ទី២ ត្រូវពង្រឹងភាពជាអ្នកដឹកនាំរបស់ស្រ្តីទៅក្នុងប្រព័ន្ធអភិបាលកិច្ចធនធានធម្មជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលកិច្ចការនេះអាចធ្វើទៅបានលុះត្រាតែ មានការគាំទ្រយ៉ាងពេញលេញពីគ្រប់ភាគីពាក់ព័ន្ធ និងទី៣ គេត្រូវជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ និងភាពជាដៃគូពីភាគីពាក់ព័ន្ធនានា ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។

កិច្ចប្រជុំកំពូលប្រធានសភាស្រ្តីលើកទី១៥ ដែលប្រារព្ធធ្វើឡើងនៅទីក្រុងហ្សឺណែវ មានប្រធានសភាជាស្រ្តីមកពី៣០ប្រទេសបានចូលរួម។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ការប្រែប្រួសអាកាសធាតុកំពុងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខពិភពលោក។ ការប្រែប្រួលអាកាសធាតុបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខមនុស្សជាតិ ជាពិសេសជីវភាពរស់នៅរបស់ប្រជាជន។ ការប្រែប្រួលអាកាសធាតុមានផលប៉ះពាល់ដល់ក្រុមមនុស្សផ្សេងៗគ្នា អាស្រ័យលើកម្រិតនៃភាពធន់ និងការសម្របខ្លួនរបស់ពួកគេ។ស្ត្រី និងក្មេងស្រីប្រឈមនឹងហានិភ័យ និងបន្ទុកធ្ងន់ ហើយមិនសមាមាត្រជាមួយបុរសឡើយ។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា ស្ត្រីប្រឈមនឹងហានិភ័យកាន់តែធ្ងន់ធ្ងរឡើងពីការប្រែប្រួលអាកាសធាតុ ដោយសារបញ្ហាអស្ថិរភាពហិរញ្ញវត្ថុ អសន្តិសុខនៃការបន្តពូជ ភាពងាយរងគ្រោះផ្នែកសុខភាព អំពើហិង្សាលើយេនឌ័រ ជាពិសេសក្នុងអំឡុងពេលមានវិបត្តិ ដែលបង្កឡើងដោយបញ្ហាអាកាសធាតុនេះ។

របាយការណ៍យេនឌ័រឆ្នាំ២០២៤ បានបង្ហាញថា ត្រឹមឆ្នាំ២០៥០ ការប្រែប្រួសអាកាសធាតុអាចរុញច្រានស្ត្រី និងក្មេងស្រី ប្រមាណជាង ១៥៨ លាននាក់បន្ថែមទៀតឱ្យធ្លាក់ចូលក្នុងភាពក្រីក្រ។ កម្ពុជាក៏មិនមែនជាករណីលើកលែងដែរ។ កម្ពុជាមានភាពងាយរងគ្រោះខ្លាំងបំផុតចំពោះការប្រែប្រួលអាកាសធាតុ ដោយស្ថិតនៅចំណាត់ថ្នាក់ទី ១៤៤ ក្នុងចំណោម ១៨៥ ប្រទេស ដែលស្ថិតក្នុងភាពងាយរងគ្រោះ និងមានចំណាត់ថ្នាក់ទី១៥៩ ជាប្រទេសដែលមានការត្រៀមខ្លួនស្រេចបាច់ ចំពោះការប្រែប្រួលអាកាសធាតុ។ នៅតំបន់ជនបទនៃប្រទេសកម្ពុជា កសិករជាស្ត្រីទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ដោយទឹកជំនន់ និងគ្រោះរាំងស្ងួត ហើយជាទូទៅពួកគាត់ខ្វះលទ្ធភាពទទួលបានឥណទាន ឬបណ្ណកម្មសិទ្ធិដីធ្លី ដែលចាំបាច់សម្រាប់ ការស្តារជីវភាពឡើងវិញ និងការសម្របខ្លួន។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា ស្ត្រីនៅកម្ពុជា និងនៅជុំវិញពិភពលោកកំពុងប្រឈមមុខដោយផ្ទាល់ នឹងវិបត្តិអាកាសធាតុនេះ។ ពួកគេកំពុងពង្រឹងសមត្ថភាពបន្ស៊ាំ និងសម្របខ្លួន។ ហេតុដូច្នេះហើយ ស្រ្តីនិងកុមារគួរផ្តល់ឱកាសឱ្យដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញគំនិតផ្តួចផ្តើមក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ សម្តេចបានបន្តថា ដើម្បីអនុញ្ញាតឱ្យស្រ្តីនិងកុមារចូលរួមបានយ៉ាងពេញលេញ ពួកគេត្រូវការលទ្ធភាពទទួលបានធនធាន ការអប់រំ ការថែទាំសុខភាព និងការផ្តល់សិទ្ធិអំណាចក្នុងការសម្រេចចិត្ត៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print