លោកស្រី​ឧត្តមសេនីយ៍ឯក​ ម៉ាលី​ សុជាតា​៖​ កម្ពុជា បន្តអំពាវនាវយ៉ាងទទូចឲ្យថៃ ប្រគល់ទាហានខ្មែរ១៨នាក់មកវិញ និងដាសតឿនឲ្យថៃប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងទាំងឡាយ

ចែករំលែក៖

ភ្នំពេញ​៖​ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបន្តអំពាវនាវយ៉ាងទទូចឲ្យភាគីថៃប្រគល់ទាហានកម្ពុជា១៨នាក់ ដែលថៃចាប់ទៅដោយខុសច្បាប់នោះមកកម្ពុជាវិញឲ្យបានឆាប់ស្របទៅតាមច្បាប់ មនុស្សធម៌អន្តរជាតិ និងតាមការទាមទាររបស់សហគមន៍អន្តរជាតិ ហើយមួយវិញទៀតថៃ គប្បីគោរពឲ្យបានខ្ជាប់ខ្ជួន នូវកិច្ចព្រមព្រៀងទាំងឡាយដែលបានឯកភាពគ្នា នាពេលកន្លងទៅផងដែរ។

លោកស្រី​ ឧត្តមសេនីយ៍ឯក​ ម៉ាលី​ សុជាតា​ បានថ្លែង​ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃស្តីពីការអនុវត្តបទឈប់បាញ់ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះថា៖ គិតមកដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ គឺមានរយៈពេលពី១៦ថ្ងៃហើយ ដែលទាហានថៃបានចាប់ទាហានកម្ពុជាដោយខុសច្បាប់ អំឡុងពេលកំពុងអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ ដូច្នេះកម្ពុជាសូមអំពាវនាវយ៉ាងទទូចឲ្យភាគីថៃគោរពនូវកិច្ចព្រមព្រៀង និងធ្វើការដោះលែងទាហានកម្ពុជា ដែលខ្លួនចាប់ទៅនោះមកកម្ពុជាវិញឲ្យបានឆាប់ ខណៈក្រុមគ្រួសារជនរងគ្រោះកំពុងទទឹងរងចាំពួកគេយ៉ាងអន្ទះសារទាំងយប់ទាំងថ្ងៃ។

អ្នកនាំពាក្យក្រសួងការពារជាតិរូបនេះ បានថ្លែងថា ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនបានព្រងើយកន្តើយ ឬទុកសមាជិករបស់ខ្លួនណាមួយចោលនោះទេ ទោះក្នុងកាលៈទេសៈណាក៏ដោយ ខណៈរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាសហគមន៍អន្តរជាតិ បានកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ដើម្បីធ្វើយ៉ាងណាជំរុញឲ្យភាគីថៃ ដោះលែងពួកគេមកកម្ពុជាវិញឲ្យបានឆាប់ៗនោះ។

លោកស្រី​អ្នកនាំពាក្យរូបនេះ​ បានគូសបញ្ជាក់ថា​ រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រសួងការពារជាតិកម្ពុជា ក៏សូមថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះសហគមន៍អន្តរជាតិ ដែលបានជួយធ្វើការទាមទារឲ្យភាគីថៃ ដោះលែងទាហានកម្ពុជាទាំង១៨នាក់ ដែលថៃបានចាប់ទៅដោយខុសច្បាប់ប្រគល់មកឲ្យកម្ពុជាវិញផងដែរ។

ជាមួយគ្នានោះ​ លោកស្រី​ ឧត្តមសេនីយ៍ឯក​​ ម៉ាលី សុជាតា ក៏បានដាសតឿន ឲ្យភាគីថៃប្រកាន់ខ្ជាប់ខ្ជួននូវកិច្ច ព្រមព្រៀងទាំងឡាយ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងស្មារតីឯកភាពគ្នានៅក្នុងកិច្ចប្រជុំ GBC និងកិច្ចប្រជុំកម្រិតភូមិភាគ RBCនេះ ឲ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពដូចអ្វីដែលសហគមន៍អន្តរជាតិ បានដឹងបានឮមកហើយនោះផងដែរ៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print