ថ្ងៃទី ១៧ ខែមេសាឆ្នាំ ១៩៧៥ គឺជាពេលវេលាមួយ ដែលប្រជាជនគ្រប់រូបសប្បាយរីករាយនឹងថ្ងៃចូលឆ្នាំខ្មែរ ហើយប្រជាជនក៏ទើបតែប្រមូលផលស្រូវបានដែរ។ ភាពសប្បាយរបស់ប្រជាជនខ្មែរក៏រលត់បាត់មួយព្រិចភ្នែកអស់ចិត្តអស់ខ្ទេចខ្ទីគ្មានសល់នៅពេលដែលក្រុមកុម្មុយនីស្តខ្មែរក្រហមដណ្ដើមបានអំណាចគ្រប់គ្រងប្រទេសកម្ពុជា។ កងទ័ពខ្មែរក្រហមបានចូលមកក្នុងទីក្រុងភ្នំពេញនៅវេលាម៉ោងប្រហែល ៩ និង ៣០ នាទី ដោយមានកាន់អាវុធគ្រប់ដៃ ថែមទាំងបានទទួលស្វាគមន៍ពីប្រជាជនយ៉ាងច្រើនកុះករ។ កងទ័ពខ្មែរក្រហមទាំងអស់ស្លៀកសម្លៀកបំពាក់ឯកសណ្ឋានពណ៌ខ្មៅ និងពណ៌អាចម៍សេះដូចៗគ្នា។ កងទ័ពខ្មែរក្រហមភាគច្រើនមានអាយុចាប់ពី ១៥ ឆ្នាំឡើងទៅ។
បន្ទាប់ពីកងទ័ពខ្មែរក្រហមបានចូលមកដល់ទីក្រុងភ្នំពេញមិនបានប៉ុន្មានម៉ោងផង ក៏មានការប្រកាសឲ្យប្រជាជនចាកចេញពីទីក្រុងភ្នំពេញផ្លាស់ទៅរស់នៅតាមជនបទ។ ខ្មែរក្រហមបានប្រាប់ប្រជាជនថា អង្គការត្រូវការបោសសម្អាតខ្មាំងនៅទីក្រុងឲ្យអស់ ហើយថែមទាំងប្រាប់ទៀតថា កងទ័ពអាមេរិកនឹងមកទម្លាក់គ្រាប់បែកនៅក្នុងទីក្រុងដែលអាចឱ្យប្រជាជនគ្រោះថ្នាក់ដល់ជីវិត ដូច្នេះហើយអង្គការតម្រូវឲ្យប្រជាជនចាកចេញពីផ្ទះមួយរយៈពេលសិន។
បន្ទាប់ពីមានការប្រកាសដូច្នេះប្រជាជនម្នាក់ៗបានរៀបចំសម្ភារៈនិងប្រមែប្រមូលសមាជិកគ្រួសារចាកចេញយ៉ាងប្រញាប់ប្រញាល់។ គ្មាននរណាម្នាក់ហ៊ានរឹងទទឹងនឹងចាកចេញពីទីក្រុងឡើយ ព្រោះខ្លាចកងទ័ពខ្មែរក្រហមធ្វើបាប។ ប្រជាជនជាច្រើនពាន់គ្រួសារបានចាកចោលពីទីលំនៅរបស់ខ្លួនសំដៅទៅទីជនបទដែលជាស្រុកកំណើតរបស់ខ្លួន និងតាមការចាត់តាំងរបស់ខ្មែរក្រហម។
ខ្ញុំឈ្មោះ ចាន់ មានអាយុ ១៦ ឆ្នាំកំពុងតែដើរញាប់ដៃញាប់ជើងដើម្បីចាកចេញពីទីក្រុងភ្នំពេញសំដៅទៅស្រុកកំណើតរបស់ខ្ញុំយ៉ាងតក់ក្រហល់។ ខ្ញុំគ្មានយកសម្ភារៈអ្វីជាប់នឹងខ្លួននោះទេ ព្រោះខ្ញុំធ្វើដំណើរទៅរកឪពុកម្ដាយរបស់ខ្ញុំនៅឯស្រុកកំណើត។
មុនខ្មែរក្រហមឡើងកាន់អំណាច ជីវភាពគ្រួសាររបស់ខ្ញុំជួបបញ្ហាការលំបាកខ្លាំងណាស់ ទើបខ្ញុំសម្រេចចិត្តមករកកន្លែងធ្វើការនៅឯទីក្រុងភ្នំពេញហើយសុំការជ្រកកោននៅវត្តអារាម។ នៅពេលដែលកំពុងតែដើរក្នុងចំណោមមនុស្សជាច្រើនក្នុងពេលដែលខ្មែរក្រហមជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញស្រាប់តែលេចចេញមុខបុរសម្នាក់មកឈរចំពីមុខខ្ញុំហើយសួរមកខ្ញុំថា÷ ឯងគឺជានរណា? ហេតុអ្វីបានជាឯងមានរូបថតនេះនៅនឹងឯង? បុរសម្នាក់នោះសួរមកកាន់ខ្ញុំដោយទឹកមុខខឹងជាខ្លាំង។
