ក្រោយពេលដែលខ្មែរក្រហមឡើងកាន់អំណាច មន្ត្រីរាជការកងទ័ព គ្រូបង្រៀន និស្សិត បញ្ញវន្តន សាស្ត្រាចារ្យ និងព្រះសង្ឃត្រូវខ្មែរក្រហមព្យាយាមលប់បំបាត់ ហើយកម្មាភិបាលខ្មែរក្រហមបានចាប់អ្នកទាំងអស់នោះយកទៅសួរចម្លើយ និងសម្លាប់ចោលទាំងពូជ។ ប្រជាជនទូទាំងប្រទេសត្រូវអនុវត្ត និងដើរតាមមាគ៌ាដែលមានឈ្មោះថាអង្គការ។ ការងារអ្វីៗទាំងអស់ត្រូវស្ថិតក្រោមឱវាទរបស់អង្គការ។
ឪពុករបស់ខ្ញុំ គឺជាអតីតគ្រូបង្រៀននៅក្នុងសម័យសង្គមរាស្ត្រនិយម។ នៅក្នុងភូមិរបស់ខ្ញុំពីមួយថ្ងៃទៅមួយថ្ងៃ ខ្ញុំតែងតែមានឃើញប្រជាជនចំណូលថ្មីចូលមកមិនដាច់សោះ។ ឪពុករបស់ខ្ញុំប្រាប់ថា ពុកបានស្ដាប់វិទ្យុផ្សាយថាបីថ្ងៃទៀតគឺមានពួកកងទ័ពអាមេរិកមកទម្លាក់គ្រាប់បែកនៅទីក្រុងភ្នំពេញ។ ដូច្នេះ អង្គការសំណូមពរដល់ប្រជាជនទាំងអស់ដែលរស់នៅក្រុងភ្នំពេញ ឲ្យជម្លៀសចេញទៅជនបទទាំងអស់គ្នា ដើម្បីបញ្ជៀសគ្រោះថ្នាក់មកលើប្រជាជន។ ខ្ញុំឃើញសភាពការណ៍ពីមួយថ្ងៃទៅមួយថ្ងៃ ចេះតែផ្ដាស់ប្ដូរខុសពីមុនទាំងអស់ ទាំងការរស់នៅ ការហូបចុក និងការធ្វើការងារ អ្វីៗត្រូវអង្គការឲ្យធ្វើរួមទាំងអស់។ ខ្ញុំបានប្រាប់ឪពុកខ្ញុំថាម្សិលមិញកូនឮអ៊ំប្រធានភូមិថាឲ្យក្មេងៗ និងកុមារទៅរកជីលេខ ១ ហើយក្នុងកុមារម្នាក់ៗ ត្រូវរកឱ្យបានមួយស្បោង។ តើជីលេខមួយជាអ្វីទៅពុក? ឪពុករបស់ខ្ញុំងាកមកមើលមុខខ្ញុំហើយនិយាយដោយទឹកមុខបារម្ភថា ជីលេខ ១ គឺជាលាមមកមនុស្ស និងសត្វ។ កូនមិនត្រូវទៅណាផ្ដេសផ្ដាសដូចមុនទេ ចាប់ពីថ្ងៃនេះតទៅពុកនិងម៉ែរបស់ឯងមិនបាននៅជួបជុំកូន និងប្អូនទៀតទេ ព្រោះអង្គការតម្រូវឲ្យពុក និងម៉ែឯងទៅជីកប្រឡាយលើកទំនប់ស្ទូងស្រូវនៅឯព្រែកជីកឆ្ងាយឯណោះ។ លុះយប់ឡើងបានត្រឡប់មកផ្ទះវិញ។
សំឡេងជូនបានពន្លឺឡើងជាបន្តបន្ទាប់បីដងដើម្បីប្រមែប្រមូលប្រជាជនទាំងអស់ហើយទៅធ្វើការ។ កងទ័ពខ្មែរក្រហមបួនប្រាំនាក់មានកាន់កាំភ្លើងគ្រប់ដៃបានស្រែកគំរាមថា ឆាប់ទៅធ្វើការងារទៅ។ សមមិត្តទាំងអស់គ្នា គឺជាមនុស្សរបស់អង្គការ។ អង្គការឲ្យធ្វើអីគឺត្រូវតែធ្វើហ្នឹងជាដាច់ខាត។ កង់ប្រវត្តិសាស្ត្រដើរទៅមុខជានិច្ចនរណាហ៊ានលោកជើងដាច់ជើងហ៊ានលូកដៃដាច់ដៃ។ អ្វីៗទាំងអស់អង្គការជាអ្នកសម្រេចដូច្នេះហើយ យើងគ្រប់គ្នាត្រូវទុកចិត្តមកលើអង្គការតែមួយប៉ុណ្ណោះ។ អង្គការមិនធ្វើឲ្យបងប្អូននិងសមមិត្តទាំងអស់គ្នាអស់សង្ឃឹមនោះទេ។ បន្ទាប់ពីកងទ័ពនោះនិយាយចប់ សំលេងទះដៃនៅក្នុងអង្គប្រជុំបានលាន់ឮព្រមៗគ្នា។ ការប្រជុំនេះជាការប្រជុំលើកដំបូងដែលខ្ញុំបានចូលរួមនិងមានប្រជាជនប្រហែល ៦០ នាក់បានអង្គុយស្ដាប់យ៉ាងយកចិត្តទុកដាក់។
