អ្នកដំណើរនៅលើជើងហោះហើរជាប្រវត្តិសាស្ត្រដំបូងបង្អស់ទៅកាន់ប្រទេសគុយបា ពីអាមេរិកភាគច្រើនគឺអ្នកសារព័ត៌មាន ប្រធានក្រុមហ៊ុនអាកាសចរណ៍ រួមជាមួយអ្នកដំណើរផ្សេងទៀតប្រមាន ៦០នាក់។
នៅព្រឹកថ្ងៃទី៣១ ខែសីហា យន្តហោះ លេខ Flight 387 របស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក Jet Blue ដឹកអ្នកដំណើរ ១៥០នាក់បានចុះចត់នៅក្នុងអាកាសយានដ្ឋានអន្តរជាតិ Santa Clara ប្រទេសគុយបា ក្រោយហោះហើរ ៤៥នាទីពីអាកាសយានដ្ឋាន Ft Lauderdale រថ្ឋ Florida អាមេរិក ។ នេះជាការហោះហើរលើកដំបូងបង្អស់ពីអាមេរិកទៅកាន់គុយបាក្រោយរយៈពេលជាង ៥០ឆ្នាំកន្លងមក។
បុគ្គលិកអាកាសយានដ្ឋាន Ft Lauderdle បានបាញ់ទឹកជូនដំណើរយន្តហោះ Flight 387 ទៅកាន់ប្រទេសគុយបា ។ ពេលចុះចត់នៅក្នុងអាកាសយានដ្ឋាន Santa Clara ប្រទេសគុយបា ក៏មានការបាញ់ទឹកអបអរសាទរ ជើងហោះហើរពិសេស និងជាប្រវត្តិសាស្ត្រនេះ។
អាកាសយានិកបញ្ជាយន្តហោះទាំងពីររូបគឺជាពលរដ្ឋអាមេរិកដើមកំណើតគុយបា ។ ការទៅដល់របស់យន្តហោះមកពីអាមេរិកគឺជាដំណាងនៃទំនាក់ទំនងការបរទេសដ៏ល្អប្រសើឡើងវិញចាប់តាំងពីឆ្នាំ២០១៥ ដែលប្រទេសទាំងពីរបានតផ្ជាប់ទំនាក់ទំនង។
នៅពេលនេះមានក្រុមហ៊ុនអាកាសចរណ៍អាមេរិក រហូតដល់ ១០ក្រុមហ៊ុនដាក់សុំលិខិតហោះហើរពីអាមេរិកទៅកាន់គុយបា ។ ក្រុមហ៊ុនអាកាសចរណ៍ធំបំផុតរបស់អាមេរិក American Airlines នឹងហោះហើរនៅថ្ងៃទី០៧ ខែកញ្ញាខាងមុខ ។
សារព័ត៌មាន ស៊ីអ៊ិនអ៊ិន បានដកស្រង់ប្រភពព័ត៌មានពីក្រសួងការបរទេសអាមេរិក បានឲ្យដឹងថា អាមេរិកនឹងតផ្ជាប់ការហោះហើរទៅកាន់គុយបា យ៉ាងតិច ១១០ជើង ក្នុងមួយថ្ងៃ៕
ប្រែសម្រួល៖ ម៉ែវ សាធី