អន្តរជាតិ ៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ត្រូវបានមនុស្សជាច្រើនចាត់ទុកជា«ប្រធានាធិបតីនៃសន្តិភាព» ដោយមើលទៅលើកិច្ចខិតខំដោះស្រាយបញ្ហាតាមកិច្ចចរចារបស់លោក លើករណីជម្លោះប្រដាប់អាវុធជាច្រើន។ ចាប់តាំងពីចូលកាន់តំណែងក្នុងអាណត្តិទី២ លោក ត្រាំ បានខិតខំស្វែងរកបទឈប់បាញ់៦សំខាន់ ដោយក្នុងនោះក៏មានបទឈប់បាញ់រវាងកម្ពុជានិងថៃផងដែរ។
ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ត្រូវបានមនុស្សជាច្រើនចាត់ទុកជាប្រធានាធិបតីនៃសន្តិភាព ដោយយោងតាមកិច្ចខិតខំប្រឹងប្រែងចូលខ្លួនដោះស្រាយជម្លោះជាបន្តបន្ទាប់របស់លោកក្នុងអាណត្តិទី២នេះ។
គិតចាប់តាំងពីឈានជើងចូលសេតវិមានសារជាថ្មីកាលពីថ្ងៃទី២០ ខែមករាមកទល់បច្ចុប្បន្ន ប្រធានអាម៉េរិករូបនេះបានចូលរួមដោះស្រាយជម្លោះ និងសង្គ្រាមសំខាន់ៗចំនួន៦ដូចជាសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែន ជម្លោះឥណ្ឌានិងប៉ាគីស្ថាន ជម្លោះអុីស្រាអែលនិងអ៊ីរ៉ង់ សង្គ្រាមអុីស្រាអែលនិងក្រុមហាម៉ាស ជម្លោះអុីស្រាអែលនិងស៊ីរី និងជាពិសេសជម្លោះកម្ពុជានិងថៃ។
កាលពីថ្ងៃទី៧ ខែកក្កដាកន្លងទៅ លោក ត្រាំ ត្រូវបានលោកនាយករដ្ឋមន្ត្រីអុីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ បានចេញលិខិតតែងតាំងជាបេក្ខភាពនៃពានរង្វាន់ណូបែលសន្តិភាព [Nobel Peace Prize] លើកិច្ចខិតខំប្រឹងប្រែងស្វែងកាបញ្ចប់ជម្លោះនៅតំបន់មជ្ឈិមបូព៌ារវាងអុីស្រាអែលនិងអ៊ីរ៉ង់។
ទោះការចូលរួម និងការជំរុញឱ្យមានយន្តការដោះស្រាយមិនទទួលបានជោគជ័យគ្រប់ករណីជម្លោះ ប៉ុន្តែគោលជំហរក្នុងការចូលខ្លួនអន្តរាគមន៍របស់លោក ដូណាល់ ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ពីផ្នត់គំនិតស្អប់ជម្លោះប្រដាប់អាវុធ ការកាប់សម្លាប់ និងសង្គ្រាមដែលមានក្នុងចិត្តប្រធានាធិបតីរូបនេះ។
ខាងក្រោមនេះជាជម្លោះនិងសង្គ្រាមសំខាន់ទាំង៦ដែលលោកប្រធានាធិបតីអាម៉េរិក បានចូលដៃចូលដោះស្រាយដើម្បីឈានចូលដំណាក់កាលនៃបទឈប់បាញ់៖
១. ជម្លោះរវាងឥណ្ឌា និងប៉ាគីស្ថាន
