ខេត្ដឧត្ដមានជ័យ៖ ជនជាតិចិនម្នាក់ ត្រូវបានប្រជាពលរដ្ឋចាប់ឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចនគរបាលខេត្តឧត្តរមានជ័យ ខណៈពួកគាត់ប្រទះឃើញរថយន្ដជនសង្ស័យជាប់ផុង ក៏នាំគ្នាទៅជួយរុញ ក៏ប្រទះឃើញសាកសពនៅក្នុងរថយន្ដបង្កការភ្ញាក់ផ្អើលតែម្តង។
ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៤ និង៣០នាទីរសៀលថ្ងៃទី១១ខែសីហាឆ្នាំ២០២៥ម្សិលមិញនេះ នៅចំណុចភូមិ អូរខ្លាឃ្មុំ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ។
ប្រភពដដែលបន្តថា ករណីនេះ គឺសង្ស័យជាករណីឃាតកម្ម សម្លាប់រួចដឹកយកទៅបោះចោលកន្លែងស្ងាត់ បំបាត់ភស្តុតាង។ ប៉ុន្តែសំណាងអាក្រក់រថយន្តត្រូវជាប់ផុង ទៅមុខមិនរួច ក៏ប្រជាពលរដ្ឋនាំគ្នាជួយរុញ និងប្រទះឃើញមនុស្សស្លាប់ រួចទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកឃាត់ខ្លួនតែម្តង។
គួរបញ្ជាក់ថា ករណីនេះក្នុងចំណោមបក្ខពួកជនជាតិចិន ដែលបានសម្លាប់មនុស្ស គឺមានគ្នាចំនួន៦នាក់ និងថរយន្តជិះធ្វើកម្មភាពចំនួន០២គ្រឿង ។ ក្រោយពីបែកការ រថយន្តមួយគ្រឿងមានគ្នា៥នាក់ បានបើករត់គេចខ្លួនបាត់ស្រមោល ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញ កំពុងបន្តការស្រាវជ្រាវតាមប្រម៉ាញ់ចាប់ខ្លួនបក្ខពួកជនសង្ស័យដែលសេសសល់ព្យាយាមរត់គេចខ្លួនទាំងនោះ យកមកដាក់ទោសតាមនីតិវិធីច្បាប់៕