ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥នេះ បានធ្វេីការបង្ហាញមុខជនសង្ស័យចំនួន០៤នាក់ជាសាធារណៈ រួចបញ្ចូនទៅតុលាការដេីម្បីផ្ដន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីធាក់ប្លន់យកម៉ូតូក្នុងមូលដ្ឋានខណ្ឌដង្កោ នាពេលកន្លងទៅថ្មីៗ ។
មុនឈានដល់ការចាប់ខ្លួនជនសង្ស័យទាំង០៤នាក់ខាងលេី ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និង មានការដឹកនាំបញ្ជាផ្ទាល់ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ។
កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌដង្កោសហការជាមួយនឹងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ និងផ្នែកព្រហ្មទណ្ឌអធិការដ្ឋាននគរបាលខណ្ឌមានជ័យ។បើកការស្រាវជ្រាវស៊ើបអង្កេតករណីលួចមានស្ថានទម្ងន់ទោស (ធាក់ប្លន់យកម៉ូតូ) កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង០២និង៤០នាទី ត្រង់ចំណុចមុខបុរីVK ផ្លូវបេតុង ស្ថិតនៅភូមិទ័ពបោះ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ណិល ពិសិដ្ឋសុវណ្ណ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្នុងករណីនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ០៤នាក់ ១/ឈ្មោះ ណោត សីហា ហៅហា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ២/ឈ្មោះ វ៉ា សារ៉ាយ ហៅអូ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ៣/ឈ្មោះ ចក់ ស៊ីម៉ី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ៤/ឈ្មោះ គង់ សម្បត្តិ ហៅជ្រូក ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ និងចាប់យកវត្ថុតាង ៖ ១/ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៤ ពាក់ផ្លាកលេខ1KQ-7043 ចំនួន០១គ្រឿង, ២/ទូរស័ព្ទដៃ០១គ្រឿងម៉ាកVivo ។ ៣/ម៉ូតូ០១ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៥ ពាក់ផ្លាកលេខ1LB-0166 ។ ៤/ម៉ូតូ០១គ្រឿងម៉ាកស៊ុយសូគីនិច ពណ៌សលាយក្រហម សេរីឆ្នាំ២០២៥ គ្មានផ្លាកលេខ ។
គួររំលឹកថា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង០២និង៤០នាទី ជនរងគ្រោះឈ្មោះ ណិល ពិសិដ្ឋសុវណ្ណ ភេទប្រុស អាយុ១៨ឆ្នាំ បានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខភ្នំពេញ1HI-8718 ចេញពីផ្ទះមិត្តភក្តិស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីទៅផ្ទះស្ថិតនៅភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពេលជនរងគ្រោះជិះម៉ូតូតាមផ្លូវបេតុងព្រៃសពីលិចទៅកើត ដល់ចំណុចមុខបុរីVK ស្ថិតនៅភូមិទ័ពបោះ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នាប្រហែល៣០នាក់ ជិះម៉ូតូប្រហែល២០គ្រឿង បានធ្វើសកម្មភាពធាក់ផ្តួលម៉ូតូរបស់ជនរងគ្រោះឱ្យដួល និងស្រែកគំរាមកាប់ជនរងគ្រោះ ពេលជនរងគ្រោះរត់ចេញពីម៉ូតូ ក្រុមជនសង្ស័យក៏បានលើកម៉ូតូរបស់ជនរងគ្រោះបើកគេចខ្លួនបាត់ ហើយជនរងគ្រោះក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ចនិងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃវែង ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ យកមកធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់ ។ លុះដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង១៥និង០០នាទី សមត្ថកិច្ចយើងបានសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យដែលជាអ្នកធ្វើសកម្មភាពខាងលើបានចំនួន០៤នាក់ខាងលេីនៅត្រង់ចំណុចបន្ទប់ជួល ផ្លូវបេតុង ស្ថិតនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់។
ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចយើងថា ពួកខ្លួន (ជនសង្ស័យ) និងបក្ខពួកប្រហែល៤០នាក់ទៀត (គេចខ្លួន) ពិតជាបានធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូរបស់ជនរងគ្រោះប្រាកដមែន ៕ ដោយ ៖ ភារ៉ា ដង្កោ