និស្ស័យបងប្អូន ដូចទឹកនិងក្បូន ជាប់ជាសន្ដាន អ្នកម៉ែបានជួប
ប្រសព្វច្បាស់ប្រាណ បងប្រុសនាឋានយកទៅឲ្យបាន។
បងប្រុសទីពីរ គាត់ឈ្មោះហ៊ាទ្រី ជុំកូនរួមផ្ទៃ ប្អូនស្ទុះអោបបង។ត្រកងក្នុងដៃ ឱ!ព្រះម្ចាស់ថ្លៃ បងបែកទៅណា?
រៀបរាប់សារសព្ទ ប្អូនបងត្រូវប្រាប់ ប្រវត្តិសាវតា បងទ្រីស្គាំងស្គម ទ្រុឌទ្រោមកាយា ព្រោះច្រើនធ្វើការ តែហូបមិនគ្រប់។
យល់អស់សេចក្តី ប្អូនប្រុសប្អូនស្រី ណាត់គ្នាពេលយប់ លុះដើរកាត់ព្រៃ លកលៃឲ្យសព្វ ដើម្បីត្រឡប់ ជួបបងស្រីធំ។
សន្ធិយារាត្រី ក្រាលគ្របលើដី ងងឹតជិតជុំ សន្សើមទឹកធ្លាក់ ក្លែងស្រាក់ស្រែកយំ ពពកខ្មៅដុំ រុំជិតមេឃា។
ដល់ផ្ទះលបៗ ព្រោះខ្លាចកងឈ្លប ឃើញចូលពាធា បីនាក់ប្អូនបង សាសងរកគ្នា អោបក្មួយកំព្រា ដោយក្តីខ្លោចផ្សា។
វេលាជួបគ្នា ពាក្យពោលសន្ទនា បានខ្លីខ្លឹមសារ ក៏ត្រូវឃ្លាតកាយ ចាកឆ្ងាយផ្សេងគ្នា ទៅបម្រើការ តាមកងទីទៃ។
កាលពេលវក់វី ឆ្នាំចិតប្រាំពីរ ចូលចិតប្រាំបី អ្នកម៉ែបងទ្រី នាទីភិតភ័យ គេចោទចងដៃ ចាប់ប្រុងប្រហារ។
បងទ្រីគេចាប់ គេចោទរាយរាប់ ប្រហើរចិន្តា លួចម្ហូបចំណី លាក់លៃមិនមាត់ ទោសនេះកំណត់ ត្រូវក្ស័យសូន្យបង់។
ដៃចងស្លាប់សេក ក្រោមលំហមេឃ ថ្ងៃរះកន្លង អ្នកម៉ែភ័យភិត នៅជិតអែបអប បងប្រុសឈរត្រង់ម៉ែយំអង្វរ។
ហេតុភ័ព្វសំណាង បុណ្យព្រេងបានសាង ជួបកុសលល្អ មេកងយល់យោគ ដោយលោកចិត្តធម៌ យល់ម៉ែស្មោះសរ បងប្រុសស្លូតត្រង់។
ឱ!ជីវិតថ្លៃ ផុតកម្មចង្រៃ មិនល្អទ្រើសទ្រង់ ឈប់លេងលូកលាន់ ធ្វើឲ្យត្រូវត្រង់ តាមបទបញ្ជា។
