ភ្នំពេញ៖ លោក ខៀវ កាញារិទ្ធ ឧត្តមប្រឹក្សាព្រះមហាក្សត្រ និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម បានថ្លែងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកថា៖ សៀម ឬ ថៃ ? ចាស់ៗខ្មែរនៅសុរិន្ទ គាត់មិនដែលហៅថៃទេគាត់ហៅសៀម ។
លោក ខៀវ កាញារិទ្ធ បានថ្លែងថា មានអ្នកសួរខ្ញុំច្រើនពីរឿងនេះ ថ្ងៃនេះសូមនិយាយបន្តិចតែសូមបញ្ជាក់ថានេះមិនមែនជាការរើសអើងពូជសាសន៍អ្វីទាំងអស់ តែជាការរៀបរាប់ប្រវត្តិសាស្ត្រភូមិសាស្ត្រនយោបាយបន្តិចបន្តួចប៉ុណ្នោះ ។ ថៃជាពូជសាសន៍មួួយដែលមានដើមកំណើតនៅយូណាន ដែលគេហៅថាជនជាតិតៃ ឬ ថៃ ។ ជនជាតិនេះមានចែកជាកុលសម្ព័ន្ធជាច្រើន ក្នុងនេះមានសៀម វៀតណាម ( ខ្មែរហៅយួនព្រោះសម្គាល់ថាជាជនជាតិមកពីយូណាន់ = យួន ) ។
លោក ខៀវ កាញារិទ្ធ បានបន្តថា នៅពេលពួកម៉ុងហ្គោលចូលលុកលុយចិន ជនជាតិនេះក៏ចុះមកខាងត្បូងគឺសៀមមកខាងកម្ពុជា វៀតណាមមកខាងចម្ប៉ា ហើយក៏បានរីកធំធាត់ខ្លួននៅពេលដែលចក្រពខ្មែរ និង ចម្ប៉ាចុះខ្សោយ ។ ពេលរីកធំធាត់ក៏សៀមនៅតែហៅខ្លួនជាសៀមដដែលទេ ( Siam Kingdom ) ។ ក្រោយពីច្បាំងចាញ់បារាំង សៀមត្រូវប្រគល់ខេត្តមួយចំនួនពិសេសបាត់ដំបង សៀមរាប មួយភាគនៃទន្លេសាប មកបារាំងត្រួតត្រាវិញ ដែលធ្វើអោយសៀមមានការឈឺចាប់យ៉ាងខ្លាំង ។ នៅពេលក្រោយពីរដ្ឋប្រហារប្រែប្រទេសសៀមពីរបបរាជានិយមទាំងស្រុង ទៅជា របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនាឆ្នាំ ១៩៣២ មក សៀមក៏បានដូរឈ្មោះពីរាជាណាចក្រស្យ៉ាម ទៅជា ថៃឡង់វិញ ។ តើមកពីហេតុអ្វី ? ព្រោះសៀមមានមហិច្ឆតាត្រួតត្រាទឹកដីទាំងអស់ណាដែលមានជនជាតិតៃ/ថៃ រស់នៅ ។ ហេតុនេះហើយ ទើបហ្លួងវិបុលសង្គ្រាមបានសរសេរថា ខ្មែរដែលកសាងអង្គរវត្តនោះបានរលាយផុតពូជហើយ អ្នកនៅបច្ចុប្បន្ននេះគឺជាជនជាតិមួយផ្សេងដែលបន្តពីខ្មែរកសាងអង្គរទេ ។
លោក ខៀវ កាញារិទ្ធ បានឱ្យដឹងទៀតថា ពេលបារាំងឃើញអង្គរវត្តភ្លាម បារាំងក៏បានដាក់សំណួរ នេះដែរ ថាតើជនជាតិដែលកសាងអង្គរនេះទៅណាអស់ហើយ ? ដោយខ្មែរនៅសតវត្សរ៍ទី ១៩ ទន់ខ្សោយមែនទែន ហើយមានប្រជាជនមិនដល់មួយលាននាក់ផង ។ តែដោយពិនិត្យក្បាច់ចម្លាក់ថ្មអ្នកពោធិសាត់ និង ក្បាច់ក្បូរលើគ្រឿងប្រាក់ ស្រទបចេកបុណ្យនានា និង ពិសេសក្រោយការអានដាច់សីលាចារឹកមក ទើបគេដឹងថាគឺខ្មែរបច្ចុប្បន្ននេះហើយជាអ្នកបន្តវេនអង្គរ ។ ហេតុនេះ ការដែលចាស់ៗអ្នកសុរិន្ទហៅថា សៀម មិនខុសទេ៕