ប្រទេសចិន៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង លើកទី១០ ដឹកនាំដោយសហប្រធាន លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសនៃ សាធារណរដ្ឋប្រជាមានិតចិន និងលោក ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្រថៃ ពីថ្ងៃទី១៤-១៥ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងអាននឹង ខេត្តយូណាន ប្រទេសចិន ក្រោមមូលបទ *ទសវត្សរ៍មាស៖ ការបន្តប្តេជ្ញាចិត្តក្នុងការកសាងសហគមន៍មួយកាន់តែប្រសើរឡើងតាមរយៈសាមគ្គីភាព» ។
រដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាងក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ និងអរគុណប្រទេសចិនដែលតែងតែប្រកាន់ខ្ជាប់នូវ គោលការណ៍ភាពជាអ្នកជិតខាងល្អ និងមិត្តភាព ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ ច្ចសហប្រតិបត្តិការនៅក្នុងអនុតំបន់មេគង្គ។ រដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាងបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះបានផ្តល់នូវលទ្ធផលប្រកបដោយផលិតភាព ដោយជម្រុញនូវកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមសម្រាប់ប្រទេសសមាជិកទាំង៦ ការលើកកម្ពស់សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃអាងទន្លេមេគង្គ និងរួមចំណែកយ៉ាងសំខាន់ចំពោះសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ប្រកបដោយចីវភាពក្នុងតំបន់។ រដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង ក៏បានប្ដេជ្ញាអនុវត្ត នូវស្មារតីភាពជាដៃគូ ការពង្រឹងនូវមូលដ្ឋានគ្រឹះ និងកសាងនូវវិមាត្រអភិវឌ្ឍ៣ជ្រុង ដែលសំដៅទៅលើ ភាពជាអ្នកដឹកនាំ ការរួមបញ្ចូលនូវវិស័យអភិវឌ្ឍន៍ទាំងអស់ និងការចូលរួមពីគ្រប់ស្ថាប័នពាក់ព័ន្ធ ក្នុង គោលបំណងកសាងនូវទំនុកចិត្ត សុឆន្ទៈ និងផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជនកម្ពុជា។
រដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាងបានឯកភាពរក្សានូវទំនាក់ទំនងជិតស្និតប្រកបដោយសាមគ្គីភាព ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៥ នាពេលខាងមុខនេះ ដើម្បីត្រៀមរៀបចំផែនការអភិវឌ្ឍសម្រាប់ «ទសវត្សរ៍មាស» នាពេលខាងមុខ។
លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កិច្ចប្រជុំលើកទី១០នេះ មិនត្រឹមតែបញ្ជាក់ ឡើងវិញនូវចំណងសាមគ្គីភាព និងភាពជាដៃគូនៃប្រទេសទាំង៦នៃអនុតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ជំរុញចក្ខុវិស័យរួមរបស់ខ្លួនចំពោះសហគមន៍ប្រកបដោយសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយ ចីរភាព។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានកត់សម្គាល់ដោយការពេញចិត្តចំពោះការអភិវឌ្ឍន៍នៃកិច្ច សហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងរយៈពេលដប់ឆ្នាំចុងក្រោយនេះ ដែលបានផ្តល់ផលប្រយោជន៍យ៉ាង ច្រើនសម្រាប់បណ្តាប្រទេសតាមដងទន្លេ។ លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះលទ្ធផល សំខាន់ៗដែលកើតចេញពីការអនុវត្តគម្រោងក្រោមមូលនិធិពិសេសមេគង្គ-ឡានឆាង ចាប់តាំងពីឆ្នាំ ២០១៧ ដែលបានដោះស្រាយតម្រូវការជាក់ស្តែងរបស់ប្រជាជនកម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់មូលនិធិ រួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានចែករំលែកនូវទស្សនៈមួយចំនួនលើទិសដៅអនាគតនៃកិច្ច សហប្រតិបត្តិការមេគង្គ-ឡានឆាង រួមមាន៖ (១) ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មបន្ថែម ទៀតដោយផ្តោតការគាំទ្រពីបច្ចេកវិទ្យាទំនើប និងការច្នៃប្រឌិត (២) ពង្រឹងការកសាងសមត្ថភាពសម្រាប់ សហគ្រាសធុនតូច មីក្រូ និងមធ្យម និងការកសាងបណ្តាញរបស់ស្ត្រី និងភាពជាសហគ្រិន (៣)កិច្ច ខិតខំប្រឹងប្រែងរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនក្នុងចំណោមប្រទេសមេគង្គ-ឡានឆាង (៤) បន្តប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងធនធានទឹកដើម្បីពង្រីកលទ្ធភាពប្រើប្រាស់ ទឹកស្អាត និងភាពធន់នឹងអាកាសធាតុ (៥) កសាងសេដ្ឋកិច្ចមួយដែលតភ្ជាប់គ្នា និងប្រកួតប្រជែង ដោយជំរុញពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងការអភិវឌ្ឍបៃតង និង (៦) គាំទ្រគំនិតផ្តួចផ្តើម ដែលស្នើឡើងដោយភាគីចិន ស្តីពីកិច្ចសហប្រតិបត្តិការការគាំពារសុវត្ថិភាពរបស់ប្រជាជនរស់នៅក្រៅ ប្រទេស។
ស្របពេលជាមួយគ្នានេះដែរ លោកឧបនាយករដ្ឋមន្ត្រី ក៏បានចូលរួមពិធីតាំងពិព័រណ៍រូបថត អំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងរយៈពេល១០ឆ្នាំកន្លងមកនេះ គិតតាំងពីឆ្នាំ២០១៥។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី១០ លោកឧបនាយករដ្ឋមន្ត្រី បានជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសមេគង្គ- ឡានឆាង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីដូចខាងក្រោម៖
-ជំនួបជាមួយ លោក WANG YI រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន៖ រដ្ឋមន្ត្រីរដ្ឋ ការបរទេសទាំងពីរ បានកោតសរសើរចំពោះការលើកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរទៅ ជាសហគមន៍កម្ពុជា-ចិនគ្រប់រដូវកាល ជាមួយនឹងអនាគតរួមគ្នាក្នុងយុគសម័យថ្មី ដែលសម្រេចក្នុងអំឡុងពេលនៃដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រ និងជោគជ័យរបស់ប្រធានាធិបតី Xi Jinping នៅកម្ពុជា កាលពីខែមេសាកន្លងទៅ។ រដ្ឋមន្ត្រីការបរទេសទាំងពីរបានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តក្នុងការពង្រឹងបន្ថែម និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយ និងមិត្តភាពដែកថែបរវាងកម្ពុជា និងចិន ព្រមទាំងការលើកកម្ពស់កិច្ចសហប្រតិ បត្តិការត្បូងពេជ្រ និងអនុវត្តគម្រោងយ៉ាងសកម្មនូវច្រករបៀងស្រូវ និងត្រី និងច្រករបៀង ឧស្សាហកម្ម និងនវានុវត្តន៍ ដើម្បីជាប្រយោជន៍នៃប្រទេសទាំងពីរ។ ប្រទេសទាំងពីរកំពុងត្រៀម រៀបចំដំណើរទស្សនកិច្ចផ្លូវរដ្ឋនាពេលខាងមុខរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថសីហនុ ដើម្បីចូលរួមក្នុងពិធីរំលឹក ខួបលើកទី៨០ ទិវាជ័យជំនះនៃសង្គ្រាមតស៊ូរបស់ប្រជាជនចិន ប្រឆាំងនឹងការឈ្លានពានរបស់ ប្រទេសជប៉ុន និងសង្គ្រាមប្រឆាំងហ្វាស៊ីសពិភពលោក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែកញ្ញា នៅទីក្រុងប៉េកាំង និងការអញ្ជើញចូលរួមរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងកិច្ច ប្រជុំកំពូល Shanghai Cooperation Organization (SCO) Plus នៅដើមខែក្រោយ។ ភាគីទាំង ពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តខ្ពស់ក្នុងការពង្រឹងបន្ថែម នូវកិច្ចសហប្រតិបត្តិការក្នុងវិស័យនានា រួមទាំងគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត និងការដោះមីនមនុស្សធម៌។
