អគ្គនាយកស៊ីម៉ាក់​៖ ផ្អែកតាមព័ត៌មានកំណត់ត្រា​សឹកសង្គ្រាមនៅទិសខេត្តឧត្តរមានជ័យ ការទម្លាក់គ្រាប់បែកពីយន្តហោះ​មានចំនួន១.៥៤៩គ្រាប់

ចែករំលែក៖

ខេត្តឧត្តរមានជ័យ​៖​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ លោក ហេង រតនា បានបញ្ជាក់កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ម្សិលមិញនេះ​ថា៖ បើផ្អែកតាមព័ត៌មានកំណត់ត្រា​សឹកសង្គ្រាមនៅទិសខេត្តឧត្តរមានជ័យ ការទម្លាក់គ្រាប់បែកពីយន្តហោះ​មានចំនួន១.៥៤៩គ្រាប់។​

លោកអគ្គនាយក​ស៉ីម៉ាក់​រូបនេះ​ បានបញ្ជាក់ទៀតថា អង្គភាព​ CMAC កំពុងដំណើរការស្រាវជ្រាវ​ ដាក់ស្លាកសញ្ញានិងបោសម្អាតទីតាំងដែលរងផលប៉ះពាល់ដោយសារការទម្លាក់គ្រាប់បែក​ និងគ្រាប់កាំភ្លើងធំគ្រប់ប្រភេទ​ ដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។

គួរជម្រាបជូនថា កាលពីថ្ងៃអាទិត្យ​ ទី១០​ ខែសីហា​ ឆ្នាំ២០២៥នេះ​ នៅចំណុចគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទMK-84 ស្ថិតនៅភូមិថ្មដូន​ ឃុំគោកមន​ ស្រុកបន្ទាយអំពិល​ ខេត្តឧត្តរមានជ័យ​ មានមន្ត្រីអនុពន្ធ័យោធា​ចំនួន១៤រូប​ ជាតំណាងមកពីប្រទេសចំនួន៩​ រួមមានអូស្ត្រាលី​ កាណាដា​ អង់គ្លេស​ ចិន​ ជប៉ុន​ កូរ៉េខាងត្បូង​ បារាំង​ ឡាវ និងវៀតណាម​ បានចុះពិនិត្យទីតាំងនិងគ្រាប់បែកMK-84នោះជាក់ស្តែង។

គ្រាប់បែកMK-84នេះ​ មានទម្ងន់ជិតមួយតោន​ មានបណ្តោយប្រមាណ៣.៥ម៉ែត្រ​ ទំហំអង្កត់ផ្ចិតជិតកន្លះម៉ែត្រ​ ផលិតនៅឆ្នាំ១៩៩៦។

បន្ថែមពីនេះ​ លោក ហេង រតនា បានបញ្ជាក់ថា នៅចំណុចទីតាំងតែមួយនេះ​ ក្រុមទាហ៊ានថៃ បានទម្លាក់គ្រាប់បែកចំនួន១០គ្រាប់​ ហើយផ្ទុះចំនួន៤គ្រាប់​ រីឯ៦គ្រាប់មិនផ្ទុះ​ដោយរួមទាំងគ្រាប់បែកMK-84​ ដែលបានឃើញនេះផងដែរ៕

...

ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print