ភ្នំពេញ៖ ជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿងបានធ្វេីសកម្មភាពឆក់កាបូបពីនារីម្នាក់ដែលកំពុងជិះឡំប្រឺតាបានសម្រេចហេីយជនសង្ស័យម្នាក់បានចុះពីលេីម៉ូតូដកកាំភ្លើងខ្លីបាញ់គំរាមចំនួនពីរគ្រាប់ ភ្លាមៗនោះស្រាប់តែមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងបានដេញបំបុកជនសង្ស័យបណ្ដាលឲ្យសន្លប់ត្រូវបានប្រជាពលរដ្ឋឃាត់បានប្រគល់ឲ្យសមត្ថកិច្ច ចំណែកឯបក្សពួកម្នាក់ទៀតជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង២:១០នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ទល់មុខវត្តរស្មីសោភណារាម ហៅវត្តសន្លុង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមិនបញ្ចេញអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា សំភារៈបាត់បង់ក្នុងកាបូបមានទូរស័ព្ទម៉ាកIphone 15 promix មួយគ្រឿង និងលុយ២០ម៉ឺនរៀលតែប៉ុណ្ណោះ ។
ចំណែកជនសង្ស័យ២នាក់ក៏សមត្ថកិច្ច
មិនទាន់អោយស្គាល់អត្តសញ្ញាណដូចគ្នា គ្រាន់តែដឹងថា ដកហូតវត្ថុតាង មានដូចជាកាបូប១ ទូរស័ព្ទ១គ្រឿង ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង1T-2523 គ្រាប់កាំភ្លើង៣គ្រាប់ និងកាំភ្លើងខ្លីមួយដេីមមិនស្គាល់ម៉ាក ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកេីតហេតុ នារីជាជនរងគ្រោះ២នាក់បានហៅឡំប្រឺតាជិះពីម្តុំទន្លេបាទី ខេត្តតាកែវ ក្នុងគោលបំណងទៅក្រុងតាខ្មៅ ខេត្តកណ្ដាល លុះជិះតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកេីតហេតុ ស្រាប់តែមានបុរសជាជនសង្ស័យចំនួន៣នាក់ជិះម៉ូតូ២គ្រឿងក្នុងនោះមានម៉ាកហុងដាឌ្រីមមួយគ្រឿងនិងហុងដាឃ្លីកមួយគ្រឿង បានជិះមកធ្វើសកម្មភាពឆក់យកកាបូបពីនារីម្នាក់ក្នុងចំណោម២នាក់បានសម្រេច តែកាបូបបានធ្លាក់លើផ្លូវ ហេីយពេលនោះក្រុមជនសង្ស័យបានបើកម៉ូតូមករេីសយកកាបូបវិញ និងបានដកកាំភ្លើងខ្លីបាញ់គំរាមចំនួន២គ្រាប់ ។
ប្រភពដដែលបានបន្តទៀតថា ជនសង្ស័យម្នាក់បានជិះម៉ូតូរត់គេចដោយយកកាបូបរបស់ជនរងគ្រោះទៅជាមួយ ហើយជនសង្ស័យ២នាក់ដែលជិះម៉ូតូហុងដាឌ្រីម ត្រូវបានបងប្អូនប្រជាពលរដ្ឋ អ្នកធ្វើដំណើរឃេីញហេតុការណ៍នេះក៏បើកម៉ូតូបំបុកបណ្តាលឲ្យដួលរងរបួស ហើយឃាត់បានបុរសទាំង២នាក់ប្រគល់ឲ្យសមត្ថកិច្ចតែម្ដង ។
ករណីនេះផងដែរ ជនសង្ស័យមិនបានសារភាពថាខ្លួនជាអ្នកប្រព្រឹត្តនោះទេ ។
បន្ទាប់ពីកេីតហេតុជនសង្ស័យរួមទាំងវត្ថុតាងនិងជនរងគ្រោះត្រូវបានសមត្ថកិច្ចស្រុកកណ្ដាលស្ទឹងនាំយកទៅសួរនាំដេីម្បីបន្តតាមនីតិវិធី ៕
ដោយ៖ ជ្រោយពេជ្រ