ភ្នំពេញ ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ នឹងរៀបចំកិច្ចប្រជុំជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ និងជំនាញពាក់ព័ន្ធ នៅថ្ងៃទី១២ សីហា ឆ្នាំ២០២៥នេះ ដើម្បីសម្របសម្រួលផ្តល់ឯកសារអត្តសញ្ញាណជូនប្រជាពលរដ្ឋខ្មែរដែលត្រឡប់មកពីប្រទេសថៃ។
យោងតាមរបៀបវារះ កិច្ចប្រជុំនេះនឹងមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី និងថ្នាក់ដឹកនាំទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចាប់ពីអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម រហូតដល់ថ្នាក់ដឹកនាំរដ្ឋបាលរាជធានី-ខេត្ត និងរដ្ឋបាលក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់។
លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ថ្លែងថា កិច្ចប្រជុំនេះមានគោលដៅធ្វើឱ្យសម្រេចបានការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលមានក្រសួងមហាផ្ទៃជាសេនាធិការ សម្រាប់ប្រជាពលរដ្ឋចំណាកស្រុកដែលទើបវិលពីប្រទេសថៃ ដើម្បីចាប់ផ្ដើមជីវភាពថ្មី ដែលត្រូវការឯកសារអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មប្រើប្រាស់ប្រចាំថ្ងៃ ក្នុងករណីពួកគាត់ពុំមាន ឬពុំធ្លាប់បានធ្វើពីមុនមក ៕
ដោយ ៖ សិលា