ភ្នំពេញ ៖ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានមានប្រសាសន៍ថា បើមានការឯកភាពគ្នា កម្ពុជា-ថៃ នឹងបន្តរៀបចំកិច្ចប្រជុំជាមួយបណ្តាសេនានុព័ន្ធ និងអនុព័ន្ធយោធា ដឹកនាំដោយប្រធានអាស៊ានដែលជាប្រទេសម៉ាឡេស៊ី ដើម្បីតាមដាន និងត្រួតពិនិត្យ។
ក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី « បច្ចុប្បន្នភាពជុំវិញកិច្ចចរចារបទឈប់បាញ់ជាបន្ទាន់ និងឥតលក្ខខណ្ខរវាងកងទ័ពកម្ពុជា-ថៃ » ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានមានប្រសាសន៍ថា ដើម្បីធានាបានការឯកភាពគ្នានៃបទឈប់បាញ់គ្នា ជាជំហានបន្ទាប់ត្រូវតែ ធ្វើយ៉ាងណាធានានូវការអនុវត្តឱ្យពេញលេញ ម៉ឺងម៉ាត់ ហ្មត់ចត់ នូវអ្វីដែលបានឯកភាពនិងជជែកគ្នារបស់ថ្នាក់ដឹកនាំរវាងប្រទសកម្ពុជា ថៃ គឺត្រូវបង្កើតបន្តការតាមដាននិងត្រួតពិនិត្យមួយឡើង ប្រសិនបើភាគីទាំងពីរមានការឯកភាពនិងមានការជួបជាមួយនឹងក្រុមអនុព័ន្ធយោធាជាមួយប្រទេសនានា ដែលដឹកនាំដោយប្រធានអាស៊ានគឺប្រទេសម៉ាឡេស៊ី ដើម្បីឈានដល់ការនាំមកវិញនូវប្រក្រីភាពនិងទំនាក់ទំនងប្រទេសទាំងពីរ។
លោកស្រី បានបន្តថា ក្រុមអង្កេតការមួយដែលត្រូវបានបង្កើតឡើង ដើម្បីផ្ទៀងផ្ទាត់និងធានាដល់ការអនុវត្តបទឈប់បាញ់។ ប្រទេសម៉ាឡេស៊ីក៏នឹងពិគ្រោះយោបល់ផងដែរ ជាមួយបណ្តាប្រទេសសមាជិកអាស៊ានដទៃទៀត ដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែង សង្កេតការដែលឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្ត ក្នុងកម្រិតតំបន់លើការគាំទ្រសន្តិភាព នៅលើដីជាក់ស្តែងផងដែរ។ វត្តមាននិងកិច្ចសហការរបស់ភាគីទាំងអស់ គូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរួមគ្នាចំពោះសន្តិភាព ការសន្ទាននិងស្ថេរភាពតំបន់។
លោកជំទាវ បានបន្តទៀតថា ជាជំហានបន្ទាប់នូវក្នុងកិច្ចការងារទាំងអស់នេះ គឺមានការកោះប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក GBC នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។
ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស និងនៅក្រៅប្រទេស បានថ្លែងអំណរគុណដល់សម្តេចតេជោនិងសម្តេចធិបតី ដែលបានការពារអធិបតេយ្យភាពដែនដីកម្ពុជាយ៉ាងរឹងមាំបំផុត និងបន្តនាំយកនូវសុខសន្តិភាពសារជាថ្មី ជូនប្រជាពលរដ្ឋទូទាំងប្រទេស ។
សូមបញ្ជាក់ថា «បទឈប់បាញ់» រវាងកម្ពុជា-ថៃ ត្រូវបានឯកភាពគ្នាក្នុងកិច្ចប្រជុំបន្ទាន់នៅប្រទេសម៉ាឡេស៊ី កាលពីរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រវាងមេដឹកនាំកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោក Phumtham Wechayachai នាយករដ្ឋមន្រ្តីស្តីទីថៃ ក្រោមការសម្របសម្រួលរបស់ លោក អានវ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ហើយដោយមានការចូលរួមជាសាក្សី ពីតំណាងសហរដ្ឋអាមេរិកនិងចិន ផងដែរ៕
ប្រភព ៖ «CCFR China state-controlled media »