ខេត្តកណ្ដាល៖ ជាងផ្សារដែកម្នាក់បានបាត់បង់ជីវិតយ៉ាងសោកសៅ បន្ទាប់ពីត្រូវចរន្តអគ្គិសនីឆក់ រួចធ្លាក់ពីលើសំយាបផ្ទះ ខណៈកំពុងធ្វើការ។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ៨និង២០នាទីព្រឹក នៅភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ។
លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ម៉ាណ ប្រាហ៊ីម ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរជាងផ្សារដែក។ ជនរងគ្រោះបានទៅទទួលម៉ៅការតសំយាប ផ្ទះឲ្យម្ចាស់ផ្ទះឈ្មោះឈុន ណារី ភេទស្រី អាយុ៤៥ឆ្នាំ។ នៅមុនពេលកើតហេតុ ជនរងគ្រោះកំពុងផ្សារដែកនៅលើសំយាបផ្ទះ ហើយមានអ្នកជួយហុចដែកទីបជ្រុង១ ដើមប្រវែង ៦ម៉ែត្រ។
លោកអធិការបានបន្តថា ខណៈពេលជនរងគ្រោះចាប់ទាញដែកនោះឡើងទៅលើ គាត់មិនបានចាប់អារម្មណ៍ថាចុងដែកបានប៉ះនឹងខ្សែភ្លើង គ្មានសម្បក (ស្រាត) ដែលរត់នៅខាងលើដំបូលនោះទេ។ ការប៉ះពាល់នេះបណ្ដាលឲ្យឆ្លងចរន្តអគ្គិសនីឆក់ជនរងគ្រោះស្លាប់ភ្លាមៗតែម្ដង។ តាមការពិនិត្យរបស់កោសល្យវិច័យ និងក្រុមគ្រូពេទ្យ សពជនរងគ្រោះមានស្នាមឆេះខ្លោចនៅជុំវិញក ដៃទាំងពីរ និងនៅលើបាតដៃ។ ក្រៅពីនោះ មិនមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ទេ។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសំរោងធំ បានសហការជាមួយអាជ្ញាធរឃុំ ក្រុមគ្រូពេទ្យ និងកម្លាំងជំនាញកោសល្យវិច័យ ចុះទៅពិនិត្យសាក សព និងកន្លែងកើតហេតុ។ តាមការសន្និដ្ឋានបឋម ជន រងគ្រោះពិតជាស្លាប់ដោយសារឆ្លងចរន្តអគ្គិសនីឆក់ពិត ប្រាកដមែន។ បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