ខេត្តស្វាយរៀង: ដោយមានគោលការណ៍អនុញ្ញាតពីសំណាក់លោក ប៉េង ពោធិ៍សា អភិបាល នៃគណ:អភិបាលខេត្តស្វាយរៀង នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ លោក ណុប ចំរើន អភិបាល នៃគណៈអភិបាលក្រុងស្វាយរៀង បានអញ្ជើញដឹកនាំគណប្រតិភូរួមមានលោកប្រធានក្រុមប្រឹក្សាក្រុងលោក លោកស្រី អភិបាលរងក្រុង -លោកនាយករដ្ឋបាល នាយករង
លោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យ ព្រមទាំងមន្ត្រីសាលាក្រុងស្វាយរៀង លោកស្រីចៅសង្កាត់ចេក និងពោធិ៍តាហោ រួមទាំងសហការី បាននាំយក គ្រឿងឧបភោគបរិភោគ គ្រឿងប្រើប្រាស់ ចំនួន២៧មុខ និងថវិកាចំនួន២០.០០០.០០០រៀល ទៅឧបត្ថម្ភជូនដល់កងទ័រជួរមុខ នៅសាលាអនុវិទ្យាល័យឃុំថ្មី ស្រុកគូលេន ខេត្តព្រះវិហារ ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមទទួលបដិសណ្ឋារកិច្ចពី លោក ឧត្តមសេនីយ៍ឯក សួន ពិរុណ មេបញ្ជាការរង បញ្ជាការដ្ឋានកងអង្គរក្ស តំណាង លោក នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានកងអង្គរក្ស លោក ឧត្តមសេនីយ៍ឯក ឆឹម សុីណារក្ស ព្រមទាំងនាយទាហាន ពលទាហានជាច្រើនរូបទៀត។
ក្នុងឪកាសនោះ លោក ណុប ចំរើន អភិបាល នៃគណៈអភិបាលក្រុងស្វាយរៀង បានសម្ដែងនូវការអរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅបំផុតចំពោះវីរភាព ស្មារតីរួបរួមសាមគ្គី និងការលះបង់របស់នាយទាហាន នាយទាហានរង និងពលទាហាន ដែលបានខិតខំការពារអធិបតេយ្យជាតិ បូរណភាពដែនដីកម្ពុជាយ៉ាងស្វាហាប់ ម៉ឺងម៉ាត់ គួរជាទីគោរពដឹងគុណពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈនៅសមរភូមិក្រោយហើយយើងខ្ញុំ ជាអ្នកនៅសមរភូមិក្រោយ គឺមានតែលើកទឹកចិត្ត ផ្ដល់នូវកម្លាំងចិត្ត និងគាំទ្រយ៉ាងពេញទំហឹងចំពោះការខិតខំ ការលះបង់ ក្នុងបេសកកម្មដ៏ថ្លៃថ្លានេះរបស់បងប្អូននាយទាហាន នាយទាហានរង និងពលទាហានយើងទាំងអស់និងឆ្លុះបញ្ចាំងតាមរយៈការគាំទ្រជាសម្ភារ ស្បៀង ក៏ដូចជាថវិកា ដែលបានពីការចូលរួមយ៉ាងក្លៀវក្លា ផុលផុសពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសប្បុរសជននានានៅក្នុងក្រុងស្វាយរៀង និងត្រូវបាននាំយកមកផ្ដល់ជូន ក្នុងពិធីនៅថ្ងៃនេះ។
លោក បានកោតសសើរចំពោះនាយទាហាន នាយទាហានរង និងពលទាហានយើងទាំងអស់ ចំពោះបេសកកម្មដ៏ឧត្ដុង្គឧត្ដមបំផុតនេះ ដើម្បីការពារកិត្យានុភាពជាតិ មាតុភូមិ និងប្រជាជនរបស់យើង ក្រោមមាគ៌ាដឹកនាំដ៏ថ្លៃថ្លា របស់សម្ដេចតេជោ និងសម្ដេចធិបតី និងក្រោមម្លប់ដ៏ត្រជាក់របស់ព្រះករុណាជាអម្ចាស់ជីវិតត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។
លោក ក៏សូមអោយបងប្អូននាយទាហាន នាយទាហានរង និងពលទាហានយើងទាំងអស់បង្កើនការយកចិត្តទុកដាក់ថែទាំសុខភាពឲ្យបានល្អ និងមានការប្រុងប្រយ័ត្នខ្ពស់គ្រប់ពេល ឆ្លើយតបនឹងការបំពានជាយថាហេតុនានាពីសំណាក់ សត្រូវឈ្លានពាន និងសូមបងប្អូនកម្លាំងយើងបន្តការជឿជាក់លើការដឹកនាំរបស់សម្ដេចតេជោ និងសម្ដេចធិបតី ដើម្បីប្រទេសជាតិយើង បន្តមានសុខសន្តិភាព និងការអភិវឌ្ឍជានិច្ចនិរន្តរ៍។
ជាមួយគ្នានេះ ក្នុងនាមជាអ្នកនៅ សមរភូមិក្រោយ គឺស្ថិតនៅជាមួយបងប្អូនកងទ័ពយើង ផ្ដល់នូវកម្លាំងចិត្ត លើកទឹកចិត្ត និងគាំទ្រគ្រប់ពេលវលា និងគ្រប់កាលៈ ទេសៈទាំងអស់ ក្នុងបុព្វហេតុ «ទាំងអស់គ្នាដើម្បីការពារជាតិ ការពារជាតិដើម្បីទាំងអស់គ្នា»។