ភ្នំពេញ : កាលពីថ្ងៃទី ១៦-១៧ ខែសីហា ឆ្នាំ២០២៥ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញបំពេញទស្សនកិច្ចដើម្បី ចូលរួមកម្មវិធីខួបអនុស្សាវរីយ៍ ៨០ឆ្នាំ ថ្ងៃប្រពៃណីកងកម្លាំងនគរបាលវៀតណាម ប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលព្រឹត្តិការណ៍នេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និង ប្រតិភូមកពីក្រសួងមហាផ្ទៃ ក្រសួងសន្តិសុខសាធារណៈ និងស្ថាប័នអនុវត្តច្បាប់ នៃបណ្តាប្រទេសនានាក្នុង តំបន់អាស៊ាន និងក្រៅតំបន់ សរុបប្រមាណ ១៦ប្រទេស ។
បន្ទាប់ពីការចូលរួមក្នុងកម្មវិធីដ៏មហោឡារិកនៃខួបអនុស្សាវរីយ៍ ៨០ឆ្នាំ ថ្ងៃប្រពៃណីកងកម្លាំងនគរបាល វៀតណាម និងក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ លោកអភិសន្តិបណ្ឌិត ស សុខា បានជួបសម្តែង ការគួរសម និងពិភាក្សាការងារទ្វេភាគីជាមួយ លោក នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វូង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នារសៀលថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២៥ ដែលលទ្ធផលសំខាន់ៗនៃជំនួប មានដូចតទៅ៖
ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងក្រសួងទាំងពីរ រហូតមកដល់ បច្ចុប្បន្ននេះ និងការប្រាស្រ័យទំនាក់ទំនងយ៉ាងសកម្ម តាមរយៈការផ្លាស់ប្តូរប្រតិភូទស្សន ទៅវិញទៅមកជាបន្តបន្ទាប់ ព្រមទាំងបានសម្តែងនូវការអបអរសាទរចំពោះទំនាក់ទំនងដ៏ល្អគ្រប់ កម្រិតរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដែលជាកត្តាជំរុញដល់កិច្ចសហប្រតិបត្តិការរឹងមាំរវាង ក្រសួង ទាំងពីរ ។
លោកអភិសន្តិបណ្ឌិត ស សុខា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វូង ដែលបានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមខួបលើកទី៨០
ទិវាកំណើតនគរបាលជាតិកម្ពុជា កាលពីខែឧសភា នៅរាជធានីភ្នំពេញ កន្លងទៅនេះ ដែលស្តែង ឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹង និងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងក្រសួងទាំងពីរ និងការជួយគាំទ្រគ្នាទៅវិញទៅមក កាន់តែសកម្មថែមទៀត ។
លោកអភិសន្តិបណ្ឌិត ស សុខា និង នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង ក៏បាន វាយតម្លៃខ្ពស់ចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសបទល្មើសគ្រឿងញៀន និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលអាជ្ញាធរ មានសមត្ថកិច្ច និងកងកម្លាំងអនុវត្តច្បាប់នៃភាគីទាំងពីរ បានយកចិត្តទុកដាក់អនុវត្តធ្វើឱ្យមាន ការវិវត្តប្រែប្រួលប្រកបដោយភាពវិជ្ជមាន ព្រមទាំងបានឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការ លើកិច្ចការនេះឱ្យកាន់តែសកម្ម និងខ្លាំងក្លាថែមទៀត ។
បន្ទាប់មក នារសៀលថ្ងៃដដែល លោកអភិសន្តិបណ្ឌិត ស សុខា ក៏មានជំនួបជាមួយ លោកឧត្តមសេនីយ៍ឯក លឿង តាមក្វាង សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងនគរបាលនៃ សាធារណរដ្ឋសង្គមនិយមវៀតណាម៖
លោកឧត្តមសេនីយ៍ឯក លឿង តាមក្វាង បានសម្តែងនូវក្តីសោមនស្ស និងស្វាគមន៍យ៉ាង កក់ក្តៅចំពោះវត្តមាននៃការអញ្ជើញរបស់ លោកអភិសន្តិបណ្ឌិត ស សុខា ចូលរួមនៅ ក្នុងព្រឹត្តិការណ៍ដ៏មានអត្ថន័យរបស់នគរបាលប្រជាជនវៀតណាម ហើយចាត់ទុកដំណើរទស្សនកិច្ច នេះជាការរួមចំណែកដល់ការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ កាន់តែសកម្មថែម ទៀតរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម ។
លោកអភិសន្តិបណ្ឌិត ស សុខា ក៏បានថ្លែងនូវការអបអរសាទរចំពោះពិធីខួបលើកទី៨០ នៃ ថ្ងៃប្រពៃណីកងកម្លាំងនគរបាលប្រជាជនវៀតណាម ដែលទិវានេះឆ្លុះបញ្ចាំងអំពីសមិទ្ធផល និង ស្នាដៃ ព្រមទាំងឆន្ទៈដ៏អង់អាចមោះមុតរបស់នគរបាល បម្រើក្នុងបុព្វហេតុជាតិ និងប្រជាជន ជាពិសេសនគរបាលប្រជាជនវៀតណាម បានដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការស្តារ និង ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសវៀតណាម រហូតមកដល់បច្ចុប្បន្ននេះ ។
ក្នុងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ លោកអភិសន្តិបណ្ឌិត ស សុខា និង លោកឧត្តមសេនីយ៍ឯក លឿង តាមក្វាង បានឯកភាព និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ ដ៏ល្អរវាងអង្គភាពជំនាញក្រោមឱវាទនៃក្រសួងទាំងពីរ ដែលតែងផ្សាភ្ជាប់ទំនាក់ទំនងយ៉ាង ជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមក ក្នុងការងារប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទយ៉ាងសកម្ម សំដៅថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈបានល្អប្រសើរសម្រាប់ប្រទេសទាំងពីរ ។
បន្ថែមពីលើនេះ លោកអភិសន្តិបណ្ឌិត ស សុខា ក៏បានថ្លែងអំណរគុណចំពោះ លោកនាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្មង និង ឯកឧត្តម ឧត្តមសេនីយ៍ឯក លឿង តាមក្វាង ដែលតែងយកចិត្ត ទុកដាក់ជំរុញដល់អាជ្ញាធរ និងកម្លាំងនគរបាលតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ឡាវ និងកម្ពុជា-វៀតណាម ក្នុងការលើកកម្ពស់កិច្ចសហការជិតស្និទ្ធលើការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន ជាពិសេស បទល្មើសគ្រឿងញៀន អំពើជួញដូរមនុស្ស និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៕
ដោយ : សិលា