ភ្នំពេញ : គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ហៅកាត់ថា «គ.ជ.ប.ទ» គឺជាគណៈកម្មាធិការថ្មីមួយ ដែលត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យស្តីពីការបង្កើតគណៈកម្មការជាតិប្រឆាំងទារុណកម្ម អំពើឃោរឃៅ អំពើអមនុស្សធម៌ អំពើធ្វើទុក្ខបុកម្នេញ ឬទណ្ឌកម្ម។ គណៈកម្មាធិការនេះ មានគោលដៅបង្ការ និងប្រឆាំងរាល់ការធ្វើទារុណកម្ម និងអំពើផ្សេងៗទៀត ដើម្បីពង្រឹងការពារជនទាំងឡាយ ដែលត្រូវបានដកហូតសេរីភាពឱ្យរួចផុតពីការធ្វើទារុណកម្ម។ គ.ជ.ប.ទ មានវិសាលភាពអនុវត្តសកម្មភាពរបស់ខ្លួននៅគ្រប់កន្លែងឃុំឃាំងជនទាំងឡាយក្នុងព្រះរាជាណាចក្រកម្ពុជា។
បើតាមមាត្រា១៣ នៃព្រះរាជក្រឹត្យ គ.ជ.ប.ទ មានតួនាទី ភារកិច្ច ធ្វើសេនាធិការឱ្យរាជរដ្ឋាភិបាលលើការងារប្រឆាំងទារុណកម្ម អំពើឃោរឃៅ អំពើអមនុស្សធម៌ អំពើធ្វើទុក្ខបុកម្នេញ ទណ្ឌកម្ម ឬបន្ទាបបន្ថោក កសាងយុទ្ធសាស្ត្រនិងរៀបចំផែនការសកម្មភាពរយៈពេលខ្លី មធ្យម និងវែង និងត្រួតពិនិត្យយ៉ាងទៀងទាត់នូវប្រព្រឹត្តកម្មលើជនដែលត្រូវបានដកហូតសិទ្ធិសេរីភាពនៅតាមកន្លែងឃុំឃាំងនានា ដើម្បីការពារជនទាំងនោះពីអំពើទាំងនេះ។
ទន្ទឹមនឹងនេះ គ.ជ.ប.ទ ទទួលភារកិច្ច អប់រំ ផ្សព្វផ្សាយ បណ្តុះបណ្តាលស្តីពីអនុសញ្ញា និងពិធីសារបន្ថែមប្រឆាំងទារុណកម្មជាសាធារណៈនិងមុខសញ្ញានីមួយៗ អនុវត្តភារកិច្ចផ្សេងៗទៀតដែលមានចែងក្នុងអនុសញ្ញាប្រឆាំងទារុណកម្ម និងពិធីសារបន្ថែម ទទួលនិងធ្វើទំនាក់ទំនងជាមួយអនុគណៈកម្មាធិការបង្ការរបស់អង្គការសហប្រជាជាតិ ជំរុញនិងលើកកម្ពស់ការទទួលខុសត្រូវរបស់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ឱ្យប្រព្រឹត្តលើជនដែលត្រូវបានសង្ស័យ ឬជនដែលត្រូវបានដកហូតសិទ្ធិសេរីភាព ដោយគោរពតាមនីតិវិធីច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
