អ្នកនាំពាក្យក្រសួងការពារជាតិ៖ កម្ពុជានៅតែបន្តអំពាវនាវឱ្យភាគីថៃអនុវត្តកិច្ចព្រមព្រៀង (GBC) ដោយស្មោះត្រង់ និងប្រគលឱ្យកម្ពុជាវិញនូវកងកម្លាំងកម្ពុជា«១៨រូប»ដែលថៃបានចាប់ខ្លួនដោយខុសច្បាប់

ចែករំលែក៖

ភ្នំពេញ ៖ ថ្លែងនៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅវេលាម៉ោង ៧:០០ នាទីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា យោងតាមស្មារតីនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូរទៅ (GBC) គឺភាគីទាំងពីរកម្ពុជា-ថៃ បានឯកភាពគ្នាគោរពច្បាប់មនុស្សធម៌អន្តរជាតិក្នុងការប្រព្រឹត្តចំពោះទាហានដែលត្រូវបានចាប់ខ្លួនរួមមានលក្ខខណ្ឌនៃរស់នៅ ផ្តល់ជម្រក ម្ហូបអាហារ និងការថែរទាំងសុខភាពក្នុងករណីមានរបួស។

លោកស្រីឧត្តមសេនីយ៍ឯក បានថ្លែងបន្តថា ប្រសិនភាគីម្ខាងមានបំណងជួយសង្គ្រោះ និងបញ្ជូនទៅព្យាបាលនូវទាហាន ឬជនស៊ីវិលរងរបួសរបស់ខ្លួនដែលមិនស្ថិតនៅក្រោមគ្រប់គ្រងរបស់ភាគីម្ខាងទៀត នោះភាគីម្ខាងទៀតដែលទទួលការព្យាបាលអាចពិចារណាធ្វើការឆ្លើយតបដោយផ្អែកលើសមត្ថភាពនៃមណ្ឌលផ្តល់សេវាផ្នែកវេជ្ជសាស្ត្ររបស់ខ្លួន រួមមានសម្ភារៈ បុគ្គលិកពេទ្យ ឬក្រោមសីលធម៌វេជ្ជសាស្ត្រ ដែលអាស្រ័យទៅតាមករណីជាក់ស្តែងនីមួយៗ ហើយទាហានដែលត្រូវចាប់ខ្លួន ត្រូវធ្វើការដោះលែង និងធ្វើមាតុភូមិនិវត្តន៍ភ្លាមៗ ក្រោយសកម្មភាពអរិភាពត្រូវបានបញ្ចប់ស្របមាត្រា១១៨ នៃអនុសញ្ញាទីក្រុងហ្សឺណែវទី៣ ឆ្នាំ១៩៤៩ និងវិធានការណ៍ទី១២៨អេ នៃទំនៀមទន្លាប់មនុស្សធម៌អន្តរជាតិ ភាគីទាំងពីរបានឯកភាពគ្នាផ្លាស់ប្តូរព័ត៌មាន និងសម្របសម្រួលក្នុងការប្រគល់សាកសពមកវិញឱ្យបានឆាប់រហ័ស និងប្រកបដោយភាពថ្លៃថ្នូរ នៅទីតាំងដែលបានព្រមព្រៀងគ្នាដោយអនុលោមតាមគោលដៅមនុស្សធម៌ និងដែនសមត្ថកិច្ចដោយមិនឆ្លងព្រំដែនឡើយ។ ហើយត្រូវធានាថាត្រូវចាត់វិធានការណ៍សមស្រប ដើម្បីកំណត់អត្តសញ្ញាណ និងចាត់ចែងសាកសពប្រកបដោយក្តីគោរព និងលក្ខខណ្ឌអនាម័យត្រឹមត្រូវ ដើម្បីចៀសវាងកុំឱ្យសាកសពណាមួយត្រូវបានបោះបង់ ឬទុកចោល។

ទន្ទឹមនោះផងដែរ លោកស្រីឧត្តមសេនីយ៍ឯក បានថ្លែងបញ្ជាក់ថា ដោយផ្អែកក្នុងស្មារតីខាងលើនេះ កម្ពុជា នៅតែបន្តអំពាវនាវឱ្យភាគីថៃអនុវត្តតាមកិច្ចព្រមព្រៀងគ្នាខាងលើ និងប្រគល់មកឱ្យកម្ពុជាវិញ នូវនាយទាហានចំនួន ១៨រូប ដែលត្រូវបានភាគីថៃចាប់ខ្លួន ក្រោយពេលបទឈប់បាញ់ដោយខុសច្បាប់ដែលគិតត្រឹមថ្ងៃនេះ គឺមានរយៈពេល ១៤ថ្ងៃហើយ។

អ្នកនាំពាក្យក្រសួងការពារជាតិលើកថា ៖ កម្ពុជាបន្តអំពាវនាវឱ្យភាគីថៃ អនុវត្តតាមកិច្ចព្រមព្រៀង ដោយប្រគល់ឱ្យកម្ពុជាវិញនូវ យោធិនទាំង១៨រូប ដែលត្រូវភាគីថៃចាប់ខ្លួនដោយខុសច្បាប់ ក្រោយបទឈប់បាញ់ ដែលរហូតដល់មកដល់ពេលនេះ មានរយៈពេល១៤ថ្ងៃហើយ ដែលគ្រួសាររបស់ពួកគាត់កំពុងរង់ចាំទាំងយប់ទាំងថ្ងៃ !
អ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់ថា កម្ពុជាសង្ឃឹមថា កិច្ចប្រជុំ RBC នេះ នឹងចូលរួមជាវិជ្ជមានថែមទៀត ដល់ការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងនាំមកនូវសន្តិភាព សន្តិសុខ ប្រក្រតីភាព នៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ។
លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានលើកឡើងថា បញ្ហាព្រំដែនមិនអាចធ្វើការកែប្រែតាមរយៈការប្រើប្រាស់កម្លាំងជាដាច់ខាត ហើយបញ្ហាព្រំដែនត្រូវតែដោះស្រាយតាមយន្តការបច្ចេកទេស និងយន្តការច្បាប់អន្តរជាតិ។ កម្ពុជា សូមប្តេជ្ញាចិត្តយ៉ាងម៉ឹងម៉ាត់ និងច្បាស់លាស់បំផុតនូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនក្នុងការគោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវលក្ខខណ្ឌនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ព្រមទាំងស្មារតី និងការឯកភាពគ្នារវាងភាគីទាំងពីរ នៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែទូទៅ (GBC) កាលពីថ្ងៃទី៧ ខែរសីហា ឆ្នាំ២០២៥ ថ្មីៗនេះ ដោយធ្វើការជាមួយភាគីថៃ ប្រទេសម៉ាឡេស៉ី សមាជិកអាស៊ាន និងដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីធានាថាការអនុវត្តបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព ពេញលេញ និងដោះស្រាយរាល់វិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print