ការប៉ះទង្គិចរវាងឥណ្ឌានិងប៉ាគីស្ថានលើតំបន់ Kashmir បានកើតឡើងរាប់ទស្សវត្សរ៍មកហើយ ដោយជម្លោះចុងក្រោយ បានផ្ទុះឡើងនៅចុងខែមេសាដល់ដើមខែឧសភា ឆ្នាំ២០២៥។ ការវាយប្រហារគ្នាតាមផ្លូវអាកាសរវាងប្រទេសទាំងពីរបានផ្ទុះឡើងនៅថ្ងៃទី៦ ខែឧសភា បន្ទាប់ពីឥណ្ឌាចោទក្រុមប្រដាប់អាវុធប៉ាគីស្ថានថាបានសម្លាប់ទេសចរខ្លួននៅតំបន់ Kashmir កាលពីថ្ងៃទី២២ ខែមេសា ដែលបង្កជាភាពតានតឹង។
ទន្ទឹមនឹងជម្លោះនេះ លោក ត្រាំ បានប្រកាសថាអាម៉េរិក ចូលរួមក្នុងកិច្ចចរចាបទឈប់បាញ់។ នៅថ្ងៃទី១០ ខែឧសភា លោកប្រធានាធិបតីរូបនេះ បានអះអាងថាក្រោយអាម៉េរិកបានសម្របសម្រួលអស់ជាច្រើនម៉ោងជាមួយឥណ្ឌានិងប៉ាគីស្ថាន ភាគីជម្លោះទាំងពីរបានយល់ព្រមលើបទឈប់បាញ់។
២. សង្គ្រាមអ៊ុយក្រែន និងរុស្ស៊ី
សង្គ្រាមរវាងអ៊ុយក្រែននិងរុស្ស៊ីដែលផ្ទុះឡើងតាំងពីខែកុម្ភ: ឆ្នាំ២០២២មកទល់បច្ចុប្បន្ន គឺជាវិញ្ញាសាដ៏ធំបំផុតសម្រាប់លោក ត្រាំ ដើម្បីចូលរួមដោះស្រាយ។ ជាក់ស្ដែង មេដឹកនាំអាម៉េរិករូបនេះ បានប្រកាសថានឹងចូលខ្លួនដោះស្រាយសង្គ្រាមតាំងពីមិនទាន់ក្លាយជាប្រធានាធិបតីអាម៉េរិកអាណត្តិទី២មកម្លេះ។
ក្រោយឡើងកាន់តំណែង លោក ត្រាំ បានខិតខំទាក់ទងជាមួយមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងមេដឹកនាំអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេស្គី ជាច្រើនលើកច្រើនសារដើម្បីស្វែងរកបទឈប់បាញ់។ ជាឧទាហរណ៍ លោក ត្រាំ នៅថ្ងៃទី២០ ខែឧសភា បានប្រកាសពីការចូលរួមចរចារវាងភាគីជម្លោះទាំងពីរ បន្ទាប់ពីសន្ទនាតាមទូរសព្ទជាមួយលោក ពូទីន អស់២ម៉ោង។
ផ្លូវទៅកាន់បទឈប់បាញ់ពិតជាពិបាក ដ្បិតផលប្រយោជន៍របស់រុស្ស៊ីប៉ះទង្គិចគ្នានឹងផលប្រយោជន៍អ៊ុយក្រែន ដែលបង្កឱ្យការឯកភាពលើកិច្ចព្រមព្រៀងនានាមិនទាន់សម្រេច។ កាលពីថ្ងៃទី១៤ ខែកក្កដា លោក ត្រាំ បានព្រមានដាក់ពន្ធគយលើរុស្ស៊ីបន្ថែមដោយកំណត់ពេល៥០ថ្ងៃឱ្យរុស្ស៊ីឈប់បាញ់។
ក្រោយមក លោកបានបន្ថយពេលថ្ងៃកំណត់ឈប់បាញ់រុស្ស៊ីមកត្រឹមតែ១០ថ្ងៃទៅ១២ថ្ងៃ នៅថ្ងៃទី២៨ ខែកក្កដា។ នេះសរបញ្ជាក់ថា កិច្ចខិតខំរបស់លោក ត្រាំ នៅតែបន្ត បើទោះជាផ្លូវទៅកាន់សន្តិភាពក្នុងសង្គ្រាមមួយនេះនៅវែងឆ្ងាយទៀតក្ដី។
៣. ជម្លោះរវាងអុីស្រាអែល និងអ៊ីរ៉ង់
