ព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៧ ខែសីហា ឆ្នាំ២០២៥ កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក នឹងរួមគ្នាធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំប្រចាំឆ្នាំរបស់ខ្លួន ចាប់ផ្តើមពីថ្ងៃទី១៨ ខែសីហា ប៉ុន្តែនឹងពន្យារពេលផ្នែកខ្លះនៃសមយុទ្ធនោះ។
អ្នកនាំពាក្យអគ្គសេនាធិការចម្រុះនៃយោធាកូរ៉េខាងត្បូង លោក Lee Sung-jun បាននិយាយថា សមយុទ្ធប្រចាំឆ្នាំហៅថា Ulchi Freedom Shield ដែលមានរយៈពេល១១ថ្ងៃ នឹងប្រព្រឹត្តទៅក្នុងទ្រង់ទ្រាយស្រដៀងគ្នាជាមួយឆ្នាំ២០២៤ ប៉ុន្តែនឹងមានការកែសម្រួល ដោយព្រឹត្តិការណ៍ហាត់សមជាក់ស្តែងចំនួន២០ ក្នុងចំណោម៤០ ពោលគឺពាក់កណ្តាល ត្រូវបានសម្រេចលើកពេលទៅខែកញ្ញា។
លោក Lee បានបន្ថែមថា ការសម្រេចចិត្តពន្យារពេលផ្នែកខ្លះនៃសមយុទ្ធ គឺដោយសារហេតុផលមួយចំនួន រួមមានទាំងកត្តាអាកាសធាតុក្តៅខ្លាំង ហើយលោកបានបដិសេធថា មិនមានជាប់ពាក់ព័ន្ធកត្តានយោបាយឡើយ។ យ៉ាងណាមិញ យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង Yonhap មន្រ្តីជាន់ខ្ពស់ម្នាក់មកពីក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូង ដែលទទួលបន្ទុកទំនាក់ទំនងជាមួយកូរ៉េខាងជើង បានបង្ហើបឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ការសម្រេចចិត្តខាងលើ គឺមានគោលដៅបន្ធូរបន្ថយភាពតានតឹងជាមួយទីក្រុងព្យុងយ៉ាង។
សមយុទ្ធយោធា Ulchi Freedom Shield ឆ្នាំនេះនឹងរៀបចំឡើង ស្របពេលដែលរដ្ឋាភិបាលថ្មីកូរ៉េខាងត្បូង របស់ប្រធានាធិបតី លោក Lee Jae Myung ព្យាយាមធ្វើឱ្យទំនាក់ទំនងប្រសើរឡើងវិញ ជាមួយកូរ៉េខាងជើង ហើយស្តារកិច្ចសន្ទនាដែលជាប់គាំង។ កាលពីថ្ងៃចន្ទសប្តាហ៍នេះ កូរ៉េខាងត្បូងបានបញ្ឈប់ការប្រើឧបករណ៍បំពងសំឡេង ឃោសនាប្រឆាំងកូរ៉េខាងជើង នៅតាមបណ្តោយព្រំប្រទល់។
ទោះជាបែបនេះក្តី មកទល់ឥឡូវទីក្រុងព្យុងយ៉ាង ហាក់មិនស្វាគមន៍ការបន្ទន់ឥរិយាបថរបស់ទីក្រុងសេអ៊ូលនោះទេ។ អ្នកនាង Kim Yo Jong ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំ លោក Kim Jong Un បានចេញមុខនិយាយថា ការសម្រេចចិត្តរបស់កូរ៉េខាងត្បូង ក្នុងការបញ្ឈប់ការប្រើប្រាស់ឧបករណ៍បំពងសំឡេងឃោសនា គឺគ្មានត្រូវសក្តិសមអ្វីនឹងទទួលបានការស្វាគមន៍ឡើយ៕
រូបថត: Hanoi online