ខេត្តឧត្ដរមានជ័យ៖ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា លោក WANG Wenbin បានអះអាងថា ភាគចិន នឹងបន្តតួនាទីស្ថាបនា ក្នុងការជំរុញឲ្យភាគីពាក់ព័ន្ធ គោរពនិងអនុវត្តកិច្ចការឯកភាពឲ្យមានប្រសិទ្ធភាព និងពេញលេញ ជាពិសេសដើម្បីជំរុញស្ថានការណ៍តាមព្រំដែនថៃ-កម្ពុជា វិលទៅរកសន្តិភាព និងស្ថេរភាព។ លោក WANG Wenbin បានបញ្ជាក់បែបនេះ កំឡុងពេលចុះពិនិត្យ ស្ថានភាពជាក់ស្ដែងរបស់ជនភៀសសឹក នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ នៅខេត្តឧត្តរមានជ័យ។
លោក WANG Wenbin បានថ្លែងទៅកាន់អ្នកសារព័ត៌មានថា ការឯកភាពគ្នាលើ «បទឈប់បាញ់» សម្រេចបានក្នុងកិច្ចប្រជុំពិសេសនៅទីក្រុងកូឡាឡាំពួរ រវាងថ្នាក់ដឹកនាំថៃនិងកម្ពុជា ដោយអនុវត្តប្រកបដោយប្រសិទ្ធភាព ហើយស្ថានភាពនៅតាមព្រំដែនរវាងប្រទេសទាំងពីរ នឹងវិលទៅរកសភាពដើម ឲ្យបានឆាប់។ ភាគីទាំងពីរ នឹងវិលរកមាគ៌ានៃសន្តិភាព នៃកិច្ចសហប្រតិបត្តិការ។
លោកឯកអគ្គរដ្ឋទូត បញ្ជាក់ថា តាំងពីជម្លោះ ប្រទេសចិនតែងតែប្រកាន់ខ្ជាប់នូវជំហរជំរុញឲ្យមានការចរចារស្វែងរកសន្តិភាព។ រដ្ឋមន្ត្រីការបរទេសចិន បានផ្លាស់ប្ដូរទស្សនៈរវាងរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសកម្ពុជា និងថៃ ហើយក៏មានអគ្គលេខាធិការអាស៊ាន ហើយភាគីចិនក៏បានរៀបចំនូវកិច្ចប្រជុំក្រៅផ្លូវការត្រីភាគី រវាងចិន ថៃ និងកម្ពុជា ដើម្បីជំរុញឲ្យថៃ និងកម្ពុជា គោរពដល់ការព្រមព្រៀង «បទឈប់បាញ់» ជាមួយគ្នា។ លោកបញ្ជាក់បន្ថែមថា ចិនក៏បានបញ្ជូនបេសកជនពិសេសទទួលខុសត្រូវទៅដល់កិច្ចការងារអាស៊ាន របស់ប្រទេសថៃ និងកម្ពុជា ដើម្បីសម្របសម្រួល ជាមួយគ្នា។ ចិនបានខិតខំព្យាយាម បន្ធូរបន្ថយ ស្ថានការណ៍ ដែលតឹងតែង។
បើតាម លោក WANG Wenbin , ចិនបានគាំទ្រ ទៅដល់អាស៊ាន ក្នុងការដើរតួនាទីសំខាន់ ហើយសហការជាមួយប្រធានប្ដូរវេន របស់អាស៊ាន គឺ ប្រទេសម៉ាឡេស៊ី និង រក្សាការផ្លាស់ប្ដូរទស្សនៈ ដើម្បីរួមចំណែកសកម្ម ក្នុងការដឹកនាំថៃ និងកម្ពុជា ក្នុង «បទឈប់បាញ់» ជាមួយគ្នា ក្នុងកិច្ចប្រជុំពិសេស នៅកូឡាឡាំពួរ។ ក្នុងន័យនេះ ឯកឧត្តម បញ្ជាក់ថា ភាគីចិននឹងបន្តតួនាទីស្ថាបនាក្នុងការជំរុញឲ្យភាគីពាក់ព័ន្ធ គោរពនិងអនុវត្តកិច្ចការឯកភាពឲ្យមានប្រសិទ្ធភាព និងពេញលេញ ជាពិសេសដើម្បីជំរុញស្ថានការណ៍តាមព្រំដែនថៃ-កម្ពុជា វិលទៅរកសន្តិភាព និង ស្ថេរភាព។
បន្ថែមពីនេះ លោកទូតចិន បានសរសើរថា ប្រជាជាតិខ្មែរ គឺជាប្រជាជាតិដ៏អស្ចារ្យមួយ ក្រោមម្លប់របស់ព្រះករុណា ព្រះបាទ សម្តេច នរោត្ដម សីហមុនី និងក្រោមការដឹកនាំ របស់សម្ដេចតេជោ និងសម្ដេចធិបតី ។ ប្រទេសកម្ពុជា បានទទួលការអភិវឌ្ឍជាប្រវត្តិសាស្ត្រ ហើយបានបង្ហាញអនាគតភ្លឺស្វាងមួយ ក្នុងការស្វែងរកភាពរុងរឿងឡើងវិញរបស់ប្រជាជាតិ។
លោកឯកអគ្គរដ្ឋទូតចិន អះអាងថា គ្មានឧបសគ្គអ្វីរារាំងដល់ការអភិវឌ្ឍ របស់ប្រទេសកម្ពុជា។ លោក បានបង្ហាញការគាំទ្រយ៉ាងមោះមុតថា នឹងបន្តគាំទ្រប្រទេសកម្ពុជា ក្នុងការថែរក្សា អធិបតេយ្យភាព បូរណភាពទឹកដី ជាពិសេស ភាគីចិន នៅតែបន្តគាំទ្រកម្ពុជាឲ្យនៅបន្តកិច្ចការងារ យ៉ាងសកម្ម ទៅកាន់ឆាកអន្តរជាតិ។
លោក បានប្រកាន់ខ្ជាប់នូវជំហរគាំទ្រកម្ពុជា ក្នុងការជ្រើសរើស មាគ៌ាអភិវឌ្ឍ ដែលស្របទៅតាមស្ថានការណ៍របស់ប្រទេសខ្លួន ភាគីចិននឹងសហការជាមួយមិត្តភក្ដិកម្ពុជា ដើម្បីអនុវត្តនូវសមិទ្ធផលដែលសម្រេចបាន នៅពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋចិន Xi Jinping ដើម្បីបង្កើនកិច្ចសហការលើគ្រប់វិស័យឲ្យបានស៊ីជម្រៅ និងជួយកម្ពុជាឲ្យសម្រេចបានចក្ខុវិស័យមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងក្លាយជាប្រទេស មានចំណូលខ្ពស់ នៅឆ្នាំ២០៥០ គឺចិននឹងជួយកម្ពុជា ឲ្យសម្រេចបាន ក្នុងការស្តារភាពរុងរឿង រវាងប្រជាជាតិចិន និង ប្រជាជាតិខ្មែរ៕ដោយ៖តារា
ប្រភព៖CCRF