ភ្នំពេញ ៖ ក្រោយច្រានចោលការចោទប្រកាន់របស់ថៃ លោកស្រី ម៉ាលី សុជាតា អះអាងថា កងកម្លាំងកម្ពុជាមិនអនុញ្ញាតឱ្យមានស្នាមសាក់លើដងខ្លួនឡើយ
តាមរយៈសន្និសីទសារព័ត៌មាននៅម៉ោង៤រសៀលនេះ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់ថា ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនអនុញ្ញាតឱ្យយោធិន ដែលមានស្នាមសាក់លើដងខ្លួនចូលបម្រើការក្នុងក្របខណ្ឌណាមួយជាដាច់ខាត។
ដោយឡែក ព័ត៌មាន ដែលថាប៉ូលិសថៃ ចាប់ខ្លួនបុគ្គលម្នាក់ជាទាហានកម្ពុជា អ្នកនាំពាក្យរូបនេះ ថាជាការបង្កើតសាច់រឿង ក្នុងចេតនាមូលបង្កាច់កម្ពុជាប៉ុណ្ណោះ ។
“ក្រសួងការពារជាតិ មិនអនុញ្ញាតយោធិនគ្រប់រូបដែលមាន ស្នាមសាក់ លើដងខ្លួនដូចព័ត៌មានថៃផ្សាយ ចូលបម្រើការងារក្នុងក្របខណ្ឌណាមួយរបស់កងកម្លាំងរបស់យើងជាដាច់ខាត។ភាគីថៃសូមបញ្ឈប់ជាបន្ទាន់ ការផ្សាយមិនពិត ប្រឌិត គ្មានមូលដ្ឋាន ដែលនេះបង្ហាញពីភាពគ្មានវិជ្ជាជីវៈក្នុងស្ថាប័នព័ត៌មាន”។ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ ៕
ដោយ ៖ សិលា