ឪពុក និងកូនស្លាប់ទាំងពីរនាក់ ឯម្ដាយរងរបួសធ្ងន់ ខណៈជិះម៉ូតូប៉ះរ៉ឺម៉ក ហើយខ្ទាតចូលរថយន្តសណ្ដោងនៅលើផ្លូវលេខ២១

ចែករំលែក៖

ខេត្តកណ្ដាល÷ គ្រួសារមួយបានជួបនឹងសោកនាដកម្មដ៏ក្រៀមក្រំ ខណៈដែលពួកគេទាំងបីនាក់ (ឪពុក,ម្ដាយនិងកូនប្រុស) ជិះម៉ូតូជាមួយគ្នា ហើយត្រូវរថយន្តសណ្ដោងកិន បណ្ដាលឲ្យឪពុកនិងកូនស្លាប់បាត់បង់ជីវិតទាំងពីរនាក់ភ្លាមៗ រីឯអ្នកម្ដាយរងរបួសធ្ងន់។ ហេតុការណ៍ដ៏នេះបានកើតឡើងកាលវេលាម៉ោង១៤និង៣៨នាទីរសៀល ថ្ងៃទី៤ សីហា ២០២៥ នៅលើផ្លូវជាតិលេខ ២១ ស្ថិតក្នុងភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល។

តាមរបាយការណ៍របស់សមត្ថកិច្ចជំនាញចរាចរណ៍ជើង គោកនៃអធិការដ្ឋាននគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះទាំងបីនាក់ជាគ្រួសារតែមួយដែលមានទីលំនៅភូមិជើងព្រៃ ឃុំអំពឹលព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ អ្នកដែលបាត់បង់ជីវិតមានឈ្មោះ រុន រីម ភេទប្រុស អាយុ៥១ឆ្នាំមុខរបរកម្មករសំណង់ ត្រូវជាឪពុកនិងកូនប្រុសឈ្មោះ រីម រតនៈ ភេទប្រុស អាយុ ៦ ឆ្នាំ មុខរបរសិស្ស។ ចំណែកឯអ្នកម្ដាយឈ្មោះ រ៉ូ ចាន់រ៉ា អាយុ ៤៥ឆ្នាំ មុខរបរមេផ្ទះ រងរបួសធ្ងន់។ ជនរងគ្រោះទាំងបីនាក់បានជិះម៉ូតូម៉ាក Honda Wave ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1AU-6249 ហើយអ្នកបើក បរ និងអ្នករួមដំណើរទាំងអស់បានពាក់មួកសុវត្ថិភាពត្រឹមត្រូវ។

សមត្ថកិច្ចបានរៀបរាប់ពីហេតុការណ៍ថា មុនពេលកើត ហេតុ ម៉ូតូរបស់ជនរងគ្រោះបានធ្វើដំណើរពីត្បូងទៅជើង។ ពេលបើកមកដល់ចំណុចកើតហេតុ ក៏បានប៉ះនឹងម៉ូតូសណ្ដោងរ៉ឺម៉ក១គ្រឿងដែលបានឈប់ចតនៅចិញ្ចើមផ្លូវខាងកើត។ ក្រោយប៉ះគ្នា ជនរងគ្រោះទាំងបីនាក់បានខ្ទាតចូលក្រោមរថយន្តសណ្ដោងសឺមីរ៉ឺម៉ក១ គ្រឿងទៀតម៉ាក Hyundai ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-3318 ដែលបើកបរស្របទិសគ្នាមកពីក្រោយ។ អ្នកបើកបររថយន្តនេះឈ្មោះ យិន ចំរើន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិគូ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលត្រូវបានឃាត់ខ្លួនភ្លាមៗ។

ការសន្និដ្ឋានបឋមរបស់សមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់នេះបណ្ដាលមកពីអ្នកបើកបរម៉ូតូរបស់ជនរងគ្រោះបានប៉ះនឹងម៉ូតូសណ្ដោងរ៉ឺម៉កដែលឈប់នៅចិញ្ចើមផ្លូវ ទើបខ្ទាតចូលរថយន្តធំ បណ្ដាលឲ្យមានសោកនាដកម្មនេះកើតឡើង។

...

ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះទៅពិនិត្យ និងវាស់វែងនៅកន្លែងកើតហេតុ រួចបានយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់។ ចំពោះសពឪពុកនិងកូន ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯស្ត្រីជាប្រពន្ធត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្អាង ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print