ភ្នំពេញ៖ ចូលប្រឡូកសិល្បៈ មិនទាន់បានមួយឆ្នាំផងតារាបង្ហាញម៉ូដ វ័យក្មេងប្រចាំក្រុម Sun Super Models កញ្ញា ស៊ីន វណ្ណី ទទួលបានការងារជាច្រើនបន្តបន្ទាប់។ នាមមានបំណងចង់ចាប់ការងារសម្តែងខ្សែភាពយន្តមួយទៀតដើម្បីបំពេញក្តីសុបិន្តក្លាយជាតារាសម្តែងលេចធ្លោរនៅកម្ពុជា។
កញ្ញា ស៊ីន វណ្ណីបញ្ជាក់ថា នាងមានឱកាសចូលប្រឡូកក្នុងអាជីពជាអ្នកបង្ហាញម៉ូដតាមរយៈការចូលហ្វឹកហាត់ចាប់តាំងពីដើមឆ្នាំ២០១៦មក។ តារាបង្ហាញម៉ូដវ័យ១៩ឆ្នាំរូបនេះបញ្ជាក់ថា ដោយក្តីស្រលាញ់និងការព្យាយាមនាងទទួលបានឱកាសការងារជាអ្នកបង្ហាញម៉ូតក្នុងកម្មវិធីជាច្រើនបន្តបន្ទាប់។ នាងក៏គ្រោងឈោងចាប់ការសម្តែងក្នុងខ្សែភាពយន្តមួយទៀតក្នុងពេលដ៏ខ្លីខាងមុខនេះ។ នាងថា មានស្ថានីយទូរទស្សន៍ក្នុងស្រុកមួយកំពុងទំនាក់ទំនងឲ្យនាងចូលរួមសម្តែងក្នុងខ្សែភាពយន្តភាគមួយ។ នាងបញ្ជាក់ថា តាមជំនាញនៃការហ្វឹកហាត់សម្តែងកន្លងមកនាងទទួលបានការកោតសរសើរច្រើនពីអ្នករួមអាជីពនិងសិល្បករជើងចាស់ដែលជាគ្រូបង្រៀន។ នាងថា សម្រស់អំណោយផលពីធម្មជាតិគឺជាទុនចាំបាច់សម្រាប់នាង មិនតែប៉ុណ្ណោះការហ្វឹកហាត់បានធ្វើឲ្យនាងអាចសម្តែងបានតួគ្រប់ទម្រង់ទាំងតួស្លូតកម្សត់សម្រក់ទឹកភ្នែក និងតួច្នាស់ឆ្នើម ដែលនាងជឿជាក់លើសមត្ថភាពខ្លួននាងថានឹងអាចធ្វើបាន។ នាងបន្តថា មូលហេតុដែលនាងចង់បន្តពង្រីកការងារសិល្បៈជាអ្នកសម្តែងព្រោះតែក្តីស្រលាញ់ ស្ថិតក្រោមការជួយជ្រោមជ្រែងលើកទឹកចិត្តពីក្រុមគ្រួសារ។ នាងថា ការងារសម្តែងអាចនឹងធ្វើឲ្យនាងមានមុខមាត់ច្រើនជាងការបង្ហាញម៉ូដ ហើយក៏ជាឱកាសទទួលបានប្រាក់ចំណូលខ្ពស់ជាងការងារបង្ហាញម៉ូដដែរ។
នាងជឿជាក់ថា ផលិតករ ជាច្រើននឹងផ្តល់ឱកាសឲ្យនាងបានបញ្ចេញសមត្ថភាពទេពកោសល្យនៃការសម្តែង ក្នុងពេលដ៏ខ្លីខាងមុខនេះ៕
ដោយ៖ វឌ្ឍនា