ខេត្តព្រះវិហារ ៖ ខ្ញុំចង់ប្រាប់ទៅពិភពលោកថា ប្រទេសកម្ពុជាមិនមែនជាប្រទេសបង្កបញ្ហាដល់ប្រទេសជិតខាង ឬជាប្រទេសល្មោភសង្គ្រាមនោះទេ ផ្ទុយទៅវិញប្រទេស និងប្រជាជនកម្ពុជា ឆ្អែតឆ្អន់ហើយសង្គ្រាម ហើយក៏មិនចង់លឺពាក្យថា សង្គ្រាមនេះទៀតដែរ។
ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាតាំងពីសម័យតេជោ ហើយមកដល់សម័យតេជោ-ធិបតី តែងតែក្រើនរំលឹកប្រជាជនកម្ពុជាពីផលវិបាកនៃសង្គ្រាម។ ដើម្បីកុំឲ្យសង្គ្រាមវិលត្រឡប់មកសារជាថ្មីនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា បានលើកទិសស្លោក “អរគុណសន្តិភាព” ព្រោះមានសន្តិភាព គឺមានអ្វីៗទាំងអស់។ “អរគុណសន្តិភាព” មានន័យថា ជាការប្រែក្លាយពីស្ថានភាពសង្គ្រាមដែលបង្កវិនាសកម្ម និងសោកដនាដកម្មដល់ប្រជាពលរដ្ឋ ឲ្យទៅជាស្ថានភាពនៃការរស់រានមានជីវិត និងភាពសកម្មរស់រវើកទាំងផ្នែកសេដ្ឋកិច្ច និងសង្គម។
ប្រទេសកម្ពុជា គឺជាប្រទេសដែលតែងតែតស៊ូរក្សាសន្តិភាព ប៉ុន្តែក្នុងរយៈពេលចុងក្រោយនេះ ប្រជាជនកម្ពុជាបានរងគ្រោះដោយសារជម្លោះនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ហើយឈានដល់ការប្រើកម្លាំងកងទ័ពរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥។ ដោយមានការសម្របសម្រួលពីសហគមន៍អន្តរជាតិ ពិសេសសហរដ្ឋអាមេរិក ទីបំផុតទៅកិច្ចព្រមព្រៀងបទឈប់បាញ់ជាបន្ទាន់ឥតលក្ខខណ្ឌ ត្រូវបានធ្វើឡើងនៅប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ានប្តូរវេន ចាប់ពីម៉ោង ២៤:០០យប់ រំលងអាធ្រាតុចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ បទឈប់បាញ់នេះ បានអនុវត្តន៍ដោយជោគជ័យ ប៉ុន្តែគួរឲ្យសោកស្តាយ យោធាថៃបានភ្ជង់កាំភ្លើងចាប់ពង្រាត់ដោយខុសច្បាប់កងទ័ពកម្ពុជាចំនួន ២០រូប ក្រោយបទឈប់បាញ់ចូរជាធរមានរយៈពេល ៨ម៉ោង ពោលគឺនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ ទង្វើនេះ បានបង្ហាញថា ភាគីថៃបានល្មើសបទឈប់បាញ់ទាំងបំពាន និងគឃ្លើនជាទីបំផុត។
ដោយមានការសម្របសម្រួលពីថ្នាក់ដឹកនាំកងទ័ពកម្ពុជា ភាគីមេដឹកនាំយោធាថៃ បានយល់ព្រមដោះលែងវិរជនកងទ័ពកម្ពុជា ២រូប មកវិញ ប៉ុន្តែទាហានកម្ពុជាទាំង ២រូប ស្ថិតក្នុងស្ថាភាពសង្គ្រោះបន្ទាន់ដោយម្នាក់ដេកលើប្រង់ការ និងម្នាក់ទៀតមានរូបរាងស្គាំងស្គម មានស្លាកស្នាមធ្វើទារុណកម្ម និងបាត់បង់ស្មារតី។ រូបភាពដ៏សែនខ្លោចផ្សារនេះ បានបង្ហាញឲ្យឃើញពីការរំលោភបំពានយ៉ាងសាហាវព្រៃផ្សៃពីសំណាក់យោធាថៃ។ រហូតមកដល់ពេលនេះ ពួកគេនៅតែមិនអាចនិយាយចេញពីអ្វីដែលពួកគេទទួលរងទុក្ខលំបាកពីការធ្វើទារុណកម្ម។ ភាពស្ងៀមស្ងាត់របស់ពួកគាត់ បានបង្ហាញពីការឈឺចាប់យ៉ាងខ្លាំងទាំងរាង្គកាយ និងផ្លូវចិត្ត។