រដ្ឋមន្ត្រីការបរទេសទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដែលជាផល ប្រយោជន៍ និងកង្វល់រួម។ រដ្ឋមន្ត្រីការបរទេសទាំងពីរបានធានាឡើងវិញនូវទំនុកចិត្ត និងការ ជឿជាក់ដ៏រឹងមាំ ព្រមទាំងការជួយគាំទ្រគ្នាទៅវិញទៅមកយ៉ាងខ្លាំង ដែលកំណត់នូវទំនាក់ទំនង រវាងប្រទេស និងប្រជាជនទាំងពីរ។
-ជំនួបជាមួយលោក យូ ថាន់ស្វេ ឧបនាយកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានរំលឹកថា ឆ្នាំនេះ គឺជាខួបលើកទី៧០ នៃទំនាក់ ទំនងការទូតរបស់ប្រទេសទាំងពីរ ហើយបានកត់សម្គាល់ថា ទោះបីជាមានការអភិវឌ្ឍន៍ជា ច្រើននៅក្នុងប្រទេសរៀងៗខ្លួនក៏ដោយ ក៏យើងនៅតែរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិ ការបានល្អ ជាពិសេសលើវិស័យពាណិជ្ជកម្ម សាសនា វប្បធម៌ និងទេសចរណ៍។ លោកក៏បាន ជម្រាបជូនសមភាគីថា កម្ពុជាកំពុងស្វាគមន៍ដំណើរទស្សនកិច្ចរបស់ លោក U Khin Yi ប្រធានគណបក្ស USDP នៅចុងខែនេះ។ រដ្ឋមន្ត្រីការបរទេសទាំងពីរបានបញ្ជាក់សារជាថ្មីនូវ ការប្តេជ្ញាចិត្តក្នុងការជម្រុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី។
ការប្តេជ្ញាចិត្តក្នុងការជម្រុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី។
-ជំនួបជាមួយលោក ប៊ូយ ថាញ់សឺន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម រដ្ឋមន្ត្រី ការបរទេសទាំងពីរបានកោតសរសើរចំពោះទំនាក់ទំនង និងមិត្តភាពដ៏រឹងមាំ ក៏ដូចជាកិច្ចសហ ប្រតិបត្តិការពហុភាគី និងប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរដែលកំពុងរីកចម្រើនរវាងរដ្ឋ និងប្រជាជន។ រដ្ឋមន្ត្រីទាំងពីរក៏បានសំដែងការពេញចិត្តចំពោះកិច្ចសន្ទនាតាមទូរស័ព្ទប្រកបដោយផ្លែផ្កានាពេលថ្មីៗ រវាងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា ជាមួយលោក To Lam ប្រធានាធិបតី និងជាអគ្គលេខាធិការបក្សកុម្មុយនីស្ត វៀតណាម។ ឯកឧត្តម Bui Thanh Son បានសម្តែងនូវឆន្ទៈរបស់វៀតណាមក្នុងការស្វាគមន៍ សម្តេចតេជោ ហ៊ុន សែន ចូលរួមក្នុងពិធីអបអរសាទររំលឹកខួបលើកទី៨០ នៃទិវាបុណ្យឯករាជ្យ ជាតិវៀតណាម នៅទីក្រុងហាណូយ នាដើមខែក្រោយនេះ ហើយឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានមានប្រសាសន៍ថា ឯកឧត្តមកំពុងទន្ទឹងរង់ចាំធ្វើជាសហប្រធានគណៈកម្មការចម្រុះស្តីពី កិច្ចសហប្រតិបត្តិការទ្វេភាគី នៃប្រទេសទាំងពីរ នៅខេត្តសៀមរាប នាខែតុលាខាងមុខ។ ការ ផ្លាស់ប្តូរទស្សនៈរបស់រដ្ឋមន្ត្រីការបរទេសទាំងពីរបានផ្តោតលើការពង្រឹងទំនុកចិត្តផ្នែកនយោបាយ បង្កើនពាណិជ្ជកម្ម និងការវិនិយោគ ជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ ដើម្បីផល ប្រយោជន៍ទៅវិញទៅមកនៃប្រទេស និងប្រជាជនទាំងពីរ។ លោកឧបនាយករដ្ឋមន្ត្រី ក៏បាន បញ្ជាក់សារជាថ្មីអំពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះសន្តិភាព ស្ថិរភាព និងទំនាក់ទំនងល្អជាមួយ អ្នកជិតខាង៕