ប្រទេសថៃ ៖ មេភូមិភាគទី២ថៃ បានប្រាប់ថា ពួកគេនឹងបញ្ជូនទាហានខ្មែរត្រឡប់មកវិញ នៅពេលនីតិវីធីតាមផ្លូវច្បាប់ចប់សព្វគ្រប់ ។ យោងតាមកាសែតថៃ Khaosod English បានចុះផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ ។
នៅក្នុងការផ្សាយបានបញ្ជាក់តាមរយៈការបានដកស្រង់សំដី អ្នកនាំពាក្យកងទ័ពថៃ លោក Winthai Suvaree ដែលបានឆ្លើយតបទៅនឹងការទទូចរបស់កម្ពុជា ឱ្យថៃបញ្ជូនទាហានខ្មែរ ដែលថៃបានចាប់យកត្រឡប់មកវិញ ដោយលោកបាននិយាយថា មេភូមិភាគទី២របស់ថៃ គឺលោក Boonsin Padklang បានបញ្ជាក់ជាមួយអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីរួចរាល់ហើយ កាលពីថ្ងៃទី២៩ ខែកក្កដា ថាថៃនឹងគោរពតាមច្បាប់អន្តរជាតិ ហើយនិងដោះលែងទាហានកម្ពុជាវិញ នៅពេលដែលនីតិវិធីច្បាប់ចប់សព្វគ្រប់។
ប៉ុន្តែទោះជាយ៉ាងណា នៅក្នុងការផ្សាយដដែលរបស់កាសែតថៃ Khaosod English នោះ បានបញ្ជាក់ពីចំនួនទាហានកម្ពុជា ថាមានតែ ១៨នាក់ ប៉ុណ្ណោះ ។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានធ្វើការអំពាវនាវដល់ភាគីថៃបញ្ជូនយុទ្ធជនខ្មែរចំនួន២០នាក់ ដែលទាហានថៃ បានចាប់ទៅ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នោះ មកកម្ពុជាវិញឲ្យបានឆាប់ៗ ស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ។
ក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ លោកស្រី ម៉ាលី សុជាតា បានបញ្ជាក់ថា វីរកងទ័ពកម្ពុជាចំនួន២១នាក់ ដែលថៃបានចាប់ទៅនោះម្នាក់បានពលី ហើយថៃបានបញ្ជូនសាកសពមកឲ្យកម្ពុជាវិញហើយដែរ ខណៈ២០នាក់ទៀតស្ថិតនៅក្នុងការគ្រប់គ្រងរបស់ថៃនៅឡើយ ប៉ុន្តែកម្ពុជាបានកំពុងយកចិត្តទុកដាក់ និងធ្វើចរចាដើម្បីឲ្យភាគីថៃ បញ្ជូនពួកគាត់មកវិញឲ្យបានឆាប់ៗ នាពេលខាងមុខនេះ ៕
ដោយ ៖ សិលា