នៅមានវិរៈកងទ័ពខ្មែរចំនួន ១៨រូបទៀត ដែលភាគីមិនទាន់បានដោះលែង ហើយពួកគេនៅតែជាប់ឃុំដដែល។ គ្រួសារពួកគេកំពុងរង់ចាំស្ថិតក្នុងភាពភ័យខ្លាច និងមិនដឹងថា នឹងមានរឿងអ្វីកើតឡើងចំពោះពួកគាត់នោះឡើយ។
យើងបារម្ភយ៉ាងខ្លាំងអំពីសុខសុវត្តិភាពរបស់យុទ្ធជនទាំង ១៨រូប បើទោះជាយោធាថៃបានអះអាងថា ពួកគេមានសុខភាពល្អយ៉ាងណាក៏ដោយ ប៉ុន្តែក្តីបារម្ភចំពោះយើងនៅតែមាន ពីព្រោះថៃមិនអាចបន្តអូសពេលវេលាយូរឃុំខ្លួនទៀតទេ។ ទង្វើរបស់ថៃនេះ មិនអាចលាក់បាំងមនុស្សជុំវិញពិភពលោកបានទេ ព្រោះពិភពលោកបានដឹងពីល្បិចពិសពុលរបស់ថៃអស់ទៅហើយ។ ការចាប់ពង្រាត់ទាហានកម្ពុជា គឺក្នុងពេលដែលទាហានកម្ពុជាបានគោរពយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ ហើយទាហានកម្ពុជាមិនបានប្រើប្រាស់អាវុធនិងមិនបានធ្វើសកម្មភាពណាមួយដែលរំលោភទៅលើបទឈប់បាញ់នោះដែរ។ ការបន្តឃុំខ្លួនទាហានកម្ពុជា គឺជាទង្វើអមនុស្សធម៌បំផុតដែលរំលោភច្បាប់អន្តរជាតិស្តីពីសិទ្ធិមនុស្ស និងច្បាប់មនុស្សអន្តរជាតិ។ ព័ត៌មាននៃការចាប់ពង្រាត់កងទ័ពកម្ពុជា ត្រូវបានបែកខ្ជរខ្ជាយទៅកាន់ពិភពលោកហើយ មិនគួរណាថៃត្រូវឃុំបន្តឃុំខ្លួនទាហានកម្ពុជាតទៀតទេ ដោយត្រូវបញ្ជូនពួកគាត់មកកម្ពុជាវិញដោយឥតលក្ខខណ្ឌ។
ក្នុងពេលដែលកម្ពុជា កំពុងស្នើសុំសន្តិភាព និងបង្ហាញការពិតប្រាប់ពិភពលោកនោះ ប្រទេសថៃវិញ កំពុងបំភាន់រឿងរ៉ាវដោយប្រើទាហានរបស់កម្ពុជា ជាឧបករណ៍នយោបាយ ហើយបំភាន់ភ្នែកពិភពលោកថា ខ្លួនគឺជាជនរងគ្រោះ ដោយបដិសេធមិនទទួលស្គាល់នូវអំពើអមនុស្សធម៌ដែលបានប្រព្រឹត្តិមកលើវិរកងទ័ពកម្ពុជាឡើយ។ ទង្វើអមនុស្សធម៌របស់ប្រទេសថៃ មកលើកម្ពុជា មិនមែនជាសន្តិភាពដែលប្រជាជនកម្ពុជាចង់បាននោះទេ។ នេះមិនមែនជាយុត្តិធម៌ទេ នេះគឺជាអំពើអមនុស្សធម៌ជាទីបំផុត។
កម្ពុជាសូមអំពាវនាវដល់សហគមន៍អន្តរជាតិ មេដឹកនាំពិភពលោក អង្គការមនុស្សធម៌ និងអ្នកការពារសន្តិភាពនិងយុត្តិធម៌ ជួយស្វែងរកយុត្តិធម៌ដល់ប្រទេសកម្ពុជាផង ដោយជំរុញឲ្យប្រទេសថៃបឈ្ឈប់ជាបន្ទាន់ការធ្វើទារុណកម្មមកលើវិរកងទ័ពកម្ពុជា និងទាមទារឲ្យថៃគោរពច្បាប់អន្តរជាតិ និងសិទ្ធិមនុស្សជាមូលដ្ឋាន និងដោះស្រាយបញ្ហាតាមផ្លូវការទូត មិនមែនតាមអំពើដ៏សាហាវយង់ខ្នង ឬល្បែងនយោបាយនោះឡើយ ពីព្រោះសម្លេងរបស់សហគមន៍អន្តរជាតិ មេដឹកនាំពិភពលោក និងអង្គការមនុស្សធម៌ ពេលនេះគឺពិតជាមានសារៈសំខាន់ជាងពេលណាៗទាំងអស់។
ទាហានរបស់កម្ពុជាទាំង ១៨រូប ដែលយោធាថៃចាប់ពង្រាត់ដោយខុសច្បាប់ មិនមែនជាវត្ថុនៃល្បែងនយោបាយរបស់ថៃឡើយ ពួកគេគឺជាឪពុក ជាកូនប្រុស ជាបងប្អូន ជាមនុស្សជាតិ។ ការអំពាវនាវរបស់កម្ពុគឺជាការសុំជំនួយឲ្យអ្នកទាំងអស់គ្នាមានសកម្មភាពបន្ទាន់ឈរជាមួយកម្ពុជា ឈរជាមួយសន្តិភាព ឈរជាមួយយុត្តិធម៌៕
ដោយ ៖ សុខ សុវណ្ណ ប្រជាពលរដ្ឋរស់នៅខេត្ត ព្រះវិហារ