ខ្ញុំមិនដឹងទេ! ខ្ញុំឆ្លើយតបទៅវិញដូច្នេះព្រោះខ្ញុំដឹងព័ត៌មានខ្លះៗថាខ្មែរក្រហមនឹងសម្លាប់អ្នកចេះដឹងឬមន្ត្រីពីរបបចាស់។
បុរសក្នុងរូបថតនោះគឺជាគ្រូរបស់ខ្ញុំ។ គាត់បានបង្រៀនខ្ញុំកាលពីពេលដែលខ្ញុំនៅមានអាយុប្រហែលជា ៥ ឆ្នាំ។ ផ្ទះលោកគ្រូនៅក្បែរផ្ទះរបស់ខ្ញុំដូច្នោះហើយទើបខ្ញុំនឹងគាត់មានភាពជិតស្និទ្ធគ្នាខ្លាំង។ កាលខ្ញុំនៅតូចលោកគ្រូតែងតែសួរខ្ញុំថា តើខ្ញុំចង់ចេះអានអក្សរដែរទេ? ។ ចាប់ពីពេលនោះមកខ្ញុំក៏ចាប់ផ្ដើមចេះអានអក្សរខ្មែរខ្លះៗ។ លោកគ្រូបង្រៀនខ្ញុំមិនបានយូរប៉ុន្មានគាត់ក៏មកភ្នំពេញដើម្បីស្វែងរកការងារជាគ្រូបង្រៀននៅតាមស្ថាប័ននានា។ គាត់ក៏បានធ្វើការងារឲ្យទាហាន លន់ នល់ ដើម្បីរកលុយសម្រាប់ចិញ្ចឹមម្ដាយកំសត់ដែលមានវ័យជរានៅឯស្រុកកំណើត។ នៅពេលដែលគាត់មកនៅភ្នំពេញ គាត់បានឲ្យរូបថតរបស់គាត់មកខ្ញុំមួយសន្លឹកដើម្បីអាចឲ្យរកគាត់ឃើញនៅពេលដែលខ្ញុំមករស់នៅទីក្រុងភ្នំពេញ។ រហូតដល់ពេលនេះហើយ ខ្ញុំនៅតែមិនដឹងថាគាត់នៅទីណានោះទេ។ ខ្ញុំបានសម្លឹងទៅបុរសដែលស្លៀកពាក់ខោអាវកងទ័ព ហើយមានកាំភ្លើងជាប់នឹងដៃដោយឆ្ងល់ថា ហេតុអ្វីបានជាកងទ័ពម្នាក់នោះស្គាល់លោកគ្រូរបស់ខ្ញុំដែរ? កងទ័ពម្នាក់នោះហាក់បីដូចជាមានគំនុំនឹងលោកគ្រូរបស់ខ្ញុំខ្លាំងណាស់។
បើមិនមែនជារបស់ឯង តើវាជារបស់អ្នកណា? កងទ័ពនោះសួរមកខ្ញុំម្ដងទៀតដោយប្រើពាក្យសម្ដីឮខ្លាំងៗ។
គឺខ្ញុំប្រាប់ហើយថា ខ្ញុំមិនដឹងទេបើមិនជឿឆែកមើលទៅ។ ខ្ញុំនៅតែកុហកទៅកងទ័ពម្នាក់នោះ ពីព្រោះ ខ្ញុំមិនចង់ឱ្យលោកគ្រូដែលមានគុណចំពោះខ្ញុំត្រូវស្លាប់នោះទេ។ បន្ទាប់មក កងទ័ពម្នាក់នោះបានចាប់យកកាបូបដាក់ខោអាវខ្ញុំទៅឆែកមើល ក្រែងមានរូបថតផ្សេងទៀត ប៉ុន្តែកងទ័ពនោះរកមិនឃើញអ្វីនោះទេ ហើយក៏ដើរទៅវិញបាត់ទៅ។
អស់រយៈពេលពីរយប់ បីថ្ងៃកន្លងមកហើយ ដែលខ្ញុំនិងប្រជាជនដទៃទៀតធ្វើដំណើរ និងសម្រាកនៅតាមផ្លូវបែបនេះ។ ខ្ញុំគិតថាប្រហែលគ្រប់រយៈបីថ្ងៃ ខ្មែរក្រហមនឹងឲ្យខ្ញុំ និងប្រជាជនទាំងអស់ត្រឡប់ទៅទីក្រុងវិញ។ អ្វីៗមិនដូចការគិតរបស់ខ្ញុំនោះទេព្រោះការធ្វើដំណើរទៅមុខចេះតែបន្តឥតឈប់ឈរឡើយ។ ពេលចាកចេញពីទីក្រុងភ្នំពេញ ខ្ញុំសង្ឃឹមថានឹងបានទៅជួបឪពុកម្ដាយរបស់ខ្ញុំនៅឯស្រុកកំណើតក្នុងខេត្តកំពង់ធំ។ដូច្នេះហើយ ខ្ញុំមិនបានយកសម្ភារៈអ្វីមកតាមខ្លួនទេ។ នៅពេលធ្វើដំណើរ ខ្ញុំបានឮកងទ័ពខ្មែរក្រហមនិយាយគ្នាថា នឹងឲ្យប្រជាជនទាំងអស់ទៅរស់នៅកន្លែងដែលអង្គការជាអ្នករៀបចំឲ្យ។ ខ្ញុំអស់សង្ឃឹមណាស់ពេលឮដូច្នោះ។
