បុរសពីរនាក់ត្រូវបានសម្លាប់ និងរាប់ពាន់នាក់ទៀតត្រូវបានបង្ខំឱ្យជម្លៀសចេញពីផ្ទះរបស់ពួកគេកាលពីថ្ងៃទី 12 ខែសីហា ខណៈដែលរលក កម្តៅអូសបន្លាយបានធ្វើឱ្យភ្លើងឆេះព្រៃកាន់តែឆេះខ្លាំងនៅអឺរ៉ុបភាគខាងត្បូង។
ការព្រមានអំពីរលកកម្តៅត្រូវបានចេញនៅក្នុងប្រទេសមួយចំនួននៅអឺរ៉ុបភាគខាងត្បូង រួមមានក្រិក អុីតាលី បារាំង អេស្បា៉ញ ព័រទុយហ្គាល់ និងតំបន់បាល់កង់ ដោយព្យាករណ៍ថា សីតុណ្ហភាពនឹងកើនឡើងលើសពី 40 អង្សាសេ។ រលកកម្តៅគឺជាសញ្ញានៃផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដែលបណ្តាលឱ្យមានកម្តៅខ្លាំង ញឹកញាប់ ខ្លាំង និងអូសបន្លាយពេលយូរ។
នៅប្រទេសម៉ុងតេណេហ្គ្រោ ទាហានម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ នៅពេលដែលនាវាដឹកទឹកមួយគ្រឿងបានក្រឡាប់ពេលកំពុងប្រយុទ្ធនឹងភ្លើងនៅលើភ្នំភាគខាងជើងនៃរដ្ឋធានី។
នាយករដ្ឋមន្ត្រីអេស្ប៉ាញលោក Pedro Sanchez បាននិយាយនៅលើទំព័រផ្ទាល់ខ្លួនរបស់គាត់ថា កងកម្លាំងជួយសង្គ្រោះកំពុងធ្វើការដើម្បីពន្លត់ភ្លើង និងបានព្រមានអំពីហានិភ័យនៃភ្លើងឆេះព្រៃនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។ មនុស្សប្រហែល 2,000 នាក់ត្រូវបានជម្លៀសចេញពីសណ្ឋាគារនិងផ្ទះនៅក្បែរឆ្នេរ Tarifa ដ៏ពេញនិយមនៅក្នុងតំបន់ Andalusia ភាគខាងត្បូង។
នៅប្រទេសជិតខាងព័រទុយហ្គាល់ ក្រុមអ្នកពន្លត់អគ្គិភ័យកំពុងប្រយុទ្ធនឹងភ្លើងឆេះព្រៃធំៗចំនួនបី ដែលធ្ងន់ធ្ងរបំផុតគឺនៅកណ្តាលប្រទេស។ អ្នកពន្លត់អគ្គិភ័យជាង 700 នាក់ត្រូវបានដាក់ពង្រាយនៅក្នុងតំបន់។
បរិមាណនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ និងផ្សែងដែលទាក់ទងនឹងភ្លើងឆេះព្រៃ ចាប់តាំងពីការចាប់ផ្តើមរដូវក្តៅនៅអឌ្ឍគោលខាងជើង គឺជាចំនួនខ្ពស់បំផុតមិនធ្លាប់មានដែលបានកត់ត្រាទុក នេះបើយោងតាមទីភ្នាក់ងារត្រួតពិនិត្យអាកាសធាតុរបស់សហភាពអឺរ៉ុប។ កំណត់ត្រាសីតុណ្ហភាពត្រូវបានបំបែកនៅក្នុងតំបន់មួយចំនួន រួមមានប្រទេសបារាំង ក្រិក និងប្រទេសមួយចំនួនទៀត។ ជាមួយគ្នានេះ ទាហាន និងក្រុមពន្លត់អគ្គិភ័យរាប់រយនាក់ក៏កំពុងប្រយុទ្ធនឹងភ្លើងឆេះព្រៃនៅក្នុងប្រទេសអាល់បានីផងដែរ។
ជាងពាក់កណ្តាល (52%) នៃទ្វីបអឺរ៉ុប និងអាងមេឌីទែរ៉ាណេ បានជួបប្រទះគ្រោះរាំងស្ងួតក្នុងរយៈពេល 4 ខែកន្លងមក នេះបើយោងតាមទិន្នន័យពីក្រុមអង្កេតគ្រោះរាំងស្ងួតអឺរ៉ុប (EDO)។ កម្រិតគ្រោះរាំងស្ងួតក្នុងតំបន់បានឈានដល់កម្រិតខ្ពស់បំផុតដែលបានកត់ត្រាទុកក្នុងខែកក្កដា ចាប់តាំងពីឆ្នាំ 2012 ដែលលើសពីមធ្យមភាគឆ្នាំ 2012-2024 ដល់ទៅ 21% ៕ ដោយធីរីណា
រូបថត: VOV