ខេត្តកណ្ដាល៖ បុរសម្នាក់ជាបងប្រុសបង្កើតត្រូវបានសមត្ថកិច្ចស្រុកស្អាងឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពគំរាមកំហែងរកកាប់សម្លាប់ និងដុតផ្ទះប្អូនស្រីរបស់ខ្លួន រួមទាំងយកបន្ទះក្ដារ និងដុំថ្មគប់បំបែកបង្អួចកញ្ចក់ផ្ទះថែមទៀតផង។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៥ សីហា ២០២៥ វេលាម៉ោង ២០និង៣៧នាទី នៅចំណុចផ្ទះរបស់ជនរងគ្រោះ ដែលស្ថិតនៅជិតផ្ទះរបស់ជនសង្ស័យ ក្នុងភូមិព្រែកតាតិន ឃុំស្វាយប្រទាល ស្រុកស្អាង។
លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាងបានឲ្យដឹងថា កន្លងមកជនសង្ស័យឈ្មោះ សួន សុខ ភេទប្រុសអាយុ៤៨ឆ្នាំ តែងតែគំរាមកំហែងរកកាប់ សម្លាប់ និងដុតផ្ទះជនរងគ្រោះឈ្មោះ សួន ចាន់សុគន្ធា ភេទស្រី អាយុ៣៥ឆ្នាំ ជាប្អូនស្រីបង្កើតរបស់ខ្លួនជាញឹក ញាប់។ លុះដល់ថ្ងៃកើតហេតុ ខណៈដែលជនរងគ្រោះកំពុងហៅកូនឲ្យចូលដេក ជនសង្ស័យបានខឹងហើយចោទថាប្អូនស្រីដេញខ្លួន។ ភ្លាមៗនោះ ជនសង្ស័យក៏បានយកបន្ទះក្ដារគប់ទៅលើជនរងគ្រោះតែមិនត្រូវ ក៏បន្តយកដុំថ្មគប់បំបែកបង្អួចកញ្ចក់ផ្ទះអស់ ១ផ្ទាំង រួមទាំងស្រែកគំរាមកំហែងរកកាប់សម្លាប់ និងដុតផ្ទះចោលទៀតផង។
លោកអធិការបានបន្តថា នៅព្រឹកថ្ងៃទី៦ សីហា ២០២៥ ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប្រទាលឲ្យជួយអន្តរាគមន៍។ ក្រោយទទួលបានពាក្យបណ្ដឹង សមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងមានដុំថ្ម ១ដុំ និងបន្ទះក្ដារ ១ដើមយកមកសាកសួរ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់ពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យឈ្មោះ សួន សុខ ដែលធ្លាប់ជាប់ ពន្ធនាគារ ១លើកពីបទរំលោភសេពសន្ថវៈនោះ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