មិនយូរប៉ុន្មាន ខ្ញុំក៏មកដល់កន្លែងដែលអង្គការរៀបចំឲ្យស្នាក់នៅ។ មុននឹងអង្គការអនុញ្ញាតឲ្យប្រជាជនចូលទៅកន្លែងស្នាក់នៅក្រុមកងទ័ពបានឱ្យយើងឈើតម្រង់ជួរដើម្បីឆែកឆេមើលអីវ៉ាន់សិន។ កងទ័ពទាំងអស់នោះ បានប្រមូលយកនូវទ្រព្យសម្បត្តិដែលមានតម្លៃរបស់ប្រជាជនទាំង មាស ពេជ្រ កងដៃ កងជើង និងសម្ភារៈផ្សេងទៀតទុកហើយអនុញ្ញាតឱ្យប្រជាជនទាំងអស់យកខោអាវតាមខ្លួនតែមួយសម្រាប់ជាប់នឹងខ្លួនតែប៉ុណ្ណោះ។ ចំណែកឯប្រជាជនខ្លះទៀតដែលធ្លាប់បម្រើឲ្យរាជការលន់ នល់ ត្រូវកងទ័ពខ្មែរក្រហមចាប់ខ្លួនហើយយកទៅសម្លាប់ចោល។
នៅក្នុងសម័យខ្មែរក្រហមមានការបែងចែកប្រជាជនជាពីរប្រភេទ គឺប្រជាជនថ្មី និងប្រជាជនមូលដ្ឋាន។ ប្រជាជនថ្មី គឺជាប្រជាជនដែលខ្មែរក្រហមជម្លៀសចេញពីទីក្រុង ឬទីប្រជុំជននានាក្រោយថ្ងៃ ១៧ ខែមេសាឆ្នាំ ១៩៧៥។ ខ្មែរក្រហមបានចាត់ទុកប្រជាជនថ្មីថា ជាពួក ១៧ មេសា និងជាប្រជាជនបញ្ញើក្អែក។ ចំណែកឯប្រជាជនមូលដ្ឋានវិញ គឺជាប្រជាជនដែលរស់នៅទីតាំងនោះជាយូរមកហើយ។ ខ្ញុំគឺជាប្រជាជនថ្មី ព្រោះខ្ញុំទើបតែជម្លៀសមកដល់ថ្មីៗនេះ។ នៅពេលដែលយើងមកដល់កន្លែងស្នាក់នៅកងទ័ពខ្មែរក្រហមបានឲ្យយើងយកខោអាវទៅជ្រលក់ជាពណ៌ខ្មៅទាំងអស់ ហើយចែកក្រម៉ាពណ៌ក្រហមឲ្យមកយើងម្នាក់មួយៗទៀត។
ជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរក្នុងរបបខ្មែរក្រហមពិតជាលំបាកណាស់។ កុមារត្រូវអង្គការឲ្យទៅធ្វើការនៅក្នុងកងកុមារ និងជាអ្នកកាន់អាវុធសម្រាប់ធ្វើសង្គ្រាម។ ចំណែកមនុស្សចាស់វិញ មាននាទីមើលថែទាំទារកទើបនឹងកើត មើលសត្វពាហនៈ និងត្បាញកញ្ច្រែងល្អីជាដើម។ ចំពោះមនុស្សប្រុសស្រីពេញកម្លាំងដែលមានអាយុចាប់ពី 1ឮ១៤ ឆ្នាំឡើងទៅអង្គការប្រើឲ្យទៅកាប់ដី រែកដី លើកប្រព័ន្ធភ្លឺស្រែ លើកទំនប់ជីកប្រឡាយកាប់ឈើធ្វើផ្ទះ និងធ្វើស្រែ។ ការងារនីមួយៗ មានការកំណត់គោលដៅច្បាស់លាស់។ ប្រសិនបើយើងធ្វើមិនបានសម្រេចតាមគោលដៅរបស់អង្គការទេយើងនឹងទទួលទោស ឬត្រូវអង្គការចោទថាជាជនក្បត់អង្គការ។ ប្រជាជនម្នាក់ៗ ត្រូវធ្វើការងារជាង ១២ ម៉ោងក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយសប្តាហ៍។ យើងមិនដែលទទួលបានម្ហូបអាហារគ្រប់គ្រាន់នោះទេ។ ប្រជាជនទាំងអស់ត្រូវធ្វើការរួមហូបរួម រស់នៅរួម និងចែករំលែកការកម្សាន្តជាសមូហភាពដោយគ្មានអ្នកមាន និងអ្នកក្រឡើយ។(នៅមានត។)