ខេត្តឧត្តរមានជ័យ៖ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ លោក ហេង រតនា បានបញ្ជាក់កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ម្សិលមិញនេះថា៖ បើផ្អែកតាមព័ត៌មានកំណត់ត្រាសឹកសង្គ្រាមនៅទិសខេត្តឧត្តរមានជ័យ ការទម្លាក់គ្រាប់បែកពីយន្តហោះមានចំនួន១.៥៤៩គ្រាប់។
លោកអគ្គនាយកស៉ីម៉ាក់រូបនេះ បានបញ្ជាក់ទៀតថា អង្គភាព CMAC កំពុងដំណើរការស្រាវជ្រាវ ដាក់ស្លាកសញ្ញានិងបោសម្អាតទីតាំងដែលរងផលប៉ះពាល់ដោយសារការទម្លាក់គ្រាប់បែក និងគ្រាប់កាំភ្លើងធំគ្រប់ប្រភេទ ដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។
គួរជម្រាបជូនថា កាលពីថ្ងៃអាទិត្យ ទី១០ ខែសីហា ឆ្នាំ២០២៥នេះ នៅចំណុចគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទMK-84 ស្ថិតនៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ មានមន្ត្រីអនុពន្ធ័យោធាចំនួន១៤រូប ជាតំណាងមកពីប្រទេសចំនួន៩ រួមមានអូស្ត្រាលី កាណាដា អង់គ្លេស ចិន ជប៉ុន កូរ៉េខាងត្បូង បារាំង ឡាវ និងវៀតណាម បានចុះពិនិត្យទីតាំងនិងគ្រាប់បែកMK-84នោះជាក់ស្តែង។
គ្រាប់បែកMK-84នេះ មានទម្ងន់ជិតមួយតោន មានបណ្តោយប្រមាណ៣.៥ម៉ែត្រ ទំហំអង្កត់ផ្ចិតជិតកន្លះម៉ែត្រ ផលិតនៅឆ្នាំ១៩៩៦។
បន្ថែមពីនេះ លោក ហេង រតនា បានបញ្ជាក់ថា នៅចំណុចទីតាំងតែមួយនេះ ក្រុមទាហ៊ានថៃ បានទម្លាក់គ្រាប់បែកចំនួន១០គ្រាប់ ហើយផ្ទុះចំនួន៤គ្រាប់ រីឯ៦គ្រាប់មិនផ្ទុះដោយរួមទាំងគ្រាប់បែកMK-84 ដែលបានឃើញនេះផងដែរ៕