នាយករដ្ឋមន្ត្រីស្តីទីថៃ លោក Phumtham Wechayachai កាលពី ទី ៣០ ខែកក្កដា បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យលទ្ធផលនៃយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មគ្រឿងញៀនក្នុងរយៈពេល ១០ ខែកន្លងមក។
ក្នុងកិច្ចប្រជុំនេះ នគរបាលភូមិន្ទថៃបានប្រកាសតួលេខបឋមចាប់ពីថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៤ ដល់ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៥ ដោយបង្ហាញថា អាជ្ញាធរថៃបានស៊ើបអង្កេតជាង ២១ ម៉ឺនករណី ឃាត់ខ្លួនជនសង្ស័យជាង ២០០ ០០០ នាក់ និងរឹបអូសបានថ្នាំញៀនមួយចំនួនធំ រួមមានៈ ថ្នាំញៀនជាង ២៨ ម៉ឺនគ្រាប់ មេតំហ្វេតាមីនជាង ៥០ លានគ្រាប់។ មេតំហ្វេតាមីន គ្រីស្តាល់ រាប់តោន និងហេរ៉ូអ៊ីន ប្រហែល ១,២តោន។
ទន្ទឹមនឹងនោះ អាជ្ញាធរថៃក៏បានរឹបអូសទ្រព្យសម្បត្តិដែលមានតម្លៃប្រហែល ១២,៥ ពាន់លានបាត (ស្មើនឹងប្រមាណ ៣៨៥ លានដុល្លារអាមេរិក) ពីក្រុមជួញដូរគ្រឿងញៀនផងដែរ។ គួរកត់សំគាល់ថា ក្នុងរយៈពេល៣ខែកន្លងទៅនេះ នគរបាលភូមិន្ទថៃបានអនុវត្តយុទ្ធនាការចំនួន៨ កំណត់មុខសញ្ញាគ្រឿងញៀនទ្រង់ទ្រាយធំ ដោយឃាត់ខ្លួនមុខសញ្ញាបានជាង៦ម៉ឺននាក់ និងរឹបអូសកាំភ្លើងជិត២.៩០០ដើម។
ថ្លែងក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រីស្តីទីថៃ លោក Phumtham Wechayachai បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការបង្រ្កាបបទល្មើសគ្រឿងញៀននាពេលថ្មីៗនេះ របស់កម្លាំងនគរបាលថៃ។ លោក បានផ្តាំផ្ញើឲ្យបន្តជំរុញការងារទប់ស្កាត់គ្រឿងញៀន ដើម្បីធានាសុវត្ថិភាពប្រជាពលរដ្ឋ។
នាយករដ្ឋមន្ត្រីស្តីទីនៃប្រទេសថៃក៏បានព្រមានផងដែរថា អធិការកិច្ចផ្ទៃក្នុងនឹងត្រូវបានពង្រឹង ហើយប្រសិនបើមន្ត្រីប៉ូលីសត្រូវបានរកឃើញថាមានជាប់ពាក់ព័ន្ធក្នុងសកម្មភាពជួញដូរគ្រឿងញៀន ពួកគេនឹងត្រូវបណ្តេញចេញពីការងារ និងផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរ៕ ដោយធីរីណា
រូបថត: the nation