ភ្នំពេញៈ នៅវេលាម៉ោង៥ ទៀបភ្លឺ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ លោក ឯម ច័ន្ទមករា អគ្គលេខាធិការ ក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាងលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីយុទ្ធជន និងយុវនីតិសម្បទា និងអនុប្រធានគណៈកម្មាធិការជាតិបា៉រា៉ឡាំពិកកម្ពុជា បានអញ្ជើញជូនដំណើរ កីឡាករ វ៉ាន វ៉ុន ជាកីឡាករប្រភេទT54 ដើម្បីទៅចូលរួមការប្រកួត ខ្នាតពិភពលោកលើវិញ្ញាសារ ប្រណាំងរទេះ១០០ម៉ែត្រ នៅទីក្រុងរីអូ ប្រទេសប្រេស៊ីល ដែលមានរយៈពេល២០ថ្ងៃ។
លោក វ៉ាន វ៉ុន ជាកីឡាករជនពិការកម្ពុជាតែមួយរូបគត់ ដែលទទួលបានអនុញ្ញាតិពីគណៈកម្មាធិការ ជាតិប៉ារ៉ាអូឡាំពិកអន្តរជាតិឲ្យទៅចូលរួមប្រកួតខ្នាតពិភពលោកលើវិញ្ញាសារប្រឡាំងរទេះ១០០ម៉ែត្រ ដែលការទៅចូលរួមនេះជាឧបត្ថម្ភដ៏ថ្លៃថ្លាពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិប៉ារ៉ាអូឡាំពិតកម្ពុជា ។ គណៈប្រតិភូនេះ មានចំនួន៤រូប ដែលដឹកនាំដោយឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មា ធិការជាតិប៉ារ៉ាអូឡាំពិតកម្ពុជា។
លោក ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បាននាំនូវការផ្តាំផ្ញើ និង ការលើកទឹកចិត្តពីសំណាក់លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីយុទ្ធជន និង យុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ ហើយបានជូនពរដល់កីឡាករ និងគណៈប្រតិភូឲ្យទទួល បានសុវត្ថិភាព និងជោគជ័យក្នុងការប្រកួតកីឡាប៉ារ៉ាអូឡាំពិក លំដាប់ថ្នាក់អន្តរជាតិលើកនេះ។
អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានលើកទឹកចិត្តទៅកីឡាករ វ៉ាន វ៉ុន ត្រូវមានជំនឿទុកចិត្តលើសមត្ថភាពរបស់ខ្លួន ហើយត្រូវខិតខំប្រឹងប្រែងដណ្តើមយក ជ័យលាភី ឲ្យបាន ព្រោះថ្នាក់ដឹកនាំរបស់យើង សម្តេចតេជោ នាយករដ្ឋមន្ត្រី និងប្រជាពលរដ្ឋ គឺតែងតែ គាំទ្រ និងលើកទឹកចិត្តជាប់ជានិច្ច។
លោក ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានកោតសរសើរដល់ កីឡាករ វ៉ាន វ៉ុន ដែលពិតជាកីឡាករដែលមានសមត្ថភាព ហើយនេះគឺជាមោទនភាពមួយដ៏ អស្ចារ្យសម្រាប់ជនពិការកម្ពុជាដែលមានឱកាសនិងវាសនាបានទៅចូលរួមប្រកួតប្រជែងកីឡានៅលើឆាកអន្តរជាតិ មានភាពស្មើមុខស្មើមាត់ជាមួយបណ្តាលប្រទេសនានានៅលើពិភពលោក ហើយដែល កីឡាករជនពិការកម្ពុជារបស់យើងអាចចាប់យកឱកាសបាន។
លោក ឯម ច័ន្ទមករា បានចាត់ទុកថានេះជាកាលានុវត្តភាពថ្មីមួយទៀតក្នុងវិស័យកីឡា ក៏ដូចជា ក្នុងវិស័យពិការភាព ដោយលោកអគ្គលេខាធិការមានជំនឿដ៏មុតមាំថាកីឡាករ វ៉ាន វ៉ុន ប្រភេទT54 អាចដណ្តើមជ័យជំនេះពីការប្រកួតលំដាប់ថ្នាក់អន្តរជាតិ លើវិញ្ញាសាររទេះរុញចំងាយ១០០ម៉ែត្រ ដើម្បីនាំមកនូវមេដាយ និងកិត្តិយសម្រាប់ប្រទេសជាតិ សម្រាប់ជនពិការ និងសម្រាប់ប្រជាជន កម្ពុជាទាំងមូល។
ប្រធានគណៈប្រតិភូលោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានមានប្រសាសន៍ថា កីឡាករ វ៉ាន វ៉ុន គឺជាវីរៈបុរសរបស់គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា។ អ្វីដែលជាមោទនៈភាពចំពោះយើងនោះគឺទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងត្រូវបានបង្ហូតឡើងនៅ ក្នុងឆាកអន្តរជាតិ ក្នុងពិធីបើកការប្រកួតប៉ារា៉ឡាំពិក នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦ នាពេលខាង មុខនេះ ដោយលោកចាត់ទុកថានេះគឺជាការបង្ហូតនូវដួងព្រលឹងរបស់ប្រទេសជាតិយើងបន្ថែមទៀតនៅក្នុងឆាកអន្តរជាតិ។ លោក យី វាសនា ក៏បានបង្ហាញនូវឆន្ទៈយ៉ាងមុតមាំថា កីឡាករ វ៉ាន វ៉ុន នឹងទទួលបានជោគជ័យសម្រាប់ប្រទេសជាតិ។
កីឡាករជនពិការ វ៉ាន វ៉ុន បានសម្តែងនូវក្តីរំភើបរីករាយ និងបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមប្រកួតកីឡាប៉ារ៉ាឡាំពិកអន្តរជាតិ បើទោះបីជានេះជាលើកទី១ ដែលលោកមានឱកាសចូលរួមប្រកួតនៅលើឆាកអន្តរជាតិក៏ដោយ ប៉ុន្តែលោកប្តេជ្ញាចិត្តថាលោកនិងខិតខំប្រឹងប្រែងដើម្បីយកជ័យជំនះ ដើម្បីនាំមកនូវមេដាយដើម្បីជូនជាតិមាតុភូមិឲ្យខានតែបាន។
កីឡាករជនពិការ វ៉ាន វ៉ុន ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិប៉ារ៉ាអូឡាំពិតកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឧបត្ថម្ភដល់កីឡាករ និងគណៈប្រតិភូទាំងអស់ដើម្បីមានឱកាសទៅចូលរួមប្រកួតប្រជែងស្មើមុខស្មើមាត់ជាមួយកីឡាករដ៏ទៃនៅលើឆាកអន្តរជាតិ៕
ដោយ សុខ ខេមរា