ខេត្តពោធិ៍សាត់៖ លោក គី ស៊ុនហុង អនុប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនពោធិ៍សាត់ដឹកនាំមន្រ្តីក្រោមឱវ៉ាតសហការជាមួយកម្លាំងនគរបាលសណ្ដាប់ធ្នាប់ស្រុកបាកាន ប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងជង ចុះបិទស្ទិចគ័រ(ចំណាំងផ្លាត)ពេលយប់ ជូនប្រជាពលរដ្ឋដែលមានគោយន្តកន្រ្តៃចំនួន០៣ភូមិនៅស្រុកបាកាន។
លោកវរសេនីយ៍ត្រី នាង វុធ អធិការនគរបាលស្រុកបាកាន បានឲ្យដឹងថា ប្រតិបត្តិការនេះអនុវត្តឡើងពេញមួយថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ នៅភូមិកាប់ក្រឡាញ់, ភូមិស្ទឹងកំបុត និងភូមិពោធិ៍ល្យំ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។
លោក អធិកាបន្តថា នូវក្នុងកិច្ចប្រតិបត្តការបិទស្ទិកគ័រ (ចំណាំងផ្លាត) ពេលយប់ ជូនប្រជាពលរដ្ឋដែលមានគោយន្តកន្រ្តៃខាងលើនេះ កម្លាំងបានសម្រេចកិច្ចការងារជូនពួកគាត់បានលទ្ធផលចំនួន ២២២គោយន្ត ស្មើនិងប្រជាពលរដ្ឋចូលរួមចំនួន ២២២នាក់។
លោកបន្តទៀងថា ក្នុងកិច្ចប្រតិបត្តការនេះដែរ កម្លាំងមន្រ្តីជំនាញបានធ្វើការណែរនាំដល់ពួកគាត់ ឲ្យមានការចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដែលបានកើតឡើងជាយថាហេតុ ខណៈសព្វថ្ងៃប្រជាពលរដ្ឋយើងកំពុងប្រឈមយ៉ាងខ្ពស់និងករណីនេះ៕
ដោយ៖ ប៉ឹម ពិន