អ្នកនាំពាក្យក្រសួងការពារជាតិ​៖​ គិតរហូតមកដល់ពេលនេះកងទ័ពថៃ ដែលចាប់កងកម្លាំងកម្ពុជាដោយខុសច្បាប់ មានរយៈពេល២១ថ្ងៃហើយ តែប្រទេសមួយនេះ នៅតែមិនទាន់ព្រមប្រគល់មកឱ្យកម្ពុជាវិញ ស្របតាមច្បាប់អន្តរជាតិនៅឡើយទេ

ចែករំលែក៖

ភ្នំពេញ​៖​ លោកស្រី​ឧត្តមសេនីយ៍ឯក​ ម៉ាលី​ សុជាតា​ អនុរដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួង​ការពារ​ជាតិ​កម្ពុជា​ បានថ្លែងថា​ សភាពការណ៍តាមព្រំដែនកម្ពុជានិងថៃមានសភាពស្ងប់ស្ងាត់ និងគិតរហូតមកដល់ពេលនេះកងទ័ពថៃដែលបានចាប់កងកម្លាំងកម្ពុជាដោយខុសច្បាប់ មានរយៈពេលជាង២០ថ្ងៃហើយ តែប្រទេសមួយនេះនៅតែមិនទាន់ព្រមប្រគល់មកឱ្យកម្ពុជាវិញស្របតាមច្បាប់អន្តរជាតិនៅឡើយទេ ។

លោកស្រី​ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងបញ្ជាក់នៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី យ៉ាងដូច្នេះ​ថា៖​ កម្ពុជានៅតែបន្តអំពាវនាវ ឱ្យភាគីថៃ អនុវត្តតាមកិច្ចព្រមព្រៀងខាងលើ ដោយឱ្យប្រគល់មកឱ្យកម្ពុជាវិញនូវកងកម្លាំងរបស់យើងទាំង១៨រូបដើម្បីឱ្យពួកគាត់អាចវិលត្រឡប់ មកជួបជុំគ្រួសារ របស់គាត់វិញដែលទន្ទឹងរង់ចាំទាំងថ្ងៃទាំងយប់។

គួរបញ្ជាក់ថា ទាហានថៃបានចូលមកចាប់ខ្លួនកងកម្លាំងកម្ពុជាដោយខុសច្បាប់ ក្រោយបទឈប់បាញ់ចូលជាធរមានភ្លាមៗនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០២៥។គិតមកដល់ពេលនេះមានរយៈពេល២០ថ្ងៃ ២៣ម៉ោង និង ១០នាទីគិតត្រឹមម៉ោង៧,០០នាទីព្រឹកថ្ងៃទី១៩ ខែ សីហា ឆ្នាំ២០២៥នេះ។ក្រសួងការពារជាតិ កងទ័ពកម្ពុជា និងសហគមន៍អន្តរជាតិបន្តការទាមទារ រហូតដល់ថៃបំពេញកាតព្វកិច្ចរបស់ខ្លួនដោយព្រមប្រគល់មកវិញនូវកងកម្លាំងកម្ពុជាទាំង១៨រូបមកវិញក្រោមច្បាប់អន្តរជាតិ។ហើយយើងមិនទុកឱ្យសមាជិកក្រុមគ្រួសារយើងណាម្នាក់ចោលដោយឯកកោនោះទេ។

លោកស្រី​ឧត្តមសេនីយ៍ឯក​ ម៉ាលី​ សុជាតា​ បានអះអាងថា​ គិតចាប់ពីម៉ោង១២រំលងអធ្រាត្រ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ មកដល់វេលាម៉ោង ៦,០០នាទីព្រឹកនេះ សភាពការណ៍នៅតាមខ្សែបន្ទាត់ព្រំដែនយោធភូមិភាគទី៤ និង យោធភូមិភាគទី៥ ស្ថិតនៅ ខេត្តព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យមានសភាពស្ងប់ស្ងាត់ធម្មតា។ កងកម្លាំងរបស់កម្ពុជាកំពុងស្ថិតនៅក្នុងការប្រយ័ត្នប្រយែងខ្ពស់ជានិច្ច និងបំពេញតួនាទីរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនបំផុតក្នុងកិច្ចការពារអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។

កងកម្លាំងកម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់ ខ្ជាប់ខ្ជួននូវបទឈប់បាញ់ដែលសម្រេចបានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងគោលការណ៍ឯកភាពទាំង១៣ ចំណុចនៅក្នុងកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ ២០២៥ដែលមានអ្នកចូលរួមសង្កេតការណ៍៣ប្រទេស គឺប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិន ។

...

បន្ថែមពីនេះ​ លោកស្រី​អ្នកនាំពាក្យរូបនេះ​ ក៏បានថ្លែងដោយបញ្ជាក់បន្ថែមថា រាជរដ្ឋភិបាលកម្ពុជា កងកម្លាំងកងទ័ពកម្ពុជា ពលរដ្ឋកម្ពុជារួមគ្នាជាធ្លុងមួយក្នុងកិច្ចការពារទឹកដី សេចក្តីថ្លៃថ្នូរ និងការពារអធិបតេយ្យភាពរបស់ខ្លួនយ៉ាងម៉ឺងម៉ាត់ច្បាស់លាស់បំផុត។ការអនុវត្តបទឈប់បាញ់បានលេញរបស់ភាគី ទាំងសងខាងនឹងធ្វើឱ្យបរិយាកាស មានភាពអំណោយផលឆ្ពោះមកវិញនូវសន្តិភាព ស្ថេរភាព និងប្រក្រតីភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលអ្វីមិនត្រឹមតែប្រជាជនយើងទាំងពីរចប់បានប៉ុណ្ណោះទេ ប៉ុន្តែពិភពលោកទាំងមូលក៏ចង់ឃើញផងដែរ៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print