សមត្ថកិច្ចនៅស្រុកកោះធំឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈលើនារីរងគ្រោះអនីតិជន

ចែករំលែក៖

ខេត្តកណ្តាល÷បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី៣០ កក្កដា ២០២៥ បន្ទាប់ពីធ្វើសកម្មភាពរំលោភសេពសន្ថវៈលើ នារីរងគ្រោះអនីតិជន ដែលជាអ្នកស្គាល់គ្នា។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៨ កក្កដា ២០២៥ នៅចំណុចផ្ទះទុកចោលមួយកន្លែង ស្ថិតក្នុងភូមិព្រែកបិ ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្តាល។

យោងតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា នារីរងគ្រោះអនីតិជន (១៥ឆ្នាំ) មានទីលំនៅភូមិព្រែកបិ ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្តាល។ ចំណែកជន សង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ស៊ីត ណានជេម ភេទ ប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិពោធិ៍អណ្តែត សង្កាត់ព្រែកស្តី ក្រុងសំពៅពូន ខេត្តកណ្តាល។ ក្រោយការពិនិត្យ ទឹកនោមរបស់ជនសង្ស័យគឺអវិជ្ជមានសារធាតុញៀន។

ប្រភពសមត្ថកិច្ចបានឲ្យដឹងទៀតថា នៅចុងខែមេសា ឆ្នាំ ២០២៥ ជនសង្ស័យបានមកស្នាក់នៅផ្ទះម្តាយមីងរបស់ ខ្លួនឈ្មោះ អ៊ួន យ៉ុម ក្នុងភូមិព្រែកបិ ឃុំកោះធំ(ខ) ។ ក្រោយមក ម្តាយរបស់នារីរងគ្រោះឈ្មោះ ស្រេង ដាណេ និង នារីរងគ្រោះ តែងតែនាំគ្នាមកអង្គុយនិយាយលេងនៅផ្ទះឈ្មោះ អ៊ួន យ៉ុម ហើយ ជនសង្ស័យនិងនារីរង គ្រោះ ក៏បានស្គាល់គ្នាតាំងពីពេលនោះមក។

ក្រោយមកជនសង្ស័យ ក៏បានមានទំនាក់ទំនងស្នេហាជាមួយ នារីរងគ្រោះ តែនារីរងគ្រោះមិនព្រមស្រលាញ់នោះទេ។ ទោះជាយ៉ាងនេះក្តីនារីរងគ្រោះនិងម្តាយ តែង តែនាំគ្នាមកអង្គុយលេងនៅផ្ទះម្តាយមីងរបស់ជន សង្ស័យ ជារៀងរាល់ថ្ងៃ។ ជនសង្ស័យ តែងតែអង្គុយផឹកស្រាបៀរតែម្នាក់ឯងនៅខាងក្រោមផ្ទះដែលគេទុកចោល ហើយនៅជាប់នឹងផ្ទះម្តាយមីងរបស់ខ្លួន។

លុះនៅថ្ងៃទី២៨ កក្កដា ២០២៥ វេលាម៉ោង ២០និង ២០នាទី ជនសង្ស័យ កំពុងតែអង្គុយផឹកស្រាបៀរតែ ម្នាក់ឯងនៅខាងក្រោមផ្ទះដែលគេទុកចោល។ បន្តិចក្រោយមក ឃើញ នារីរងគ្រោះ និងម្តាយឈ្មោះ ស្រេង ដាណេ បាននាំគ្នាមកអង្គុយលេងនៅក្នុងផ្ទះឈ្មោះ អ៊ួន យ៉ុម ដែលត្រូវជាម្តាយមីង។ លុះនៅវេលាម៉ោង ២១ ថ្ងៃដដែល នារីរងគ្រោះ បានដើរមកអង្គុយលេងនៅលើកាំ ជណ្តើរផ្ទះដែលគេទុកចោល។ ពេលនោះ ជនសង្ស័យ បានអង្គុយផឹកស្រាបៀរអស់ ០៦កំប៉ុង ដោយមានសភាពស្រវឹងយ៉ាងខ្លាំង ក៏បានដើរទៅអង្គុយលេងក្បែរ នារីរងគ្រោះ ហើយបានធ្វើសកម្មភាពចាប់អោបថើប ព្រមទាំងចាប់ច្របាច់ថ្ពាល់ទាំងសងខាង។ បន្ទាប់មក ជនសង្ស័យ បាននិយាយបបួលលួងលោម នារីរងគ្រោះ ឲ្យឡើងទៅលើផ្ទះដែលគេទុកចោល។

នៅពេលនោះនារីរងគ្រោះ ក៏បានយល់ព្រមឡើងទៅ ជាមួយ ហើយជនសង្ស័យ ក៏បានរុញនិងធាក់ទ្វារមួយជើង បណ្ដាលឲ្យរបើកសោរទ្វារ។ ជនសង្ស័យ ក៏បានចាប់ទាញដៃនារីរងគ្រោះ ចូលទៅខាងក្នុងផ្ទះហើយបានចាប់ផ្ដួលនារីរងគ្រោះ ទៅលើរនាបឫស្សី។ ជនសង្ស័យ ក៏បានចាប់ផ្តើមធ្វើសកម្មភាពរំលោភនាង។ មួយសន្ទុះក្រោយមក ម្តាយនារីរងគ្រោះក៏បានដើរមករកកូននិងបានហៅនារីរងគ្រោះឲ្យត្រឡប់ទៅផ្ទះវិញ ចំណែក ជន សង្ស័យ ក៏បានដើរទៅផ្ទះម្តាយមីងវិញដែរ។

លុះនៅថ្ងៃទី២៩ កក្កដា ២០២៥ វេលាម៉ោង ២០យប់នារីរងគ្រោះ មានការភ័យខ្លាច ដោយសារជនសង្ស័យ បាននិយាយគំរាមកំហែងទៅលើនាងថា បើសិនជាថ្ងៃក្រោយ នាងមានទំនាក់ទំនងស្នេហាជាមួយប្រុសផ្សេងទៀត ជនសង្ស័យ នឹងលួចសម្លាប់ចោលតែម្តង។ ទើបនារីរងគ្រោះ បានមកសុំផ្ទះប្រជាពលរដ្ឋនៅក្បែនោះស្នាក់នៅមួយយប់។ រហូតមកដល់ថ្ងៃទី៣០កក្កដា វេលាម៉ោង ០៨ ម្តាយរបស់ នារីរងគ្រោះបានដើររកកូនស្រីឃើញ ហើយបាននិយាយប្រាប់ទៅនាងថា ឈ្មោះ ស៊ីត ណានជេម បានជិះម៉ូតូមករក កូនស្រីដល់ផ្ទះ។ ដោយឮដូចនេះហើយ នាងមានការភ័យខ្លាចថា ជនសង្ស័យ នឹងធ្វើបាបដោយអំពើចាប់រំលោភសេពសន្ថវៈមកលើរូបគាត់ម្តងទៀតទើបរាយការណ៍ និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកោះធំ(ខ) នៅវេលាម៉ោង ១១ ដើម្បីឲ្យសមត្ថកិច្ចនគរបាលចុះជួយអន្តរាគមន៍។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពរួមភេទជាមួយ នារីរងគ្រោះ ពិតប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print