ជម្លោះរវាងអុីស្រាអែលនិងអ៊ីរ៉ង់បានផ្ទុះឡើងនៅថ្ងៃទី១៣ ខែមិថុនា បន្ទាប់ពីអុីស្រាអែលបានបើកប្រតិបត្តិការយោធាខ្លួនវាយប្រហារលើអ៊ីរ៉ង់ក្នុងគោលដៅកម្ទេចទីតាំងនុយក្លេអ៊ែរនិងយោធាអ៊ីរ៉ង់។ អាម៉េរិកក្រោមការបើកភ្លើងបៃតងពីលោក ត្រាំ ក៏បានវាយប្រហារទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ផងដែរកាលពីថ្ងៃទី២២ ខែមិថុនា។
ជម្លោះរយ:ពេល១២ថ្ងៃនេះបានបញ្ចប់ បន្ទាប់ពីភាគីអ៊ីរ៉ង់និងអុីស្រាអែល បានយក់ព្រមលើបទឈប់បាញ់ដែលមានការសម្របសម្រួល និងគាំទ្រពីភាគីអាម៉េរិកនិងកាតា កាលពីថ្ងៃទី២៣ ខែមិថុនា។ ប្រទេសជម្លោះទាំងពីរ ឈប់វាយប្រហារលើគ្នារហូត គិតមកទល់ចុងខែកក្កដា។
៤. សង្គ្រាមអុីស្រាអែល និងក្រុមហាម៉ាស
បន្ទាប់ពីមានព្រឹត្តិការណ៍វាយប្រហារពីសំណាក់ក្រុមហាម៉ាសចូលដីខ្លួនកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ អុីស្រាអែលបានបើកប្រតិបត្តិការយោធាខ្លួនចូលតំបន់កាហ្សាដែលបានវិវត្តក្លាយជាសង្គ្រាមនិងអំពើប្រល័យពូជសាសន៍លើពលរដ្ឋប៉ាឡេស្ទីនមកទល់បច្ចុប្បន្ន។
បញ្ហាចំណាប់ខ្មាំង ជារឿងចម្បងមួយនៃសង្គ្រាមនេះ ដោយក្រុមហាម៉ាសបានចាប់ពលរដ្ឋពីអុីស្រាអែលសរុប២៥០នាក់ធ្វើចំណាប់ខ្មាំង។ ក្រោយឡើងកាន់តំណែង លោក ត្រាំ បានចូលដៃក្នុងសង្គ្រាមដោយគំរាមក្រុមហាម៉ាសដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ទៅអុីស្រាអែលវិញ កាលពីខែកុម្ភ: ឆ្នាំ២០២៥។
បន្ទាប់មកទៀត លោក ត្រាំ នៅថ្ងៃទី១ ខែកក្កដា បានជំរុញឱ្យក្រុមហាម៉ាសទទួលយកបទឈប់បាញ់រយ:ពេល៦០ថ្ងៃជាមួយអុីស្រាអែល ដើម្បីឱ្យមានជាការចរចាដែលសម្របសម្រួលពីសំណាក់កាតា និងអេហ្ស៊ីប។ ចំណែកភាគីអុីស្រាអែល ក៏គោរពបទឈប់បាញ់នេះតាមសំណើលោក ត្រាំ ផងដែរ។ ទោះមានការចូលរួមពីលោក ត្រាំ ស្ថានភាពនៅតំបន់កាហ្សានៅមិនទាន់មានការធូរស្បើយនៅឡើយទេទាំងផ្នែកយោធា និងមនុស្សធម៌។
៥. ជម្លោះអុីស្រាអែល និងស៊ីរី
ជម្លោះរវាងអុីស្រាអែលនិងស៊ីរីកាលពីពាក់កណ្ដាលខែកក្កដា ឆ្នាំ២០២៥ ជាជម្លោះដ៏ខ្លីមួយដែលចូលរួមដោយក្រុមប្រដាប់អាវុធ និងកងយោធាស៊ីរី។ ស្របពេលនោះ យោធាអ៊ីស្រាអែលបានចូលដៃតាមរយ:ការប្រើយោធាអាកាសវាយប្រហារក្នុងទឹកដីស៊ីរី នៅថ្ងៃទី១៦ ខែកក្កដា។
