ភ្នំពេញ ៖ លោក លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១អាជ្ញាធរមីនកម្ពុជា ថ្លែងថា ៖ តំបន់ដែលទាហានថៃរងគ្រោះដោយសារដើរជាន់មីន គឺជាតំបន់ ដែលកម្ពុជាបានចាត់ទុកជាតំបន់អតីតសមរភូមិ ពីជំនាន់សង្រ្គាមស៊ីវិលផ្ទៃក្នុងរបស់កម្ពុជា ។ លោក
ប្រកាសទាត់ចោលទាំងស្រុង នូវកាចោទប្រកាន់របស់ថៃ ដែលថាកម្ពុជា បានដាក់មីនថ្មី និងស្តុកទុកមីន ដែល ការ ចោទប្រកាន់របស់ថៃនេះ គឺជាការលើកឡើងដោយគ្មានមូលដ្ឋាន និងមានចរិកជាលក្ខណៈនយោបាយ។
តំបន់ដែលទាហានថៃរងគ្រោះដោយសារដើរជាន់មីន គឺជាតំបន់ ដែលកម្ពុជាបានចាត់ទុកជាតំបន់អតីតសមរភូមិ ពីជំនាន់សង្រ្គាមស៊ីវិលផ្ទៃក្នុងរបស់កម្ពុជា ដោយកាលនោះបណ្តាក្រុមប្រដាប់អាវុធឈរជើងនៅតំបន់នោះ បានដាក់មីនយ៉ាងច្រើន ។ ហើយវត្តមានគ្រាប់មីនដ៏ច្រើននេះ បានបង្កគ្រោះថ្នាក់ដល់ជនស៊ីវិលកម្ពុជា ហើយអ្នកណាក៏ដោយដែលមកតំបន់នេះ ក៏នឹងត្រូវរងគ្រោះថ្នាក់ដូច្នេះ។
លោក លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១អាជ្ញាធរមីនកម្ពុជា សម្តែងការសោកស្តាយ ដែលថៃបានយកបញ្ហាមីន មកបង្កឱ្យមានការឈ្លានពានប្រដាប់អាវុធមកលើកម្ពុជា បំពានមកលើធិបតេយ្យកម្ពុជា ដែលជាប្រទេស ភូមិផងរបងជាប់គ្នា កាន់ព្រះពុទ្ធសាសនាដូចគ្នា ព្រមទាំងមានរបររកស៊ី និងរាប់អានគ្នា ខណៈកម្ពុជាស្រឡាញ់ព្រំដែនសន្តិភាព ៕
ដោយ ៖ សិលា