នៅថ្ងៃទី៣១ ខែសីហា គឺគម្រប់១ឆ្នាំ ដែលអធិការបតីអាល្លឺម៉ង់ លោកស្រី Angela MerKel អបអរសាទរ ទទួលជនភៀសខ្លួនមករស់នៅក្នុងប្រទេសរបស់ខ្លួន ដោយលោកស្រីបញ្ជក់ថា អាល្លឺម៉ង់អាចគ្រប់គ្រងស្ថានភាពបាន។
គោលនយោបាយបើកទ្វារទទួលជនភៀសខ្លួនរបស់លោកស្រីម៉ាគែល ត្រូវបានសហគមន៍អន្តរជាតិ អបអរសាទរ ហើយបានប្រកាសថានឹងបន្តទទួលជនភៀសខ្លួននាពេលខាងមុខ។ ដោយសារតែការទទួលជនភៀសខ្លួននោះហើយ ឥទ្ធិពលរបស់លោកស្រីម៉ាគែល បានធ្លាក់ចុះយ៉ាងខ្លាំង ពលរដ្ឋអាល្លឺម៉ង់ក៏ឈប់គាំទ្រដល់លោកស្រីផងដែរ ដោយបង្វែទៅគាំទ្រគណបក្សប្រឆាំង ដែលមានគោលនយោបាយប្រឆាំងជនភៀសខ្លួនមករស់នៅក្នុងទឹកដីអាល្លឺម៉ង់។
នៅពេលនេះអាល្លឺម៉ង់ កំពុងត្រៀមទទួលជនសុំសិទ្ធិជ្រកកោន ក្នុងទឹកដីអាល្លឺម៉ង់ ប្រមាណពី ២៥០.០០០នាក់ទៅ៣.០០០.០០០នាក់ សម្រាប់ឆ្នាំ២០១៦ នេះ ។ ប្រៀបនឹងឆ្នាំ២០១៥ ចំនួនអ្នកសុំសិទ្ធិជ្រកកោននៅអាល្លឺម៉ង់ ថយចុះប្រមាណ ១ភាគ៣។
យោងតាមការិយាល័យសហព័ន្ធទទួលបន្ទុកជនអន្តោប្រវេសន៍ និងជនភៀសខ្លួនដែលមកដល់អាល្លឺម៉ង់ សម្រាប់ឆ្នាំ២០១៦នេះ អាល្លឺម៉ង់អាចទទួលអ្នកសុំសិទ្ធិជ្រកកោនក្នុងទឹកដីអាល្លឺម៉ង់ បាន៣សែននាក់។ ប៉ុន្តែបើហួសពីនេះ អាល្លឺម៉ង់អាចនឹងជួបវិបត្តិ។ តួលេខ ៣សែននាក់នេះគិតទៅគឺមានការថយចុះ ១ភាគ៣ បើប្រៀបនឹងឆ្នាំ២០១៥។
ឆ្នាំ២០១៥ ជនភៀសខ្លួនក្នុងតួលេខខ្ពស់ខ្លាំង គឺរហូត ១លាន១សែននាក់ បានធ្វើដំណើរមកដល់អាល្លឺម៉ង់ ធ្វើឲ្យរដ្ឋាភិបាលអាល្លឺម៉ង់ ក្រពុលមុខដោះស្រាយ ។ កន្លងមកកិច្ចព្រមព្រៀងខែមីនា ដែលអឺរ៉ុប សម្រេចបានជាមួយទួរគី ក្នុងការទប់ស្កាត់លំហូជនភៀសខ្លួនពីឆ្នេរទួរគីមកកាន់កោះក្រិក បូករួមនឹងការបិទច្រកតំបន់បាល់កង់ បានចូលរួមកាត់បន្ថយចំនួនជនភៀសខ្លួន ដែលធ្វើដំណើរមកពីអាហ្វហ្កានីស្ថាន និងដើមបូព៌ា។
នយោបាយជនភៀសខ្លួនរបស់រដ្ឋាភិបាលលោកស្រីមែរគែល មានភាពចម្រូងចម្រាស់ច្រើន។ លោកស្រីមែរគែល រឹតបន្តឹងនយោបាយអន្តោប្រវេសន៍ ប៉ុន្តែបានបដិសេធបិទព្រំដែន ដល់ជនភៀសខ្លួន ។ រដ្ឋាភិបាលអាល្លឺម៉ង់អួតថា អាល្លឺម៉ង់ ជាប្រទេសមហាអំណាចសេដ្ឋកិច្ចអឺរ៉ុបទី១ អាល្លឺម៉ង់មានលទ្ធភាពដោះស្រាយ ជួយជនភៀសខ្លួនឲ្យរស់នៅ ចូលចុះសង្គមអាល្លឺម៉ង់។
ដោយឡែក គេរំពឹងថា កិច្ចការជួយឲ្យជនភៀសខ្លួនបានរស់នៅចូលចុះក្នុងសង្គមអាល្លឺម៉ង់ ត្រូវប្រើប្រាស់ថវិកាច្រើន៕
ប្រែសម្រួល៖ ម៉ែវ សាធី