អាម៉េរិកបានលូកដៃចូលដោះស្រាយបញ្ហានេះ ដោយបេសកជនពិសេសរបស់អាម៉េរិកប្រចាំស៊ីរី លោក Tom Barrack នៅថ្ងៃទី១៩ ខែកក្កដា បានប្រកាសពីកិច្ចព្រមព្រៀងលើបទឈប់បាញ់ដោយជោគជ័យរវាងរដ្ឋាភិបាលអ៊ីស្រាអែលនិងរដ្ឋាភិបាលស្ដីទីរបស់ស៊ីរី ក្រោមការជ្រោមជ្រែងពីរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក Marco Rubio។
៦. ជម្លោះរវាងកម្ពុជា និងថៃ
ជម្លោះព្រំដែនរវាងកម្ពុជាថៃ ជាចំណោទចុងក្រោយបំផុតរបស់លោក ត្រាំ គិតត្រឹមចុងខែកក្កដានេះ។ ជម្លោះប្រដាប់អាវុធរវាងប្រទេសអាស៊ីអាគ្នេយ៍ដីគោកទាំងពីរ បានផ្ទុះឡើងនៅថ្ងៃទី២៤ ខែកក្កដា ដោយភាគីថៃជាអ្នកបង្ក និងឈ្លានពានកម្ពុជា តាមរយ:ការផ្ទុះអាវុធលើភាគីកម្ពុជាមុន។
ក្រោយជម្លោះបន្តអស់២ថ្ងៃ លោក ដូណាល់ ត្រាំ នៅថ្ងៃទី២៦ ខែកក្កដា បានជជែកតាមទូរសព្ទជាមួយមេដឹកនាំនៃប្រទេសភាគីជម្លោះទាំងពីរ គឺនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីស្ដីទីថៃ លោក Phumtham Wechayachai។ ក្នុងនោះ លោក ត្រាំ បានជំរុញមេដឹកនាំទាំងពីរឱ្យព្រមព្រៀងលើបទឈប់បាញ់ ដោយព្រមានមិនចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសទាំងពីរបើសិនមិនបញ្ឈប់ជម្លោះ។
សំណូមពរលោក ត្រាំ មិនទាន់មានប្រសិទ្ធភាពនោះទេ ដោយភាគីថៃបានបដិសេធទទួលភាគីទី៣ក្នុងកិច្ចចរចាឈប់បាញ់ និងបន្តវាយប្រហារលើទាហាននិងដែនអធិបតេយ្យកម្ពុជាក្នុងថ្ងៃទី២៧ ខែកក្កដា។
ក្នុងថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក Marco Rubio បានបន្តកិច្ចសន្ទនាតាមទូរសព្ទជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន និងរដ្ឋមន្ត្រីការបរទេសថៃ លោក Maris Sangiampongsa ដោយបង្ហាញពីជំហរចូលរួមចរចាដើម្បីបង្កើតបទឈប់បាញ់។
ការជំរុញរបស់អាម៉េរិក បាននាំឱ្យមេដឹកនាំនៃភាគីជម្លោះទាំងពីរ បានចូលតុចរចានៅម៉ាឡេស៊ី នៅថ្ងៃទី២៨ ខែកក្កដា។ ដោយមាននាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម និងឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំម៉ាឡេស៊ី អមជាមួយភាគីចិនចូលរួមក្នុងកិច្ចចារចា កម្ពុជានិងថៃបានឯកភាពដោយជោគជ័យលើបទឈប់បាញ់ដែលចាប់ផ្ដើមនៅម៉ោង១២យប់ថ្ងៃទី២៨ឆ្លងចូលទី២៩ ខែកក្កដា៕
ប្រភព ៖ Thmey Thmey