ភ្នំពេញ: សមត្ថកិច្ចនគរបាលការិយា ល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋានរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនបុរសជនជាតិខ្មែរ២នាក់ក្រោយបង្កអោយជនជាតិចិនម្នាក់ស្លាប់នៅតាមផ្លូវជាតិលេខ៣ រួចគេចខ្លួនបាន៣ថ្ងៃប៉ុណ្ណោះ ។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យទី១,ឈ្មោះ នៅ គីមហ៊ាច ភេទប្រុស អាយុ៤៣ឆ្នាំ ទី២,ឈ្មោះ សួង រ៉ាឌី ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ពួកគេត្រូវបានកម្លាំងនគរបាលខាងលើចាប់ខ្លួននៅថ្ងៃទី០១ និងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ ។ ចំណែកជនរងគ្រោះដែលស្លាប់មាន ឈ្មោះ WU YONG LONG ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EQ២០៨០៣៦៨ ពុំស្គាល់កន្លែងស្នាក់នៅ ។
សមត្ថកិច្ចបានអោយដឹងទៀតថា សាកសពជនរងគ្រោះរូបនេះត្រូវបានអ្នករត់ម៉ូតូកង់បីប្រទះឃើញស្លាប់កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង០៣និង១៥នាទីទៀបភ្លឺ នៅលើចិញ្ចើមផ្លូវជាតិលេខ៣ ចំហៀងខាងលិច ជាប់បង្គោលម៉ែត្រលេខ១៧ មុខ សាលាបឋមសិក្សាទួលកី ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ពេលនោះត្រូវបានអះអាងថា សពជនរងគ្រោះត្រូវបានឃាតករសម្លាប់រួចដឹកសពយកទៅទម្លាក់ចោលនៅទីនោះ ប៉ុន្តែការពិតនេះជាករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ មានស្ថានទម្ងន់ទោស បណ្តាលអោយមានមនុស្សស្លាប់ដោយគ្មានបំណងនិងធ្វើអោយស្លាប់ (ជនរងគ្រោះលោតពីលើរថយន្តស្លាប់) ។
តាមការសារភាពរបស់ជនសង្ស័យពួកគេបានចាប់ជនរងគ្រោះពីចំណុចមុខអាកាសយាន្តអន្តរជាតិភ្នំពេញ ក្នុងបំណងយកទៅកន្លែងអនឡាញលើភ្នំបូកគោ ក្រុងបូកគោ ខេត្តកំពត ។ ប៉ុន្តែមកដល់ចំណុចកើតហេតុ ខាងលើ ពួកគេបានចាប់ដកទូរស័ព្ទពីជនរងគ្រោះ ពេលនោះជនរងគ្រោះបានរើបំរ៉ាស់ និងបើកទ្វាររថយន្តលោតចុះ បណ្តាលអោយបោកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកំពុងសាកសួរចាត់ការតាមនីតិវិធី៕
ដោយ៖ ជ្រោយពេជ្រ