ភ្នំពេញ ៖ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅវិមានសន្តិភាព ទីស្ដីការគណៈរដ្ឋមន្ត្រី នៅព្រឹក ថ្ងៃអង្គារ ទី២៩ ខែកក្កដា ឆ្នាំ២០២៥ នេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងថាគិតចាប់ពីម៉ោង ២៤:០០នាទី យប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រហូតមកទល់ពេលនេះ ពុំមានការប៉ះទង្គិចប្រដាប់អាវុធណាមួយកើតឡើងទេរវាងភាគីថៃ-កម្ពុជា។
លោកស្រីអ្នកនាំពាក្យបានលើកឡើងថា «ជាលទ្ធផលវិជ្ជមាន នៅតាមយោធភូមិភាគទាំងអស់ពុំមានការផ្ទុះអាវុធដាក់គ្នាទេ។ នេះជាការប្ដេជ្ញាចិត្តយ៉ាងខ្ពស់ និងការអនុវត្តយ៉ាងម៉ឺងម៉ាត់ ម៉ត់ចត់ នៃកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំទាំងអស់»។
គួរបញ្ជាក់ថា បើតាមសេចក្ដីប្រកាសព័ត៌មានរួមស្ដីពីកិច្ចប្រជុំពិសេសស្វែងរកបទឈប់បាញ់ នៅទីក្រុងគូឡាឡាំពួ ដែលម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ កាលពីរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ភាគីថៃនិងកម្ពុជាបានឯកភាពគ្នាចំនួន៣ចំណុច គឺ៖
១. បទឈប់បាញ់ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ ដែលមានប្រសិទ្ធភាពចាប់ពីម៉ោង២៤ (ម៉ោងក្នុងតំបន់) នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។
២. រៀបចំកិច្ចប្រជុំក្រៅផ្លូវការនៃមេបញ្ជាការភូមិភាគ (យោធភូមិភាគទី១ និងទី២ ខាងថៃ និងយោធភូមិភាគទី៤ និងទី៥ ខាងកម្ពុជា) នៅវេលាម៉ោង ០៧:០០នាទី ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៥ ហើយជាបន្តមកទៀត ប្រសិនបើភាគីទាំងពីរឯកភាព នោះនឹងមានការជួបជាមួយក្រុមអនុព័ន្ធយោធានៃប្រទេសនានា ដឹកនាំដោយប្រធានអាស៊ាន។
៣. កោះប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅថ្ងៃទី ៤ ខែសីហា ឆ្នាំ២០២៥ ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ។
សេចក្ដីប្រកាសព័ត៌មាននេះបានគូសបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេស និងការពារជាតិនៃប្រទេសម៉ាឡេស៊ី កម្ពុជា និងថៃ ត្រូវបានណែនាំឲ្យបង្កើតយន្តការលម្អិតសម្រាប់ការអនុវត្ត ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីបទឈប់បាញ់។ យន្តការនេះនឹងដើរតួជាគ្រឹះ ដើម្បីសន្តិភាព និងការទទួលខុសត្រូវដោយចីរភាព៕
ដោយ ៖ សិលា