ភ្លើងឆាបឆេះរថយន្តដឹកទំនិញនៅក្រុងតាខ្មៅ តែត្រូវជួយពន្លត់ទាន់ពេលវេលាដោយនាយប៉ុស្តិ៍ ជាងម៉ូតូ និងពលរដ្ឋ

ចែករំលែក៖

ខេត្តកណ្ដាល÷ រថយន្តទេសចរណ៍ (តួរីស)១គ្រឿងដែលផ្ទុកទំនិញចាប់ហួយពេញបានឆាបឆេះដោយខ្លួន ឯងនៅកណ្ដាលផ្លូវ តែជាសំណាងបានកិច្ចអន្តរាគមន៍ រហ័សពីសំណាក់លោកនាយប៉ុស្តិ៍ អ្នកជិត ខាង និងជាងជួសជុលម៉ូតូ ដែលបានប្រើទុយោទឹក និងបំពង់ឧស្ម័នជួយបាញ់ពន្លត់ទាន់ពេលវេលា។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១២និង១០នាទីថ្ងៃត្រង់ ថ្ងៃទី១ សីហា ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ ២១ ស្ថិតក្នុងភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ។

យោងតាមសមត្ថកិច្ចប៉ុស្តិ៍នគរបាលរកាខ្ពស់បានឲ្យដឹងថា តៃកុងរថយន្តមានឈ្មោះ រឹម សារឿន ភេទប្រុសអាយុ៣២ឆ្នាំ មានទីលំនៅសង្កាត់ចក្រអង្រែក្រោម ខណ្ឌ មានជ័យ រាជធានីភ្នំពេញ។ រូបគាត់បានបើករថយន្តម៉ាក តួរីស ពាក់ស្លាកលេខ ភ្នំពេញ 2AI-6341 ផ្ទុកទំនិញចាប់ហួយពេញធ្វើដំណើរពីជើងទៅត្បូង។

តៃកុងរថយន្តបានរៀបរាប់ថា នៅពេលដែលបើកពីចក្រអង្រែ ឆ្លងកាត់ទីប្រជុំជនក្រុងតាខ្មៅ រហូតដល់ចំណុចកើតហេតុ រថយន្តក៏បានរលត់ ហើយឡើងកំដៅខ្លាំង។ គាត់ក៏បានចុះដើរទៅរកជាងជួសជុលរថយន្ត។ នៅ ពេលដើរត្រឡប់មកវិញ ស្រាប់តែឃើញរថយន្តរបស់គាត់បានឆេះជាអណ្តាតភ្លើងទៅហើយ។ តែដោយ ចៃដន្យ គាត់បានជួបនឹងលោកនាយប៉ុស្តិ៍រកាខ្ពស់ ដែលបានឲ្យបងប្អូនពលរដ្ឋនៅក្បែរជួយទាញទុយោទឹកមកបាញ់ពន្លត់។ ជាមួយគ្នានោះ ជាងជួសជុលម៉ូតូ និងសិប្បកម្មផលិតទឹកកកនៅក្បែរនោះ ក៏បានយកបំពង់ឧស្ម័នជួយបាញ់ពន្លត់អស់ ៤-៥បំពង់ ទើបអាចសង្គ្រោះរថយន្តបាន។

អគ្គិភ័យនេះបានឆេះចាប់ពីចង្កឹះប្រអប់លេខនៅផ្នែកខាងមុខ ហើយបានឆេះរាលដាលដល់សំណុំខ្សែភ្លើង រហូតដល់ពិដានខាងក្នុងរថយន្ត ដែលធ្វើឲ្យឆេះរោលខ្លោច និងខូចខាតទំនិញបន្តិចបន្តួច។ ទោះជាយ៉ាងនេះក្តី អ្នកភូមិនៅក្បែរនោះបានជួយជញ្ជូនទំនិញមួយចំនួនចេញពីក្នុងរថយន្តបានទាន់។

តៃកុងរថយន្តបានសម្តែងនូវការគោរព និងលើកដៃសំពះថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អ្នកទាំង អស់គ្នាដែលបានជួយសង្គ្រោះទាំងរថយន្ត និងទំនិញចាប់ហួយរបស់គាត់ ដែលមិនទាន់បានទម្លាក់ជូនម៉ូយនៅឡើយ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print