ថៃលាក់ពិភពលោកមិនជិតទេ ! ស៉ីម៉ាក់រកឃើញភស្តុតាងច្បាស់បញ្ជាក់ថា ទាហានថៃប្រើយន្តហោះ F-16 ទម្លាក់គ្រាប់បែកប្រភេទ MK-82 ទម្ងន់២៥០គីឡូក្រាម លើវត្តតាមាន់សែនជ័យ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥នេះ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC-ស៉ីម៉ាក់) បានបញ្ជាក់ថា កម្លាំងជំនាញស៉ីម៉ាក់ នៅថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥ នេះ ស្ថិតនៅវត្តតាមាន់សែនជ័យ ភូមិតាហាំ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានធ្វើការត្រួតពិនិត្យសុវត្ថិភាព ជូនគណៈកម្មការាចារ្យវត្ត ដោយបានរកឃើញភស្តុតាង ដែលអាចបញ្ជាក់ច្បាស់ថា ទីតាំងអារាមនេះត្រូវបានពួកទ័ពអាកាសសៀម ប្រើប្រាស់យន្តហោះ F-16 ទម្លាក់គ្រាប់បែកប្រភេទ MK-82។
លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC-ស៉ីម៉ាក់) បន្តថា ៖ គ្រាប់បែក MK-82 នេះ មានទម្ងន់ប្រមាណ២៥០គីឡូក្រាម ហើយជាការបំពាក់បន្ថែមនូវឧបករណ៍នាំផ្លូវជំនាន់ថ្មី ផលិតមកពីប្រទេសអ៉ីស្រាអ៊ែល (The GBU-12 Payway II) តាមរយៈភស្តុតាង នេះ គ្រាប់បែកទម្លាក់មានចំនួន២គ្រាប់ ដែលមានលេខស៊េរី Serial No. 22002788និង Serial No. 22002794 ផលិតនៅខែមករា ឆ្នាំ២០២៣។
លោក ហេង រតនា បាន បន្ថែមថា «រង់ចាំមើលការភូតភូរកុហកបោកប្រាស់មតិសាធារណជាតិសៀ និងអន្តរជាតិ របស់ភាគីសៀម ថា គ្រាប់បែកទម្លាក់លើទីវត្តអារាមនេះ ជាគ្រាប់បែកសំណល់ពីសង្គ្រាម១៩៧០-១៩៧៣ទៀត ឬយ៉ាងម៉េច? ចំពោះគ្រាប់បែក MK-84 ក៏គ្មានអ្វីចំឡែកដែរ វាអាចបន្សល់ភស្តុតាងច្បាស់លាស់ពិតជាមិនខានឡើយ»។
សូមជម្រាបថា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ វត្តតាមាន់សែនជ័យ រងការទម្លាក់គ្រាប់បែកកម្ទេច និងសម្លាប់តាអាចារ្យម្នាក់ ដោយយោធាថៃ។ ដូច្នេះទើបចង់បញ្ជាក់ថា ៖ ថៃលាក់ពិភពលោកមិនជិតទេ ! ស៉ីម៉ាក់រកឃើញភស្តុតាងច្បាស់បញ្ជាក់ថា ទាហានថៃប្រើយន្តហោះ F-16 ទម្លាក់គ្រាប់បែកប្រភេទ MK-82 ទម្ងន់២៥០គីឡូក្រាម លើវត្តតាមាន់សែនជ័យ ៕

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print