ភ្នំពេញ៖ ជនសង្ស័យលួចម៉ូតូ និងស្លាកលេខរថយន្តយ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ ត្រីវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញស្រាវជ្រាវឃាត់ខ្លួនបានចំនួន០២នាក់បន្ទាប់ពីធ្វើសកម្មភាពលួចចំនួន ២ករណីផ្សេងគ្នា។
ជនសង្ស័យដែលត្រូវឃាត់ខ្លួន១-ឈ្មោះ ឃឹម រដ្ឋា ហៅ តុង ភេទប្រុស អាយុ៣៥ឆ្នាំ ,២-ឈ្មោះ ហេង រត្នវិបុល ហៅ បុល ភេទ ប្រុស អាយុ៣៨ឆ្នាំ ។
តាមនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញបានអោយដឹងថា ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្ដម ឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដឹកនាំបញ្ជារផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ,លោកវរៈសេនីយ៍ឯក ម៉ម សាវន ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានដឹកនាំកំលាំងចុះបង្ក្រាបដោយផ្ទាល់ ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់កាលពីថ្ងៃទី១៣ ខែ សីហា ឆ្នាំ២០២៥ព្រមទាំងដកហូតម៉ូតូរបស់ជនរងគ្រោះមួយគ្រឿងនិងផ្លាកលេខរថយន្តរបស់ជនរងគ្រោះចំនួន២បន្ទះនិងសម្ភារៈសម្រាប់ធ្វើសកម្មភាពមួយចំនួនទៀត។
តាមនគរបាលបានឲ្យដឹងទៀតថា ជនសង្ស័យជាមុខសញ្ញាដែលធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោស (លួច ម៉ូតូ និង ស្លាកលេខរថយន្ត)ចំនួន២ករណី
ករណីទី១ លួចយកម៉ូតូ នៅចំណុច មុខផ្ទះលក់បង្អែម ផ្លូវលេខ២០០២ សង្កាត់ អូរបែកក្អម ខណ្ឌ សែនសុខ រាជធានីភ្នំពេញ កាលពីយប់ ថ្ងៃទី១២ខែ០៨ ឆ្នាំ ២០២៥ ។
និងករណីទី២ លួចមាន ស្ថានទម្ងន់ទោស (លួចយកស្លាកលេខទ្បាន ) នៅចំណុច ផ្លូវ ២០២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ នៅវេលាយប់ ថ្ងៃទី១០ខែ០៨ ឆ្នាំ ២០២៥។
ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌកំរិតស្រាលសាកសួរនិងកសាងសំណុំរឿងដើម្បីចាត់ការតាមច្បាប់។ចំណែកបក្សពួកដែលនៅសេសសល់សមត្ថកិច្ចនឹងបន្តស្រាវជ្រាវតាមឃាត់ខ្លួនឲ្យដល់ឬសគល់តែម្ដង៕ដោយ ៖ ភារ៉ា ដង្កោ