ប្រព័ន្ធផ្សព្វផ្សាយកម្ពុជាបានដំណើរការដោយពង្រឹងភាពជាម្ចាស់លើខ្លួនឯងនៅក្នុងសម័យឌីជីថល

ចែករំលែក៖

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មានបានបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយកម្ពុជាបានដំណើរការដោយពង្រឹងភាពជាម្ចាស់លើខ្លួនឯងនៅក្នុងសម័យឌីជីថល បើទោះបីជាមានឬមិនមានការគាំទ្រពីភាគីណាមួយក៏ដោយ។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍….. !

លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានមានប្រសាសន៍ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ថា នៅក្នុងយុគសម័យឌីជីថល ទាំងប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ និងឯកជន បានបង្ហាញពីភាពជាម្ចាស់ការ និងលទ្ធភាព បន្សាំទៅនឹងការវិវត្តន៍នៃបច្ចេកវិទ្យាទាំងពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។
លោកបញ្ជាក់បែបនេះថា ៖ « ភាពរីកចម្រើននៃបច្ចេកវិទ្យានេះ បានតម្រូវឱ្យអង្គភាពសារព័ត៌មានទាំងរដ្ឋ និងឯកជន ធ្វើការផ្លាស់ប្ដូររបៀបរបបក្នុងការដំណើរការផ្សព្វផ្សាយ និងការប្រកបអាជីវកម្មរបស់ខ្លួនសម្របទៅនឹងការរីកចម្រើនបច្ចេកវិទ្យា ដោយចាប់យកមធ្យោបាយឌីជីថលក្នុងការផ្សព្វផ្សាយព័ត៌មានបន្ថែមឱ្យការផ្សព្វផ្សាយព័ត៌មានលក្ខណៈប្រពៃណី ខណៈដែលកម្ពុជាបន្តរក្សានូវកេរដំណែលប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី ។ ក្រោមការដឹកនាំរបស់លោកនេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឱ្យកាសែតកម្ពុជា ដែលជាកាសែតបោះពុម្ពបែបប្រពៃណីបានដំណើរការឡើងវិញ។ ទាំងហ្នឹងហើយជាផ្នែកនៃការថែរក្សាកេរដំណែលឱ្យនៅតែមានក្នុងប្រព័ន្ធផ្សព្វផ្សាយកម្ពុជា ខណៈយើងបាននឹងកំពុងពង្រឹងពង្រីកសក្តានុពលនៃការផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថលឱ្យស្របទៅតាមនិន្នាការនៃការទទួលព័ត៌មាននាពេលបច្ចុប្បន្ននេះ។»
លោកសង្កេតឃើញថា ទាំងប្រព័ន្ធផ្សាយរបស់រដ្ឋ និងឯកជនកំពុងសម្របខ្លួន បត់បែនទៅតាមតម្រូវការក្នុងសម័យបច្ចេកវិទ្យា ដោយមានភាពប្រកួតប្រជែងខ្លាំងទាំងគុណភាព និងការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ សមត្ថភាពជំនាញបច្ចេកទេសឌីជីថល ការរៀបចំផែនការ ការគ្រប់គ្រង និងការផ្សាយព័ត៌មានតាមបែបឌីជីថល ទាំងក្នុងក្របខណ្ឌជាតិ និងតំបន់ ដើម្បីទទួលបានការទុកចិត្តមហាជន ព្រមទាំងទទួលបានប្រភពចំណូលពីក្រុមហ៊ុនឯកជន និងពីប្រទេសដៃគូ។ ទាំងនេះហើយ គឺជាការពង្រឹងខ្លួន និងរស់ដោយខ្លួនឯង ខណៈកម្ពុជាក៏ស្វាគមន៍មូលនិធិផ្សេងៗមកគាំទ្រដែរ ពោលគឺប្រព័ន្ធផ្សាយកម្ពុជាអាចដើរទៅមុខបានដោយភាពម្ចាស់ការលើខ្លួនឯង។
តាមរយៈការស្ទង់មតិឆ្នាំ២០២៥របស់ក្រសួងព័ត៌មានបានបង្ហាញថា លំហពាក់ព័ន្ធទៅនឹងសេរីភាពសារព័ត៌មានជាង៨៦ភាគរយបានបង្ហាញថា អ្នកសារព័ត៌មានមានសេរីភាពពេញលេញក្នុងការយកព័ត៌មានពីប្រភពនានាដោយសុវត្ថិភាពសម្រាប់ការផលិត និងផ្សព្វផ្សាយព័ត៌មានរបស់ខ្លួន ។
បើយោងតាមលទ្ធផលនេះ កម្រិតសុវត្ថិភាពការងាររបស់អ្នកសារព័ត៌មាន មានការកើនឡើង៦,២ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំ២០២៤ ដែលមានចំនួន៧៩,៨ភាគរយ។ អ្នកសារព័ត៌មានចំនួន ៩៦% យល់ថាកម្ពុជាមានប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសម្បូណ៍បែបដែលផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ខណៈអ្នកសារព័ត៌មានចំនួន៩៧% បានឆ្លើយឯកភាពថាការមានប្រព័ន្ធផ្សព្វផ្សាយសម្បូណ៍បែបបានចូលរួមលើកកម្ពស់សេរីភាពសារព័ត៌មាននៅកម្ពុជា។
សូមបញ្ជាក់ថា ក្នុងសម័យបច្ចេកវិទ្យាឌីជីថលនេះ អង្គភាពសារព័ត៌មានរបស់រដ្ឋ និងឯកជនបានផ្តោតសំខាន់លើការងារផ្សព្វផ្សាយតាមបណ្តាញសង្គមដូចជា៖ Facebook, TikTok, Instagram, YouTube, X (Twitter) និង Telegramជាដើម ៕

...

ប្រភព ៖ «CCFR China state-controlled media »

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print