ភ្នំពេញ៖ បើតាមការអះអាងរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រីម៉ាលី សុជាតា បានបញ្ជាក់ថា៖ កងកម្លាំងកម្ពុជា ១៨នាក់ដែលនៅសេសសល់ ត្រូវទាហានថៃបានចាប់ទៅក្រោយបទឈប់បាញ់ មានសុខសុវត្ថិភាពធម្មតា ខណៈថ្នាក់ដឹកនាំកម្ពុជាបានកំពុងបន្តយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីទាមទារឱ្យភាគីថៃធ្វើការដោះលែង និងប្រគល់ពួកគាត់មកកម្ពុជាវិញឆាប់ៗ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ នាព្រឹក ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥នេះ លោកស្រីម៉ាលី សុជាតា បានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់របស់រាជរដ្ឋាភិបាលកម្ពុជាយើងបានធ្វើការទំនាក់ទំនងចរចា និងតាមដានយ៉ាងយកចិត្តទុកដាក់បំផុតំពោះយោធិនកម្ពុជា ដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់ទាហានថៃ ដើម្បីធ្វើយ៉ាងណាឲ្យភាគីថៃធ្វើការដោះលែងពួកគាត់ឲ្យមកកម្ពុជាវិញឆាប់ៗស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ។
យ៉ាងណាក៏ដោយអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏បានអំពាវនាវយ៉ាងទទួចដល់ភាគីថៃ ឲ្យប្រគល់យោធាកម្ពុជាចំនួន១៨នាក់ទៀតដែលនៅសេសសល់ បន្ទាប់ពីភាគីថៃបានចាប់ទៅ កាលពីព្រឹកថ្ងៃទី២៩កក្កដា ក្រោយមានកិច្ចព្រមព្រៀងបទឈប់បាញ់នោះមកកម្ពុជាវិញឲ្យបានឆាប់ៗ និងប្រកបដោយសុខសុវត្ថិភាព បើទោះបីសព្វថ្ងៃនេះថៃអះអាងថាពួកគាត់ទាំង១៨នាក់មានសុវត្ថិភាពក៏ដោយនោះ។
គួរបញ្ជាក់ថា ទាក់ទងនឹងវីរកងទ័ពកម្ពុជា ចំនួន១៨នាក់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទាហានថៃនេះដែរ កម្ពុជាបានស្នើឲ្យម៉ាឡេស៊ីដែលជាប្រធានអាស៊ានប្តូរវេននោះឲ្យជួយអន្តរាគមន៍ ដើម្បីជំរុញឲ្យភាគីថៃឆាប់បញ្ជូនពួកគាត់ឲ្យមកកម្ពុជាវិញឲ្យបានឆាប់ៗនេះផងដែរ។
លោកស្រីអ្នកនាំពាក្យ ក៏បានលើកឡើងទៀតថាក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទមិនបានព្រងើយកន្តើយ ឬទុកសមាជិករបស់ខ្លួនណាមួយចោលនោះទេទោះ ក្នុងកាលៈទេសៈណាក៏ដោយខណៈទាហាខ្មែរចំនួន១៨នាក់ដែលទាហានថៃចាប់ទៅនេះបានកំពុងបន្តធ្វើការចរចារ យ៉ាងយកចិត្តទុកដាក់បំផុតពីសំណាក់រាជរដ្ឋាភិបាលដើម្បីសុខសុវត្ថិភាពរបស់ពួកគាត់៕