គ.ជ.ប.ទ ក៏មានតួនាទី ភារកិច្ចផ្តល់អនុសាសន៍ជូនអាជ្ញាធរពាក់ព័ន្ធ ក្នុងគោលបំណងកែលម្អប្រព្រឹត្តកម្ម និងស្ថានភាពរបស់ជនដែលត្រូវបានដកហូតសិទ្ធិសេរីភាព សិទ្ធិធ្វើទស្សនកិច្ចត្រួតពិនិត្យពន្ធនាគារ ឬមណ្ឌលអប់រំកែប្រែទាំងពិរុទ្ធជន និងទណ្ឌិតមណ្ឌលឃុំខ្លួនអនីតិជន កន្លែងឃុំខ្លួនបណ្តោះអាសន្នរបស់នគរបាលយុត្តិធម៌ មន្ទីរពេទ្យវិកលចរិត មណ្ឌលសុខភាពផ្លូវចិត្ត មជ្ឈមណ្ឌលស្តារនីតិសម្បទា សង្គមកិច្ច មជ្ឈមណ្ឌលបន្សាបគ្រឿងញៀន ឬមណ្ឌលអប់រំផ្សេងទៀតទូទាំងប្រទេស។
ក្រៅពីនេះ គ.ជ.ប.ទ មានសិទ្ធិទទួលបានព័ត៌មានអំពីចំនួនជនដែលត្រូវបានដកហូតសិទ្ធិសេរីភាព នៅតាមទីកន្លែងឃុំឃាំង ស្ថានភាពនៃការឃុំឃាំង និងការប្រព្រឹត្តកម្មលើជនទាំងនោះ សិទ្ធិធ្វើសេចក្តីស្នើ និងធ្វើសេចក្តីសង្កេតលើច្បាប់ដែលមានស្រាប់ ឬសេចក្តីព្រាងច្បាប់នានា ពិនិត្យ អនុម័ត និងគ្រប់គ្រងគម្រោងថវិកាប្រចាំឆ្នាំ រៀបចំរបាយការណ៍ស្តីពីការអនុវត្តអនុសញ្ញា និងពិធីសារបន្ថែមប្រឆាំងទារុណកម្ម ដើម្បីដាក់ជូនរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិ រៀបចំរបាយការណ៍ប្រចាំឆ្នាំ ស្តីពីសកម្មភាពដែល “គ.ជ.ប.ទ” បានបំពេញ ផ្ញើជូនរាជរដ្ឋាភិបាល និងទទួលអនុវត្តភារកិច្ចផ្សេងៗទៀតដែលរាជរដ្ឋាភិបាលប្រគល់ជូន។
យោងតាមព្រះរាជក្រឹត្យ គ.ជ.ប.ទ មានសមាជិក ៩រូប ដឹកនាំដោយប្រធាន១រូប មានឋានៈស្មើរដ្ឋមន្រ្តី អនុប្រធានមានឋានៈស្មើរដ្ឋលេខាធិការ និងសមាជិកមានឋានៈស្មើអនុរដ្ឋលេខាធិការ។ ជ្រើសរើសដោយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សមាជិកទាំងអស់ ត្រូវបានតែងតាំងសម្រាប់បំពេញការងារក្នុងរយៈពេល៥ឆ្នាំ។ គណៈកម្មាធិការនេះ មានលេខាធិការដ្ឋានមួយ ជាសេនាធិការស្នូល គឺលេខាធិការដ្ឋាននៃណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម អំពើឃោរឃៅ អំពើ អមនុស្សធម៌ អំពើធ្វើទុក្ខបុកម្នេញ ឬទណ្ឌកម្ម។
លេខាធិការដ្ឋាននេះមានរចនាសម្ព័ន្ធដឹកនាំដោយប្រធានមួយរូប និងអមដោយអនុប្រធានមួយចំនួនតាមការចាំបាច់ សម្រាប់ដឹកនាំផ្នែកការងារចំនួន៤ គឺផ្នែករដ្ឋបាលនិងហិរញ្ញវត្ថុ ផ្នែកនីតិកម្មនិងជំនួយផ្នែកច្បាប់ ផ្នែកបណ្តុះបណ្តាលនិងផ្សព្វផ្សាយអប់រំ និងផ្នែកទំនាក់ទំនងនិងសហប្រតិបត្តការ៕
ដោយ : លោក ចិន ណារិន មន្ត្រីអ្នកនាំពាក្យក្រសួងមហាផ្ទៃ