ខេត្តឧត្តរមានជ័យ ៖ លទ្ធផលកិច្ចប្រជុំរវាង មេបញ្ជាការភូមិភាគទី២ ថៃ និងមេបញ្ជាការភូមិភាគទី៤ កម្ពុជា នៅអូរស្មាច់ ថ្ងៃទី ២៩ កក្កដា ២០២៥ វេលាម៉ោង ១០:២០ -១០:៤៥នាទីព្រឹក ដូចបញ្ជាក់ខាងក្រោម ៖
មេបញ្ជាការភូមិភាគទី២ ថៃ បានលើកឡើង៣ចំណុច៖
១. ថ្ងៃនេះ ជួបគ្នាកម្រិតថ្នាក់យោធភូមិភាគ គឺជាកម្រិតដែលមិនមានសិទ្ធសម្រេចគ្រប់កិច្ចការហួសពីដែនសមត្ថកិច្ចនោះទេ
២. ក្រោយព្រឹត្តិការណ៍កើតឡើង មានការលើកឡើងជាច្រើនតាមបណ្តាញសង្គម ដែលធ្វើឱ្យមានការយល់ច្រឡំទាំងសងខាង
៣. សូមសម្ដែងការសោកស្ដាយចំពោះការបាត់បង់ជីវិត និងទ្រព្យសម្បត្តិនានា ដែលធ្វើឱ្យមានការលំបាកទាំងសងខាង។
មេបញ្ជាការភូមិភាគទី៤ កម្ពុជា បានលើកឡើង៤ចំណុច៖
១. ត្រូវអនុវត្តបទឈប់បាញ់នៅនឹងកន្លែងទៅតាមកិច្ចព្រមព្រៀងដែលនាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរបានសម្រេចនៅទីក្រុងកូឡាឡាំពួ
២. មិនត្រូវចល័តទ័ព និងគ្រឿងសព្វាវុធ
៣. ចំពោះបងប្អូនកងកម្លាំងដែលមានជម្ងឺ រឺរបួស ដែលត្រូវដឹកទៅព្យាបាល ភាគីថៃកុំមានការភាន់ច្រឡំ និងមិនត្រូវបាញ់មកលើកម្ពុជាទេ ត្រូវសួរបញ្ជាក់គ្នាជាមុន និងជូនដំណឹងគ្នាជាមុនសិន
៤. សូមកុំដើរចូលមកទីតាំងនៃដែនអធិបតេយ្យរបស់កម្ពុជា ហើយកម្ពុជាបានគោរពបទឈប់បាញ់យ៉ាងម៉ឺងម៉ាត់ហើយតាំងពីចូលជាធរមានរួចមក ហើយភាគីថៃបានយល់ព្រម៕
ដោយ ៖ សិលា