សំណង់ប្រាសាទដ៏ស្កឹមស្កៃ បាក់ធ្លាក់លើដីច្រើនអនេក គន់មើលទិដ្ឋភាពគួរសង្វេគ មិនសមបាក់បែកសោះឡើយណា។
សម្បត្តិវប្បធម៌ដ៏វិចិត្រ ប្រែជាក្រៀមស្វិតគួរខ្លោចផ្សា ដោយសារសង្គ្រាមគ្មានមេត្តា ប្រជាខេមរាស្ដាយពន់ពេក។
សិលាបានធ្លាក់លើធរណី តូចធំមូលមីច្រើនអនេក នៅពេលបានឃើញគួរសង្វេគ និងស្រក់ទឹកភ្នែកសែនអនិច្ចា។
ឱបន្ទាយអើយខ្ញុំខ្លោចចិត្តដើមឈើរួមរឹតពេញកាយា បាត់បង់សោភ័ណ្ឌនិងរចនា រួមទាំងអក្ខរាសឹងបាត់បង់។
ស្នាដៃដូនតាពិតជាក់ស្ដែង ខិតខំខ្លះខ្នែងដ៏ផ្ចិតផ្ចង់ មានឈ្មោះល្បាញល្បីលើសរាល់អង្គ ទឹកចិត្តស្មោះត្រង់ល្អពន់ពេក។
ឈ្មោះអ្នកកសាងកុំមន្ទឹល វរ្ម័នទី ៧សែនល្អឯក មានកេរ្តិ៍ឈ្មោះល្បីច្រើនអនេក គេឯងកោតខ្លាចគ្រប់ទិសា។
កសាងប្រាសាទជាស្នាដៃ នាមឈ្មោះនោះនៃបន្ទាយឆ្មា ហើយអាយុកាលច្រើនក្រៃណា ចារជាអក្ខរាលើប្រាសាទ។
រីយុវជនសម័យថ្មី គួរគិតគ្មាតខ្មីខំសង្វាត រក្សាវប្បធម៌ដ៏ស្រស់ស្អាត គង់វង្សដារាបតរៀងអើយ៕