បន្ទាប់មកប្រធានអង្គប្រជុំបាននិយាយបន្តទៀតថា សូមជម្រាបដល់បណ្ដាសមមិត្តទាំងអស់គ្នាអង្គការ តម្រូវឲ្យសមមិត្តយើងទាំងអស់គ្នាសារភាព និងសម្ដែងភាពស្មោះត្រង់ចំពោះអង្គការថា តើពីមុនមកមិត្តណាធ្លាប់ធ្វើអ្វីខ្លះ? ត្រូវប្រាប់ឲ្យត្រង់មកដើម្បីងាយស្រួលអង្គការចាត់តាំងឲ្យទៅធ្វើការដូចដើមវិញ។ កុំឲ្យមានការភ័យខ្លាចអីណា។ ឮដូចនោះមានអ៊ំពូមីងមួយចំនួនបានលើកដៃ ឆ្លើយសារភាពយ៉ាងប្រញាប់ថា ខ្ញុំឈ្មោះញាញ់ អតីតជាគ្រូបង្រៀនភាសាបាលីជាន់ខ្ពស់។ ប្រជាជនខ្លះទៀតបានសារភាពថា ធ្លាប់ធ្វើជានគរបាលសម័យលន់នល់ និងអ្នកខ្លះទៀតធ្លាប់ធ្វើជាគ្រូបង្រៀនជាមេភូមិ មន្ត្រី និងនិស្សិតច្បាប់ពីបរទេសជាដើម។ ប្រជាជនទាំងនោះបានឆ្លើយតាមត្រង់មិនហ៊ានលាក់លៀមទេ ព្រោះសង្ឃឹមថានឹងបានទៅធ្វើការនៅកន្លែងដើមវិញ។
សំឡេងទះដៃយ៉ាងកងរំពងបានបន្លឺឡើង ។ ប្រធានអង្គប្រជុំនិយាយថា សូមអរគុណចំពោះសមមិត្តទាំងអស់គ្នាខ្លាំងណាស់ដែលបានសារភាពយ៉ាងក្បោះក្បាយពីជីវប្រវត្តិដ៏ត្រឹមត្រូវរបស់ខ្លួនបង្ហាញដល់អង្គការ។ យើងនឹងមិនភ្លេចគុណបងប្អូនទេ។ អង្គការនេឹងយកចិត្តទុកដាក់ដល់បងប្អូន មើលថែកូនចៅសមមិត្តទាំងអស់ឲ្យមានហូបចុកឆ្អែត មានអ្នកថែទាំត្រឹមត្រូវ ទំនុកបម្រុងឲ្យរៀនសូត្រ សូមបងប្អូនកុំមានការព្រួយបារម្ភអ្វីឡើយ ហើយត្រូវជឿជាក់លើអង្គការ។
ភ្លាមនោះមានសមមិត្តម្នាក់លើកដៃរាយការណ៍ថា ខ្ញុំឈ្មោះមុ៉ន អតីតជាកងទ័ពសម្ដេចឪ។សូមធ្វើការសម្តែភាពស្មោះត្រង់ចំពោះមុខអង្គការ។ សូមរាយការណ៍ពីមិត្តយ៉េង សមមិត្តនារីគាំ និងមិត្តដែន ព្រោះខ្ញុំបានឃើញមិត្តទាំងបីនាក់នេះបានទៅលួចដកដំឡូងយកមកស្ងោរហូបកាលពីយប់មិញក្បត់នឹងការណែនាំរបស់អង្គការ។
ល្អណាស់ប្រធានភូមិបាននិយាយសរសើរដល់មិត្ត មុ៉ន ដែលមានចិត្តក្លាហានហ៊ាននិយាយពាក្យពិត រួចប្រធានភូមិបាននិយាយបន្តទៀតថា តើមានមិត្តណាដឹងរឿងអ្វីទៀតទេ សូមលើកឡើងនិយាយនៅទីនេះឲ្យអស់មក។
ចាស៎!មិត្តនាងខ្ញុំឈ្មោះទ្រី សូមធ្វើការរាយការណ៍ចំពោះសមមិត្តហុន និងសមមិត្តនារីដេត ដែលជាកងទ័ពបានលួចស្នេហាគ្នានៅនឹងចង្កេះដំបូកក្រោយភូមិ កាលពីយប់ម្សិលមិញ។ នេះជាអំពើមិនគួរគប្បីទាល់តែសោះ ព្រោះខុសនឹងសីលធម៌ធ្ងន់ធ្ងរសូមអង្គការជ្រាប។ (នៅមានត)
