ភ្នំពេញ : អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ បានបញ្ជាក់ថា, ខ្ញុំបាទសូមជម្រាបជូនបណ្តាញសារព័ត៌មាន និងសាធារណជនមេត្តាជ្រាបថា នៅវេលាម៉ោងជាង១១ព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ មានករណីរថភ្លើងខ្សែប្រេងតេលាបានធ្លាក់ផ្លូវខ្សែផ្លូវដែកទិសខាងជើង (ខ្សែរថភ្លើងខ្សែប្រេងទិសដៅភ្នំពេញទៅបឹងព្រីង ខេត្តបាត់ដំបង)ចំណុចកើតហេតុ PK274 ស្ថិតភូមិទួលតាឯក សង្កាត់ទួលតាឯក នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ករណីគ្រោះថ្នាក់នេះ កើតឡើងដោយសារកត្តាផ្លូវស្រុតដោយបណ្តាលឱ្យធ្លាក់ចំនួន៤ទូ ក្នុងនោះក្រឡាប់ចេញប្រេងចំនួន៣ទូ និងផ្លូវដែកខូចខាត ៧០ម៉ែត្រ ដែលករណីនេះ មិនមានរងគ្រោះដល់មនុស្សទេ។
នៅចំពោះមុខ សមត្ថកិច្ច និងអាជ្ញាធរបានដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីជួយអន្តរាគមន៍បន្ទាន់។
ក្រុមហ៊ុនរ៉ូយ៉ាល់ បានបញ្ចូនគ្រឿងចក្រស្ទួចចំនួន២គ្រឿង រថយន្តដឹកប្រេងក្រុមហ៊ុនតេឡាជាច្រើនគ្រឿងដើម្បីបូមប្រុងចេញ និងត្រៀមរថយន្តអគ្គិភ័យ ដើម្បីបង្ការហានិភ័យកើតឡើងជាយថាហេតុ។
សមត្ថកិច្ចបានហ៊ុំព័ទ្ធទីតាំងកើតហេតុ និងហាមឃាត់ពលរដ្ឋចូលដងប្រេងដែលកំពប់លើផ្លូវដែក។
គួរបញ្ជាក់ថា ការលើកដាក់ទូឡើងវិញរំពឹងថានឹងរួចរាល់ល្ងាចនេះ។ ចំពោះការស្ដារផ្លូវដែកចរាចរណ៍បណ្ដោះអាសន្ន និងធ្វើបន្តបន្ទាប់ឱ្យរួចរាល់នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ស្អែកនេះ។ សូមអរគុណ ៕
ដោយ : សិលា