ភ្នំពេញ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងថា គិតរហូតមកដល់រសៀលម៉ោង ៣ និង៣៣នាទីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២៥នេះ ភាគីថៃមិនទាន់បញ្ចូនកងទ័ពកម្ពុជាចំនួន២០រូប ដែលត្រូវបានកងទ័ពថៃប្រើល្បិចកលស្មោកគ្រោកចាប់ខ្លួន ប្រគល់មកឱ្យកម្ពុជានៅឡើយទេ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី ៣១ ខែ កក្កដាឆ្នាំ ២០២៥ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានគូសបញ្ជាក់ថា ក្រសួងការពារជាតិកម្ពុជាសូមអំពាវនាវឱ្យភាគីថៃ ត្រូវធ្វើយ៉ាងណាបញ្ជូនកងកម្លាំងរបស់កម្ពុជាទាំង២០រូប ត្រឡប់មកកម្ពុជាវិញឱ្យបានឆាប់ រួមទាំងកងកម្លាំងផ្សេងទៀតបើមាន ដែលនៅក្នុងការគ្រប់គ្រងរបស់ថៃ។
លោកស្រីឧត្តមសេនីយ៍ឯក បានថ្លែងបន្ថែមថា ក្រសួងការពារជាតិកម្ពុជាប្តេជ្ញាចិត្តថានឹងបន្តការចរចាឱ្យអស់លទ្ធភាពដើម្បីយកបងប្អូនទាំងអស់គ្នាត្រឡប់មកវិញឱ្យបានឆាប់បំផុត និងសុវត្ថិភាព៕ ដោយ៖ តារា