ភ្នំពេញ ៖ លោកស្រីម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅម៉ោង១១ ព្រឹកថ្ងៃទី១៣ ខែសីហានេះថា ៖ ការអនុវត្តបទឈប់បាញ់យ៉ាងពេញលេញ រវាងភាគីទាំងពីរ កម្ពុជា-ថៃ នឹងធ្វើឱ្យ បរិយាកាសមានភាព អំណោយផល ឆ្ពោះទៅការនាំមកវិញនូវសន្តិភាព ស្ថិរភាព និងប្រក្រតីភាពនៃទំនាក់ទំនងរវាងកម្ពុជា ដែលជាបំណងប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរ និងពិភពលោកក៏ឃើញបែបនេះដែរ និងទទូចឱ្យថៃ គោរព បទឈប់បាញ់ ដែលជាបំណងប្រាថ្នារបស់ប្រជាជនប្រទេសទាំងពីរ និងពិភពលោក ។
ក្នុងន័យនេះ កម្ពុជា តាមរយៈអ្នកនាំពាក្យក្រសួងការពារជាតិ បានអំពាវនាវជាថ្មីទៀត ឱ្យភាគីថៃ ប្រកាន់ខ្ជាប់នូវស្មារតីបទឈប់បាញ់ដើម្បីឈានទៅរកការដោះស្រាយជម្លោះដោយសន្តិវិធី ដែលភាគីទាំងពីរបានឯកភាពគ្នាទាំងនៅក្នុងកិច្ចប្រជុំពិសេសនៅម៉ាឡេស៊ី នៅថ្ងៃទី២៨កក្កដា និងកិច្ចប្រជុំ GBC កាលពីថ្ងៃទី៧ ខែសីហា។
អ្នកស្រី ម៉ាលី សុជាតា បានបន្តបញ្ជាក់ការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការធ្វើការប្រកបដោយស្មារតីស្ថាបនា ដោយស្មោះត្រង់ និងសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសថៃ ម៉ាឡេស៊ី បណ្តាប្រទេសសមាជិកអាស៊ានដដៃទៀត និងដៃគូពាក់ព័ន្ធទាំងអស់ដូចជាអាម៉េរិក និងចិនជាដើម ដើម្បីធានាការអនុវត្តបទឈប់បាញ់យ៉ាងពេញលេញ ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។ ក្នុងនោះ កម្ពុជា ថ្លែងអំណរគុណដល់សហគមន៍អន្តរជាតិ ដែលបានជួយធ្វើការទាមទារឲ្យភាគីថៃ ធ្វើការដោះលែងទាហានកម្ពុជាទាំង១៨នាក់ ដែលថៃចាប់ទៅដោយខុសច្បាប់ ខណៈកំពុងអនុវត្តបទឈប់បាញ់ មកដល់ថ្ងៃនេះ គឺមានរយៈពេល១៥ហើយនោះ។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បញ្ជាក់ជាថ្មីថា ការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការធ្វើការប្រកបដោយស្មារតីស្ថាបនា ដោយស្មោះត្រង់ និងសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសថៃ ម៉ាឡេស៊ី បណ្តាប្រទេសសមាជិកអាស៊ានដទៃទៀត និងដៃគូពាក់ព័ន្ធទាំងអស់ដូចជាសហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិនជាដើម ដើម្បីធានាការអនុវត្តបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព និងពេញលេញ និងដោះស្រាយរាល់វិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន៕
ដោយ ៖ សិលា