ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌឫស្សីកែវ បានស្រាវជ្រាវឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ ចំនួន៥នាក់ នៅចំនុចផ្លូវជាតិលេខ៥ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង០២នឹង០០នាទី រំលងអាធ្រាត្រ ក្នុងករណីលួចមានស្ថានទម្ងន់ទោស ដោយការប្រព្រឹត្តអំពើហិង្សា (វាយជនរងគ្រោះយកម៉ូតូ) នៅចំណុចដីឡូ ផ្លូវបេតុង ភូមិទួលពែ សង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។
បើតាមលោក ផល មេសា អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌ ដែលទទួលបានបទបញ្ជាពីលោក ហ៊ាង ថារ៉េត អធិការខណ្ឌ បានអោយដឹងថា កម្លាំងផ្នែកជំនាញ និងប៉ុស្តិ៍ ដើម្បីអនុវត្ត ស្រាវជ្រាវរហូតឈានដល់ការបង្ក្រាបបាន ជនសង្ស័យ ៥នាក់ ដែលបានធ្វើសកម្មភាពវាយជនរងគ្រោះយកម៉ូតូ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង០៨ និង៣០នាទីយប់ ។
លោក ផល មេសា អធិការរងខណ្ឌឬស្សីកែវ បានអោយដឹងថា ជនរងគ្រោះ ឈ្មោះ សុខ ទី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ១៤៨ ផ្លូវបេតុង ភូមិក្រោលគោ សង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មុខរបរនៅផ្ទះ ។
ចំណែកជនសង្ស័យទាំង៥នាក់ រួមមាន ៖
១-ឈ្មោះ ញ៉ែម ហូវ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ មានទីលំនៅស្នាក់ ភូមិបឹងសាឡាង សង្កាត់ប្ញស្សីកែវ រាជធានីភ្នំពេញ (ឃាត់ខ្លួន មានសារធាតុញៀន)
២-ជនសង្ស័យឈ្មោះ អ៊ូច ចន្ទសម្បត្តិ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិបឹងសាឡាង សង្កាត់ប្ញស្សីកែវ រាជធានីភ្នំពេញ (ឃាត់ខ្លួនមានសារធាតុញៀន)
៣-ជនសង្ស័យឈ្មោះលឹម ថាវីត ភេទប្រុស មុខរបរមិនពិតប្រាកដ អាយុ២៩ឆ្នាំ មានទីលំនៅ ភូមិ១ សង្កាត់ច្រាំងចំរេះ១ រាជធានីភ្នំពេញ(ឃាត់ខ្លួនមានសារធាតុញៀន)
៤-ជនសង្ស័យ ឈ្មោះ អាត អារីហ្វីន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិ១ សង្កាត់ច្រាំងចំរេះ១ រាជធានីភ្នំពេញ(ឃាត់ខ្លួនមានសារធាតុញៀន)
៥-ជនសង្ស័យ ឈ្មោះ ទី ដាវី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិ១ សង្កាត់ច្រាំងចំរេះ១ រាជធានីភ្នំពេញ (ឃាត់ខ្លួនមានសារធាតុញៀន) ។
ជាមួយគ្នានេះ សមត្ថកិច្ចបានដកហូតវត្ថុតាង ៖ ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ ផ្លាកលេខភ្នំពេញ 1LM-3617
ម៉ូតូ១គ្រឿងម៉ាក scoopy ពណ៍ស ពាក់ស្នាកលេខ ភ្នំពេញ 1LO 5719 ។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌ ឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕ជ្រោយពេជ្រ